8វិធីងាយៗ ការពារ​ការ​ប្រសូត​មុន​កំណត់

ស្ត្រី​តាំង​គភ៌​ថ្មីថ្មោង ឬ​តាំង​គភ៌​កូន​ដំបូង អាច​នឹង​នឹកភ័យៗថា កូន​អាច​នឹង​ប្រសូត​ចេញមក​មុន​កាលកំណត់​នៅពេលដែល​អាយុ​គភ៌​ឈានចូល​ត្រីមាស​ទី3 តែ​អនាគត​អ្នក​ម្ដាយ​ថ្មោងថ្មី​ទាំងអស់​មិនបាច់​បារម្ភ​ទេ ថ្ងៃនេះ ឡា​រ៉ែ​ន មាន8វិធី កា​រពារ​ការ​ប្រសូត​មុន​កាលកំណត់​មក​ជម្រាបជូន​ដូចតទៅ។

1-ទទួលទាន​ញឹកញាប់
អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការទទួល​ទាន​អាហារ​ឱ្យ​គ្រប់​ទាំង5ប្រភេទ​ក្រុម​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​អនាគត​អ្នក​ម្ដាយ​គួរ​ទទួលទាន​ឱ្យបាន​ញឹកញាប់​ជា​មធ្យម​ប្រមាណ5ដង​ក្នុង​មួយថ្ងៃ ដោយ​ទទួលទាន​អាហារ​ចម្បង3ពេល និង​អាហារ​បន្ទាប់បន្សំ2ពេល​ទៀត​គឺ អាហារ​ពេលទំនេរ ឬ​មិន​ទេ​ក៏​ទទួលទាន​អាហារ​ពេលតូចៗ 5ពេល​តែម្ដង។ បើ​ធ្វើបាន​បែបនេះ នឹង​កាត់បន្ថយ​ឱកាស​ការ​ប្រសូត​មុន​កាលកំណត់​បាន។

2-ទ្រាំ​មិន​បត់ជើងតូច
ការ​ទប់ ឬ​ការ​ខំទ្រាំ​មិន​ព្រមទៅ​បត់ជើងតូច ក្រៅពី​សាង​នូវ​ភាពមិន​ស្រួល​សប្បាយខ្លួន​ហើយ​នោះ វា​អាចធ្វើឱ្យ​កើតការ​ឆ្លង​មេរោគ​នៅក្នុង​ប្លោកនោម​បាន​ទៀត។ អា​ការដែល​សង្កេតឃើញ​អាចជា​ការ​សាង​នូវ​ការ​រលាក​ដល់​ស្បូន និង​ធ្វើឱ្យ​ស្បូន​ច្របាច់​ខ្លួន​ញឹកញាប់ និង​ក្រៅពីនេះ​នៅ​អាចធ្វើឱ្យ​រលាក​ប្លោកនោម​បាន​ទៀតផង។

3-ព្យាបាល​រោគ​រលាក​ស្បូន
ប្រសិនបើ​អ្នកមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតរោគ​រលាក​ស្បូន គួរ​ប្រញាប់​ទៅ​ព្យាបាល​ជាបន្ទាន់។ សាកល្បង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ថាតើ​ការ​ទទួលទាន​ថ្នាំ​នឹង​ស័ក្តិសម​ចំពោះ​អ្នក​ឬទេ? ព្រោះ​ការស្រាវជ្រាវ​មួយផ្នែក​បានបញ្ជាក់​ថា ស្ត្រី​ដែល​កើតរោគ​រលាក​ស្បូន បើ​បានទទួលការព្យាបាល​ដោយ​ការទទួល​ទាន​ថ្នាំ​បដិបក្ខប្រាណ( Antibiotic) អាច​បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុងការ​ប្រសូត​មុន​កាលកំណត់​បាន តែ​ក៏មាន​ការងារ​ស្រាវជ្រាវ​មួយទៀត​ដែល​ជំទាស់​ថា ស្ត្រី​ដែល​កើតរោគ​រលាក​ស្បូន​ត្រូវតែ​ទទួលបាន​ការព្យាបាល​យ៉ាង​ដិតដល់ ទើប​អាចជួយ​កាត់បន្ថយ​ឱកាស​ប្រសូត​បុត្រ​មុន​កំណត់​បាន តែ​យ៉ាងណាក៏ដោយ គ្រូពេទ្យ​របស់​អ្នក​គឺជា​អ្នកផ្ដល់​ចម្លើយ​បានល្អ​បំផុត។

4-សុខភាព​មាត់​ធ្មេញ
ការមើល​ថែទាំ​អនាម័យ​របស់​ប្រអប់មាត់​ជា​វិធីដំបូងៗគេ​ដែល​ងាយស្រួល​បំផុត និង​ល្អ​បំផុត​ដែល​អាចជួយ​ការពារ​ការ​ប្រសូត​បុត្រ​មុន​កាលកំណត់​បាន។ រោគ​រលាក​អញ្ចាញធ្មេញ​ជា​មូលហេតុ​មួយ​របស់​ការ​ប្រសូត​មុន​កំណត់ ដូច្នេះ​ទើប​ស្ត្រី​មានគភ៌​ត្រូវ​ដុស​សម្អាត​ធ្មេញ ប្រើ​អំបោះ​ខាត់​ធ្មេញ និង​ទៅ​ជួប​ទន្តពេទ្យ​យ៉ាងតិច​បំផុត​ឱ្យបាន1ដង​ក្នុងអំឡុងពេល​មានគភ៌ ក្រៅពីនេះ​បើសិន​មាន​អាការ​អ្វីមួយ​ខុស​ប្រក្រតី​សូម្បីតែ​បន្តិចបន្តួច​ក៏ដោយ ក៏​គួរ​ប្រញាប់​ព្យាបាល​ថែរក្សា​ឱ្យ​ប្រក្រតី​ឡើងវិញ​មុនពេល​វា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

