អ៊ីតាលី ស្រក់​ទឹកភ្នែក ក្រោយ​ធ្លាក់​ចេញពី World Cup ក្រោម​ស្នាដៃ ស៊ុយអែត

ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​បួន​សម័យកាល អ៊ីតាលី បាន​ខកខាន​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី1 ចាប់តាំងពី​ឆ្នាំ1958 ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​កាលពី​ថ្ងៃ​ចន្ទ។

លទ្ធផល​នេះ​មានន័យថា ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែលមាន​រហស្សនាម​ថា Azzurri នឹងមិន​បានបង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី2ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ក្រោយពី​បាន​បដិសេធ​មិន​ចូលរួម​លេង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​លើក​ទី1 កាលពី​ឆ្នាំ1930។ គ្រាប់​បាល់​បញ្ចូល​ទី1គ្រាប់​របស់​ខ្សែបម្រើ Jakob Johansson របស់​ស៊ុយអែត​កាលពី​ការប្រកួត​ជើង​ទី1 បាន​ក្លាយជា​គ្រាប់​បាល់​កាត់សេចក្តី ខណៈដែល​ការប្រកួត​ជើង​ទី2នៅ​កីឡដ្ឋាន San Siro នាទី​ក្រុង Milan បានបញ្ចប់​ដោយ​មិនមាន​ក្រុម​ណា​អាច​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ឡើយ។ បើទោះបី​ស្ថិតនៅ​ចំពោះមុខ​អ្នកគាំទ្រ​ដល់​ទៅ 74,000នាក់ ​នា​កីឡដ្ឋាន San Siro ក៏ដោយ ប៉ុន្តែ​ម្ចាស់​ជើងឯក World Cup ឆ្នាំ2006 មួយ​នេះ មិនបាន​រកឃើញ​ផ្លូវ​ទៅ​វគ្គ​បន្ត​បានឡើយ។ លទ្ធផល​នេះ​ក៏​បង្ហាញ​ពី​ការបញ្ចប់​យុគសម័យ​កាល​មួយ​សម្រាប់​អ្នកចាំទី​ជើងចាស់ Gianluigi Buffon ដែល​នឹង​មិនអាច​ចូល​ប្រកួត​ក្នុង World Cup ជា​លើក​ទី6របស់គេ​បានឡើយ។ ស្ថិតក្នុង​វ័យ39ឆ្នាំ Buffon ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរជាតិ 175លើក ធ្លាប់បាន​ប្រកាសថា ជុំ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី នឹង​ក្លាយ​ជាការ​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​របស់គេ​ក្នុងនាម​ជា​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ។

Buffon បាន​និយាយ​ទាំង​ទឹកភ្នែក​ថា៖ «ខ្ញុំ​សោកស្តាយ​មិនមែន​សម្រាប់តែ​ខ្ញុំ​ឡើយ ប៉ុន្តែ​សម្រាប់​រាល់​កីឡាករ​យើង​ទាំងអស់ ពីព្រោះ​យើង​បាន​បរាជ័យ និង​សូម្បីតែ​ក្នុង​កម្រិត​សង្គម លទ្ធផល​នេះ​ក៏​អាច​សំខាន់​ផងដែរ»៕

ប្រភពពី៖ BBC

Advertisement