ឯកឧត្តម ជា សុផារ៉ា៖ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ ពិតជា​ជួយ​អ្នកមាន​ចំណូល​ទាប​មែន

ភ្នំពេញ – ខណៈ​តម្រូវការ​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្លាំង អាជ្ញាធរ​នៃ​ក្រសួង​បាន​លើកឡើងថា ការបង្កើត​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​ចំណូល​ទាប និង​មធ្យម​ឱ្យមាន​លំនៅឋាន​រស់នៅ​សមរម្យ​ដូច​គេឯង។

ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា គម្រោង​នេះ​ពិតជា​ជួយ​ដល់​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​ដែលមាន​ក​ម្រិ​ត​ជីវភាព​ទាប និង​មធ្យម​អាចមាន​លទ្ធភាព​រក​ទិញ​លំនៅឋាន​នៅបាន​មែន។ ដោយ​ឯកឧត្ដម​បន្ដថា ចំពោះ​អ្នកមាន​លទ្ធភាព ចង់​ទៅរក​ទិញ​នៅ​កន្លែង​ណា​ក៏បាន តែ​ចំពោះ​អ្នកមាន​លទ្ធភាព​មធ្យម និង​ខ្វះ​លទ្ធភាព​វិញ មិន​ងាយ​មាន​ថវិកា​សម្រាប់​រក​ទិញ​លំនៅឋាន​បានទេ ព្រោះ​តម្លៃ​ផ្ទះ​ដែល​លក់​នៅក្នុង​គម្រោងនីមួយៗសុទ្ធតែ​មានតម្លៃថ្លៃៗ មាន​ខ្លះ​រហូតដល់15ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ល្វែង​ក៏មាន បើ​ខុន​ដូ​វិញ​មានតម្លៃ1លាន​ដុល្លារ​អាមេរិក​ចុះ​ដល់ 70ម៉ឺន​ឯណោះ។ បើ​តម្លៃថ្លៃៗបែបនេះ តើ​ពេលណា​ទើប​គាត់​មាន​ថវិកា​គ្រប់គ្រាន់​អាច​ទិញ​លំនៅឋាន​នៅបាន?។

រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សង្កត់ធ្ងន់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​មានន័យ​ពិតប្រាកដ​ក្នុងការ​បំពេញ​ទឹក​ចិ​ត្ដរបស់​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​ដែលមាន​ចំណូល​ទាប និង​មធ្យម ព្រោះ​បើ​ពួកគាត់​មាន​ប្រាក់​តិចតួច​អាចមក​សួរនាំ​ពី​គម្រោង​នេះ​បាន។ ផ្ទុយទៅវិញ​បើ​គាត់​មាន​ប្រាក់​តិចតួច គឺ​ពួកគាត់​ពិបាក​នឹង​ទៅ​សួរនាំ​រក​ទិញ​លំនៅឋាន​នៅក្នុង​គម្រោងធំៗបាន​ណាស់។

ឯកឧត្ដម ជា សុផារ៉ា បានលើកឡើង​ទៀតថា៖«សួរថា បើ​គាត់​មាន​លុយ​តិចតួច​អាច​ទៅ​សួរ​នៅក្នុង​គម្រោងធំៗបានទេ? ចម្លើយ​គឺ អត់​ទេ គេ​មិន​និយាយ​រក​ទេ គេ​ដាក់​ទូរស័ព្ទ​ចុះ​ដោយ​មិនបាច់​ជម្រាបលា​លោកពូ​អ្នក​មីង លោក​អ៊ុំ អី​នោះទេ»។ អ្វីដែល​ឯកឧត្ដម​លើកឡើង គឺជា​បទពិសោធ​ពិត​ផ្ទាល់ខ្លួន ដោយ​ឯកឧត្ដម​បន្ថែមថា៖«ខ្ញុំ​ធ្លាប់​ទទួល​ទូរស័ព្ទ​ពី​អ្នកលក់​គម្រោង​ច្រើន ឱ្យតែ​មាន​លេខ​ស្រួល​ចាំ គេ​ចេះតែ​តេ​មក។ គេ​សួរថា លោកពូ​មាន​ចាប់អារម្មណ៍​ចង់​ទិញ​ខុន​ដូអីៗទេ? ខ្ញុំ​ពិបាក​ឆ្លើយ​ទៅវិញ បើ​និយាយថា រវល់​វា​ដូច​មិន​សម ខ្ញុំ​ក៏​ប្រាប់ថា រកតែ​លុយ​បង់​ខែ​មុន​អត់​បាន​ផង​ហ្នឹង រក​ទិញ​ធ្វើ​អ្វី​ទៀត។ ពេល​នោះគេ​ក៏បាន​ដាក់​ទូរស័ព្ទ​ចុះ​ភ្លាម ដោយ​អត់​មាន​ជម្រាបលា​អី​នោះទេ»។ដូច្នេះហើយ​ទើប​ឯកឧត្ដម​ចាត់ទុកថា ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​គឺជា​ការបំពេញ​បំណងប្រាថ្នា​ចំ​គោលដៅ​ស្របតាម​អ្វីដែល​ប្រជាពលរដ្ឋ មន្ដ្រីរាជការ មាន​ចំណូល​ទាប និង​មធ្យម​ចង់បាន។

គួរ​បញ្ជាក់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន Arakawa ជា​គម្រោង​ទី3 ដែល​ធ្វើការ​អភិវឌ្ឍ  ខណៈ​គម្រោង​ទី1 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា សៀ ឫទ្ធី នៅ​ខាងត្បូង​រាជធានី និង​គម្រោង​ទី2 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ប៊ុន ចេ​ស្ទ នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ៕

Advertisement