អង់គ្លេស ផ្តល់​ការខកចិត្ត​ដល់​ប្រេ​ស៊ី​ល ខណៈ​នី​ហ្សេ​រី​យ៉ា លត់​អា​ហ្ស​ង់​ទីន ចាស់ដៃ

ខ្សែប្រយុទ្ធ Neymar និង​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល​របស់គេ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ យ៉ាង​ខកចិត្ត ក្រោយ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ​ពី​សំណាក់​ក្រុម​ដែល​ប្រជុំ​ដោយ​កីឡាករ​គ្មាន​បទពិសោធ អង់គ្លេស ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃ​អង្គារ នា​កីឡដ្ឋាន Wembley។

គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Tite បាន​ប្រើប្រាស់​កីឡាករ​ក្នុង​ជម្រើស​ដំបូង​របស់លោក​ទាំងស្រុង ប៉ុន្តែ បើទោះបី​មាន​វត្តមាន​តារា​ឆ្នើម Neymar, Gabriel Jesus និង Philippe Coutinho ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​ក៏ដោយ ក៏​ពួកគេ​បានត្រឹមតែ​បង្កើត​ឱកាស​ស៊ុត​សំដៅ​ទី​របស់​អ្នកចាំទី​អង់គ្លេស Joe Hart ត្រឹមតែ3លើក​ប៉ុណ្ណោះ។ សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Gareth Southgate ដែល​បាន​អវត្តមាន​តារាឆ្នើមៗជាច្រើន​ដូចជា Harry Kane, Dele Alli និង Raheem Sterling ដោយសារតែ​បញ្ហា​របួស​ម្តងទៀត​នោះ។ វា​ជាការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​លើក​ទី2ជាប់ៗគ្នា ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ​ម្ដង​រួចមក។ លោក Southgate បាន​ប្រាប់​ទូរទស្សន៍ ITV ថា៖ «ទាក់ទង​នឹង​ស្មារតី និង​ភាពរឹងមាំ​វិញ ក្រុម​របស់​យើង​បានបង្ហាញ​ឲ្យ​ឃើញ​នៅលើ​ទីលាន​ហើយ។ យើង​បាន​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​បំផុត 2ក្រុម​ក្នុង​ពិភពលោក និង​បាន​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ទាំង​ពីរលើក»។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Alex Iwobi របស់​ក្លិប Arsenal បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា បាន​វាយបក​ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុង​លទ្ធផល 4-2 ក្នុង​ទីក្រុង Krasnodar កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយពី​បាន​ចុះខ្សោយ​កម្លាំង​ខ្លាំង​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់។ លោក Jorge Sampaoli គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ឲ្យ​ដឹងថា៖ «យើង​លេង​បាន​យ៉ាង​ល្អ​ក្នុង​តង់​ទី1 ប៉ុន្តែអ្វីៗមានការ​ប្រែប្រួល​បន្ទាប់​ពី​នោះមក»៕

ប្រភពពី៖ Sport24

Advertisement