រួម​ប្រយោគល្អៗ ដែល​ស្វាមី-ភរិយា​គួរ​និយាយ​ឱ្យបាន​រត់មាត់ ដើម្បី​ជីវិត​គូ​យូរអង្វែង

ពាក្យ​ថា “បង​ស្រឡាញ់​អូន ឬ​អូន​ស្រឡាញ់​បង” ជា​ពាក្យសម្ដីងាយៗដែល​គូស្នេហ៍​គួរ​និយាយប្រាប់​គ្នា​ឱ្យបាន​រៀងរាល់ថ្ងៃ ព្រោះ​វា​នឹង​សាង​នូវអារម្មណ៍ល្អៗចំពោះ​គ្នា​ទៅវិញទៅមក តែ​ត្រឹមតែ​ពាក្យ3ម៉ាត់​នេះ អាច​នឹង​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ​ជីវិត​ជះ​ពន្លឺ​នៃ​សេចក្តីសុខ​សុភមង្គល​រហូត​ពេញ​មួយជីវិត​អាពាហ៍ពិពាហ៍​បានឡើយ ដូច្នេះហើយ​ទើប​អ្នកជំនាញការ​រឿង​ជីវិត​និង​សុភមង្គល​បាន​ណែនាំ​ថា គូ​ស្វាមី-ភរិយា​គួរ​ពោល​ពាក្យសម្ដីសំខាន់ៗ 10ប្រយោគ​ខាងក្រោម​នេះ​ជាមួយគ្នា​ឱ្យបាន​រត់មាត់ បើ​និយាយបាន​រាល់ថ្ងៃ​ផង​រឹតតែ​ល្អ​ទៅទៀត។

1- បង(អូន)សំណាងល្អ​ណាស់​ដែល​បាន​រៀបការ​ជាមួយ​អូន(បង)យើង​គ្រប់គ្នា​ចង់បាន​ការអះអាង និង​ចូលចិត្ត​ពាក្យ​សរសើរ​ពី​គូស្នេហ៍ ហើយនឹង​រឹត-តែ​រំភើបចិត្ត​រហូត​ស្ទើរតែ​ហោះ​ទៅទៀត​បើសិនជា​ស្វាមី ឬ​ភរិយា​របស់​យើងម្នាក់ៗមាន​អារម្មណ៍​ថា ការសម្រេចចិត្ត​ប្រើ​ជីវិត​ត​ទៅមុខទៀត​ទាំងអស់​រស់នៅ​ជាមួយនឹង​យើង គឺជា​ការសម្រេចចិត្ត​ដែល​ត្រឹមត្រូវ​បំផុត​នោះ។

2- ឱ្យ​បង(អូន)ជួយ​អី្វ​ខ្លះ​ទេ?គូស្នេហ៍​ដែល​រៀបការ​ហើយ​កន្លះ​សតវត្សរ៍ ឬ​ច្រើនជាង​នោះ គេ​នឹងមិន​ព្យាយាម​ធ្វើខ្លួន​ជា “អ្នក​ប្រយុទ្ធ​ជិះ​សេះស” ដែល​ចូលមក​ជ្រៀតជ្រែក ប្រាប់​ឱ្យ​គូស្នេហ៍​ធ្វើបែបនេះ​បែប​នោះ​ដើម្បី​កែប​ញ្ហា ឬ​ធ្វើខ្លួន​ដូច​ថា “គឺ​ខ្ញុំ​នេះឯង​ដែល​អាច​កែខៃ​បញ្ហា​គ្រប់បែបយ៉ាង”បាន​ទាំងអស់​នោះទេ ព្រោះ​អ្វីដែល​គូជីវិត​របស់​អ្នក​ចង់បាន​ពិតប្រាកដ​នោះ​គឺ នៅចាំ​ស្ដាប់​គេ​យ៉ាង​យល់ចិត្ត ដោយ​អ្នក​គ្រាន់តែ​និយាយថា “បង(អូន)នៅ​ក្បែរ​អូន(បង)ជានិច្ច” ឬ “មាន​អី្វ​ចង់ឱ្យ​បង(អូន)ជួយ ក៏​ប្រាប់​មក​ណា៎” វា​នឹង
មាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​ទៅ​និយាយថា “នែ ត្រូវធ្វើ​អី​ុ​ចេះ​ណា៎!”។

