រមណីយដ្ឋាន «ឋានសួគ៌​បូកគោ» នាំយក​ថវិកា​សប្បុរស​ធម៌​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

បន្ទាប់ពី​ប្រមូលបាន​ថវិកា​ពី​កម្មវិធី និង​មហា​ព្រឹត្តិការណ៍​សប្បុរសធម៌​លើក​ទី4 នៃ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ ដែល​ស្ថិតនៅលើ​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត កាលពី​ថ្ងៃទី 28-29 ខែតុលា ឆ្នាំ2017 កន្លង​ទៅនោះ នៅ​រសៀល​ថ្ងៃទី15 ខែវិច្ឆិកា ក្រុមហ៊ុន​បាន​នាំយក​ថវិកា​ចំនួន 4700 ដុល្លារ ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ។

តំណាងឱ្យ​ក្រុមហ៊ុន លោក កែវ សិទ្ធ នាយក​ផ្នែក​លក់បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តែងតែ​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌ គឺ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ​នៅលើ​ភ្នំ​បូកគោ ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែលជា​ក្តីសង្ឃឹម​របស់​កុមារ​ក្រីក្រ​កម្ពុជា។ នេះ​ជា​សកម្មភាព​លើក​ទី 4 ហើយ ដែល​ខាង​ឋានសួគ៌​បូកគោ បានរៀបចំ​សកម្មភាព​មហា​ព្រឹត្តិការណ៍​សប្បុរសធម៌​ដោយ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ ដើម្បី​ចូល​រួល​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​ការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​សណ្ឋាគារ​សុខា​ទាំងអស់ រួមជាមួយ​បណ្តា​ក្រុមហ៊ុន​ដៃគូ​សហការ​នានា​ផងដែរ ។

លោក​បាន​បន្តទៀតថា ៖ ជា​ការពិត​សម្រាប់​ថវិកា​ខាងលើនេះ វា​មាន​ចំនួន​តិច​ពិតមែន ប៉ុន្តែ​យ៉ាងហោចណាស់​ក៏បាន​ចូលរួមចំណែក និង​ជួយ សម្រាល​បន្ទុក​លើ​ការចំណាយ​ទាំងស្រុង​របស់​មន្ទីរពេទ្យ​ដែរ ។ ឆ្នាំនេះ​យើង​ប្រមូលបាន​ថវិកា​ចំនួន 4700 ដុល្លារ ហើយ​យើង​រំពឹងថា​ឆ្នាំក្រោយ​អាចមាន​ចំនួន​កើនឡើង​ច្រើនជាង​នេះ ដើម្បី​ជម្រុញ​ការជួយ​ដល់​កុមារ ដែលជា​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត ហើយ​វា​ក៏​ជា​គំរូ​មួយ​ដ៏​ល្អ​ដែល​បង្ហាញឱ្យឃើញ​ពី​សណ្តាន​ចិត្ត​ខ្មែរ​ចេះ​ជួយ​ខ្មែរ៕

Advertisement