5-ទទួលទាន​វីតាមីន​សម្រាប់​ស្ត្រី​មានគភ៌
វីតាមីន​ក្នុងអំឡុងពេល​មានគភ៌ មិនមែន​គ្រាន់តែ​ធ្វើឱ្យ​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​រឹងមាំ​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ជួយ​ឱ្យស្ត្រី​ជា​ម្ដាយ​បង្កើន​ឱកាស​ពពោះ​បាន​រហូតដល់​គ្រប់​កំណត់​ប្រសូត​បាន​ទៀតផង។ ការ​ទទួលទាន​វីតាមីន​មិនអាច​នាំមក​ប្រើ​ជំនួស​ការទទួល​ទានអាហារ​ដែល​គ្រប់​ទាំង5ប្រភេទ​ក្រុម​បានទេ តែ​វា​អាច​សាង​នូវ​ភាពសប្បាយ​ចិត្តបាន​ថា ក្នុងមួយថ្ងៃៗអ្នក​បានទទួល​សារធាតុ​អាហារ​គ្រប់​ចំនួន​ហើយ។

6-ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
ព្យាយាម​ទទួលទាន​ទឹក​ក្នុង​មួយថ្ងៃ​ឱ្យបាន8កែវ បើ​ធាតុអាកាស​ក្ដៅ ឬ​បាន​ហាត់ប្រាណ​ផង​នោះ ក៏​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើនឡើង ដើម្បី​រក្សា​ភាព​ស្រស់បស់​របស់​រាង​កាយ និង​បង្កើន​ឱកាស​ឱ្យ​អ្នក​ពពោះ​បាន​រហូតដល់​គ្រប់​កំណត់​ប្រសូត ព្រោះ​បើ​អ្នក​ខ្វះ​ជាតិ​ទឹក នឹង​ធ្វើឱ្យ​កើតការ​ឈឺពោះ​ប្រសូត​មុន​កាលកំណត់​បាន។

7-ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍
ការទទួល​ទាន​អាហារ​ដែលមាន​ប្រយោជន៍ មាន​ផល​ល្អ​ចំពោះ​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ក្រៅពីនេះ​នៅមាន​ហេតុផល​មួយទៀត​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ ការទទួល​ទាន​អាហារ​ដែលមាន​សមតុល្យ ជួយ​ការពារ​ការ​ប្រសូត​មុន​កាលកំណត់​បាន។

8-ប្រយ័ត្ន​ទម្ងន់​ខ្លួន
ការកើនឡើង​នៃ​ទម្ងន់​ខ្លួន​ក្នុងអំឡុងពេល​តាំង​គភ៌​ច្រើន​ជ្រុល​ពេក នឹង​បង្កើន​ភាព​ប្រថុយប្រថាន​នឹង​ជំងឺ​ទឹកនោមផ្អែម និង​គភ៌​មាន​ជាតិពុល ដែល​រោគ​ទាំងពីរ​នេះ​សុទ្ធតែជា​ដើមហេតុ​ដែល​ប​ង្ក​ឱ្យ​កើត​សភាវ​ប្រសូត​មុន​កំណត់​ទាំងអស់។ ក្នុង​ផ្លូវ​ផ្ទុយគ្នា​វិញ បើ​ស្ត្រី​មានគភ៌​កើន​ទម្ងន់​ខ្លួន​តែ​បន្តិចបន្តួច​វិញ​នោះ ក៏​អាច​បង្កើន​បច្ច័យ​ប្រថុយប្រថាន​ឱ្យ​អនាគត​អ្នក​ម្ដាយ​ប្រសូត​មុន​កាលកំណត់​បានដែរ ដូច្នេះ​ទម្ងន់​ខ្លួន​ខណៈពេល​មានគភ៌​គួរ​កើនឡើង​ក្នុង​កម្រិត​ដែល​ស័ក្តិ​សមល្មម ដោយ​ជា​មធ្យម​គឺ​ស្ថិតក្នុង​ទម្ងន់11.3 – 15.8គីឡូក្រាមដោយ​ទម្ងន់​ខ្លួន​ដែល​កើនឡើង​ក្នុង​កម្រិត​សមរម្យ​ល្អ​នេះ​នឹងមាន​សញ្ញា​ល្អ​ថា អ្នកនឹង​ប្រសូត​បុត្រ​ចេញមក​ដែលមាន​ទម្ងន់​ប្រក្រតី​ល្អ​នៅពេល​គ្រប់​កំណត់​ប្រសូត​ទៀតផង៕

Advertisement