3- បង(អូន)ត្រូវការ​អូន(បង)ប្រាប់​ឱ្យ​គូជីវិត​ដឹងថា អ្នកត្រូវការ​រូបគេ​ខ្លាំង​ប៉ុនណា​លើគ្រប់ៗផ្នែក រួមទាំង​រឿង​លើ​គ្រែ​ផងដែរ រួចហើយ​ភ្លើង​ប្រាថ្នា​របស់​អ្នក​ទាំងពីរ​នឹង​ឆេះ​ព្រឹប​ឡើង​ម្ដងទៀត…។

4- អូន(បង)គិត​យ៉ាងណាដែរ?ប្រយោគងាយៗ តែមាន​ថាមពល​ខ្លាំងក្លា​យ៉ាង​មិនគួរ​ឱ្យ​ជឿ ជាពិសេស​ពេល​ពិភាក្សាគ្នា​យ៉ាង​ក្ដៅគគុក សម្ដី​នេះ​នឹង​កាត់បន្ថយ​ភាពខ្លាំង​ក្លា​បាន ព្រោះ​វា​ជាការ​បបួល​ឱ្យ​ស្វាមី ឬ​ភរិយា​សម្ដែង​គំនិត​យោបល់ និង​ប្រាប់​ឱ្យគេ​ដឹងថា អ្នក​នៅតែ​ផ្តល់​ភាព​សំខាន់​ចំពោះ​គំនិត​របស់គេ​យ៉ាងខ្លាំង​ជានិច្ច។

5- បើសិន​គ្មាន​បង(អូន) អូន(បង)មិនដឹង​ទៅជា​យ៉ាងណាទេ?នៅពេលដែល​អ្នក​កំពុង​ស្ថិតក្នុង​ស្ថានការណ៍​សោកសៅ ឬ​កំពុង​ប្រឈម​នឹង​បញ្ហាសំខាន់​ក្នុង​ជីវិត ហើយ​មាន​អារម្មណ៍ល្អ​ឡើងវិញ​ដែលមាន​គេ(នាង)នៅក្បែរ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នកជា​និច្ច​នោះ ចូរ​កុំ​ភ្លេច​អរគុណ​គេ(នាង)ដោយ​ប្រយោគ​នេះ ដើម្បី​ឱ្យគេ(នាង)បានដឹងថា គេ(នាង)គឺជា​កម្លាំង​ជំរុញ​ដ៏​អស្ចារ្យ ធ្វើឱ្យ​អ្នកមាន​សេចក្តីសុខ និង​ធ្វើឱ្យ​អ្នក​រំភើបចិត្ត​មែនទែន។

6- បង​ស្រស់​សង្ហា / អូន​ពិតជា​ស្អាត​មែនទោះជា​មនុស្ស​យើង​មិនបាន​សេពគប់​គ្នា​លើ​មុខមាត់ ឬ​រូបរាង​ខាងក្រៅ​ក៏ដោយតែ​ក៏​មិនអាច​បដិសេធ​បានដែរ​ថា យើង​ខ្លួនឯង​ក៏មាន​អារម្មណ៍ល្អ​ដែរ ពេលដែល​គូជីវិត​សរសើរ​ពី​រូបរាង​មុខមាត់​របស់​យើង ដែល​ពាក្យ​សរសើរ​
បន្តិចបន្តួច​ទាំងនេះ ដូចជា “បង​ចូលចិត្ត​ពេល​អូន​ស្លៀក​ឈុត​ហ្នឹង​មែនទែន” ឬ “បង​ឯង​ស្លៀក​ឈុត​ហ្នឹងហើយ សង្ហា​មែនទែន” ក៏​ធ្វើឱ្យ​គូជីវិត​របស់​អ្នកមាន​អារម្មណ៍​រំភើប​សឹងតែ​ហោះ​បានដែរ ទោះជា​រៀបការ​គ្នា​មក​យូរ​ឆ្នាំ​ហើយក៏​ដោយ។

7- សូមទោស​ណា៎!តើ​អ្នក​បាន​និយាយ​ពាក្យ​មួយ​ប្រយោគ​នេះ​លើកចុងក្រោយ​ជាមួយ​គូជីវិត​នៅពេលណា​ដែរ? សម័យនេះ​យើង​បានឮ​ពាក្យ​ថា សំ​ុ​ទោស​កាន់តែ​តិច​ទៅហើយ ព្រោះ​មនុស្ស​យើង​ច្រើនតែ​ព្យាយាម​រក្សា​ចរិតលក្ខណៈ​ខ្លួនឯង​ឱ្យ​មើលទៅ​ឃើញ​ល្អ និង​មិនសូវ​ជា​ព្រម​ទទួលស្គាល់​ចំពោះ​អ្វីដែល​ខ្លួនឯង​បានធ្វើ​ខុសឆ្គង​ប៉ុន្មាន​ឡើយ តែ​ចូរ​ចាំ​ទុក​ថា… ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​សុខដុម​រលូន​ល្អ គូស្នេហ៍​ត្រូវ​មិន​វាយឫក​ដាក់គ្នា​នោះឡើយ ពេលធ្វើ​ខុស​ក៏ត្រូវ​សូមទោស និង​ទទួលស្គាល់​ចំណុច​ខុសឆ្គង​ចំពោះ​គ្នា​ទៅវិញទៅមក ទើប​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង។

