ចិន​សន្យា​ជំរុញ​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ឱ្យ​ឆាប់​ចេញ​ជា​រូបរាង

ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​កាន់តែ​បង្កើន​កិច្ចសហប្រតិបត្ដិការ​រ​វាង​កម្ពុជា-ចិន ភាគី​ចិន​បាន​សន្យា​នឹង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ឱ្យបាន​ឆាប់រហ័ស។

ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ឯកឧត្តម លី កឺ​ឈៀង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017 ភាគី​ចិន​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ និង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​កិច្ចសហប្រតិបត្ដិការ និង​ភាព​ទុក​ចិ​ត្ដ​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​មិ​ត្ដ​ចាស់ និង​បន្ដ​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ស្អិតល្មួត និង​ជា ពិសេស​ភាគី​ចិន​បាន​សន្យាថា នឹង​ព​ន្លឿ​ន​លើ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ឱ្យបាន​ឆាប់រហ័ស។

ឯកឧត្តម លី កឺ​ឈៀង បាន​លើកឡើងថា ទំនាក់ទំនង​កម្ពុជា និង​ចិន​គឺ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ឋ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​រវាង​កម្ពុជា និង​ប្រទេស​ចិន ជាពិសេស​គឺ​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញា​រួមគ្នា​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត។

នៅក្នុង​ជំនួប​នេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ការអនុវត្ត​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ជាការ​ឆ្លើយតប ភាគី​ចិន​បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ការកសាង​ផ្លូវ​ល្បឿន​លឿន​នេះ​បា​នស​ម្រ​ច​ទៅ​ឆាប់រហ័ស ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា។

ក្រៅពីនេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ការដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដែលជា​មរតក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​រាប់​ទសវត្សរ៍​កន្លងមក​ហើយ។ ភាគី​ចិន​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ការដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​សកម្មភាព​អាទិភាព​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ប្រទេស​នានា​ដែល​កំពុង​ជួបប្រទះ​បញ្ហា​នេះ។

ជាងនេះទៅទៀត ចិន​បាន​សន្យាថា នឹង​ជួយ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស និង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង​ហើយ​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ និង​សម្រេច​ឱ្យបាន​មុនពេល​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ការរីករាយ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មិត្ត​ចិន​ដែល​បានចាត់ទុក​កម្ពុជា​ជា​មិត្ត​ចាស់​ប្រកបដោយ​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំងបំផុត។

កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង​លើក​ទី2 នៅ​រាជធានី​ភ្នំពេញ​នា​ខែមករា ឆ្នាំ2018 ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី កឺ​ឈៀង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផង និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ដើម្បី​បើក​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​មិត្ត​ភាពល្អ​រវាង​ប្រទេស​ទាំងពីរ ស្របពេល​នៃ​ខួប​អនុស្សាវរីយ៍​ទី60 ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន៕

Advertisement