អ៊ីតាលី បណ្តេញ​លោក Ventura ក្រោយ​ខកខាន​ការ​ឈ្នះ​កៅអី​ទៅ World Cup

សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បាន​បណ្តេញ​លោក Gian Piero Ventura ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ ក្រោយពី​បាន​រង​បរាជ័យ​ទាំង2ជើង​ក្នុង​លទ្ធផល 1-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុងការ​ប្រកួត​ជម្រុះ World Cup វគ្គ Playoff ដែល​បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក4សម័យកាល​មួយ​នេះ ខកខាន​ក្នុងការ​ឈានទៅ​ជុំ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1ក្នុង​រយៈពេល60ឆ្នាំ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​រាត្រី​ថ្ងៃ​ពុធ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បានប្រកាសថា រជ្ជកាល​នៃ​ការដឹកនាំ​រយៈពេល16ខែ​របស់លោក Ventura បានបញ្ចប់​ហើយ។ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ថា៖ «ក្នុង​ចំណុច​ទីមួយ​នៃ​របៀប​របស់​យើង លោក Carlo Tavecchio ដែលជា​ប្រធាន​សហព័ន្ធ បានធ្វើការ​ពិភាក្សា​ទៅលើ​ការសម្រេចចិត្ត​មួយ​របស់​គណៈកម្មការ​ដឹកនាំ ហើយ​ចាប់ពីពេលនេះ​តទៅ លោក Gian Piero Ventura លែង​ជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ទៀតហើយ»។ លោក Ventura វ័យ69ឆ្នាំ បាន​និយាយ​បន្ទាប់​ការប្រកួត​ជាមួយនឹង​ក្រុម​ស៊ុយអែត​ថា៖«ខ្ញុំ​សុំ​អភ័យទោស​សម្រាប់​លទ្ធផល​នេះ ប៉ុន្តែ មិនមែន​សម្រាប់​ការខិតខំ​ព្យាយាម និង​ការការពារ​ដ៏​លំបាក​នោះឡើយ។ ខ្ញុំ​ដឹងថា លទ្ធផល​នេះ​ពិតជា​រឿង​ដ៏​សំខាន់បំផុត»។

ការសម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​គ្រូបង្វឹក​ថ្មី​ម្នា​ក់មក​ជំនួស​កន្លែង​របស់លោក Ventura មិនទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ ខណៈដែល​លោក Tavecchio បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ថា សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី កំពុងតែធ្វើការ​ពិចារណា​ទៅលើ «គ្រូបង្វឹកសំខាន់» ដើម្បី​ជំនួស​លោក Ventura។ លោក Carlo Ancelotti ដែល​អស់​ការងារ​ធ្វើ​ចាប់តាំងពី​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Bayern Munich កាលពីដើម​រដូវ​កាល​នេះ គឺជា​បេក្ខភាព​ឈានមុខ​គេ​ក្នុងការ​ចូលកាន់​តំណែង​នេះ៕

ប្រភពពី៖ The Guardian

Advertisement