8- និយាយ​ឱ្យ​បង(អូន)ស្ដាប់​ផង​មើល៍បើ​គូស្នេហ៍​បាន​ទៅ​ជួប​រឿងរ៉ាវ​ដ៏​គួរឱ្យ​រំភើប​ញាប់​ញ័រ​ណាមួយ ឬ​ទើបតែ​ត្រឡប់​មកពី​ដើរលេង​កម្សាន្ត​នោះ ចូរ​សាកល្បង​សុំឱ្យ​គេ​រៀបរាប់​ឱ្យស្ដាប់​បែប​មិនបាច់​និយាយ​កាត់ ឬ​លូក​មាត់​ម្ដង​ទៅ​មើល។ ចង់​រឿង​តូច រឿង​ធំ ឬ​រឿង​ណាមួយ​ក៏ដោយ ចូរ​សម្ដែង​ឱ្យគេ​ដឹងថា យើង​កំពុងតែ​យកចិត្តទុកដាក់​ស្ដាប់​នូវ​អ្វីដែល​គេ​រៀបរាប់​ប្រាប់​នោះ តែ​ប៉ុណ្ណឹង​គេ​ក៏​នឹង​ពេញចិត្ត​បាត់ទៅហើយ។

9- អូន(បង)ឯង​និយាយ​ត្រូវ​ហើយ បង(អូន)ខុស​ខ្លួនឯងនៅពេល​បញ្ហា​បាន​ធូរស្រាល​ឡើង​ហើយ ប្រយោគ​នេះ​នឹងធ្វើ​ឱ្យគេ​ស្ដាប់ឮ​ហើយ​មាន​អារម្មណ៍ល្អ​ខ្លាំង​បំផុត និង​ភ្លេច​រឿងរ៉ាវ​ដែល​បាន​ឈ្លោះ​គ្នា​ពីមុនមក​សឹងតែ​ទាំងអស់ ដូច្នេះ​ចូរ​ព្យាយាម​និយាយ​ប្រយោគ​នេះ​ឱ្យបាន​ញឹកញាប់ ទោះជា​ក្នុង​ចិត្ត​របស់​អ្នក​អាច​គិតថា គេ​ខុស ហើយ​យើង​ត្រូវ​ក៏ដោយ។

10- មិន​អី​ទេ បង(អូន)អត់​ទោស​ឱ្យមនុស្ស​យើង នរណាៗក៏​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ដែរ អ្នក​ខ្លួនឯង​ក៏​ដូចគ្នា​ដែរ! ដូច្នេះ​ការដែល​អ្នក​អត់​ទោស​ឱ្យគេ វា​គឺជា​​កាដូ​អនុស្សាវរីយ៍​ដ៏​មានតម្លៃ​ខ្លាំង​បំផុត ទោះជា​អ្នក​នៅ​មិនទាន់​ចង់​លើកលែងទោស​ឱ្យគេ​ចេញពី​ដួងចិត្តពិតៗក៏ដោយ តែ​ចូរ​ចាំ​ទុក​ថា ការធ្វើ​ខ្លួន​យើ​ឱ្យ​ស្រឡះ​ផុតពី​ភាពឈឺចាប់ និង​ឈប់​រំឭក​ពី​រឿងរ៉ាវ​ដ៏​អាក្រក់​នោះ វា​នឹង​ជួយ​ឱ្យ​អ្នក​លែងមាន​អារម្មណ៍​តានតឹង និង​ជំរុញ​ឱ្យ​សម្ពន្ធភាព​គ្រួសារ​រលូន​ល្អ​ឡើងវិញ​ទៀតផង។ ដូច្នេះ រឿង​អ្វីដែល​អាច​ចុះចាញ់​បាន ក៏​ធ្វើចាញ់ៗទៅ​ចុះ​ណា៎ ឡា​រ៉ែ​ន​ សូម​ផ្ដាំ…៕

Advertisement