Eriksen រកបាន3គ្រាប់ នាំ​ដា​ណឺ​ម៉ាក​ទម្លាក់​អៀរ​ឡង់ ទៅ World Cup

ក្រុមបាល់ទាត់​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ បាន​ខកខាន​ក្នុង​ការឈាន​ទៅកាន់​យុទ្ធនាការ World Cup ខណៈដែល​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី3គ្រាប់​របស់​ខ្សែប្រយុទ្ធ Christian Eriksen បាន​ជួយ​ឲ្យ​ក្រុម​ដា​ណឺ​ម៉ាក កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 5-1 ក្នុងការ​ប្រកួត​វគ្គ Playoff ជើង​ទី2 ដើម្បី​ឈានទៅ​កាន់​ប្រទេស​រុស្ស៊ី ឆ្នាំ2018។

ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ជើង​ទី1 កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ម្ចាស់ផ្ទះ​បានចាប់ផ្តើម​យ៉ាង​ល្អ​តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី6 ខណៈដែល​ខ្សែការពារ Shane Duffy បានតែ​តបាល់​ដើម្បី​រក​គ្រាប់​បាល់​ជា​អន្តរជាតិ​លើក​ទី2របស់គេ។ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​វិញ​ក្នុង​ចន្លោះពេល​ត្រឹមតែ3នាទី​ក្នុង​តង់​ទី1 តាមរយៈ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Cyrus Christie និង​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Eriksen។ ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក រកបាន3គ្រាប់​បន្ថែមទៀត​ក្នុង​តង់​ទី2 ក្នុងនោះ Eriksen រកបាន2គ្រាប់​បន្ថែមទៀត ដើម្បី​បំពេញ​ការ​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅកាន់​ប្រទេស​រុស្ស៊ី​តែម្តង។

Eriksen បាន​ឲ្យ​ដឹងថា៖ «វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ។ យើង​បានធ្វើ​ការប្រយុទ្ធ​អស់​រយៈពេល​ដ៏​យូរអង្វែង​ដើម្បី​ឈានទៅ​កាន់ World Cup។ យើង​ពិតជា​កំពុងតែ​សម្លឹង​ឆ្ពោះទៅមុខ។ វា​មិន​ញឹកញាប់​ឡើយ​ដែល​ខ្ញុំ​រកបាន3គ្រាប់ ហេតុនេះ​វា​ពិតជា​អស្ចារ្យ​ណាស់»។ ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​បែលហ្ស៊ិក អាល្លឺម៉ង់ អង់គ្លេស អេ​ស្ប៉ា​ញ ប៉ូឡូញ អ៊ី​ស្លង់ ស៊ែ​ប៊ី ព័រ​ទុយ​ហ្គា​ល់ បារាំង ស្វ៊ី​ស ក្រូ​អាស៊ី និង​ស៊ុយអែត ក្នុងនាម​ជា​ក្រុម​តំណាង​ឲ្យ​អឺរ៉ុប​ទៅកាន់ World Cup៕

ប្រភពពី៖ BBC

Advertisement