សមត្ថភាព​ការងារ​របស់​យុវជន​បច្ចុប្បន្ន​នៅ​មិនទាន់​ឆ្លើយតប​តម្រូវការ​ទីផ្សារ​គ្រប់គ្រាន់

ភ្នំពេញ៖ នៅក្នុង​ប្រទេស​កម្ពុជា អ្នក​បំពេញការងារ​នៅតាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស​នានា ពិសេស​នៅក្នុង​វិស័យ​កាត់ដេរ និង​សំណង់​ហាក់​មិនទាន់មាន​ជំនាញ​គ្រប់គ្រាន់​សម​ទៅតាម​តម្រូវការ​ទីផ្សារការងារ​នៅឡើយ ដោយ​ភាគច្រើន​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​សុទ្ធសាធ។

លោក Charles Esterhoy ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា​ AmCham បាន​មានប្រសាសន៍ថា តាម​ការសង្កេតមើល​ការបំពេញ​ការងារ​រប​ស់កម្មករ​និយោជិត​នៅតាម​បណ្តា​រោងចក្រ​នានា​នៅ​កម្ពុជា ពួកគេ​ហាក់​នៅ​មិនទាន់មាន​ជំនាញ​គ្រប់គ្រាន់ និង​តម្រូវឱ្យមាន​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បីឱ្យ​ពួកគេ​បំពេញការងារ​បាន​លឿន និង​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ត្រឡប់​ទៅវិញ។

លោក​ថា កន្លងមក​ដោយ​យល់ឃើញ​ពី​កង្វះខាត​ជំនាញ និង​បទពិសោធ​របស់​អ្នកស្វែងរក​ការងារ​ធ្វើ​ក្នុង​ការបំពេញ​តាម​លក្ខខណ្ឌ និង​តម្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ពី​សំណាក់​សមាជិក​របស់ខ្លួន សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (AmCham) បាន​សហការ​ជាមួយ NEA ក្នុងការ​ត្រៀមលក្ខណៈ​ចូល​ទីផ្សារការងារ​របស់​យុវជន​តាមរយៈ​ការអនុវត្ត​កម្មវិធី​កម្មសិក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់ខ្លួន ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន រួមមាន៖ គោលនយោបាយ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ 2015-2025(NEP), គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ 2015-2025 (IDP), គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ 2017-2025 (TVET-Policy) និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​បាន​ថ្លែង​គាំទ្រ​ចំពោះ​គម្រោង​ខាងលើ ដើម្បី​ជួយ​ឱ្យ​កម្មករ​កម្ពុ​ជាមាន​ជំនាញ​កាន់តែ​ប្រសើរឡើង​ក្នុងការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ។ ឯកឧត្តម​មានប្រសាសន៍​ថា គម្រោង​នេះ​ក៏​ជាការ​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ថែមទៀត​រវាង​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ។

ដើម្បីឱ្យ​គម្រោង​បណ្តុះបណ្តាល​នេះ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតីភាព និង​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី “កម្មវិធី​កម្មសិក្សា​ការងារ” រវាង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ជាមួយ​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា (AmCham)។

គួរ​បញ្ជាក់ថា គោលបំណង​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​អនុវត្ត​សាកល្បង​នូវ “កម្មវិធី​កម្មសិក្សា​ការងារ” នេះ​សំដៅ​លើកកម្ពស់​ជំនាញ បទពិសោធ ការទទួលបាន​ឱកាស​ការងារ និង​ចូល​ទីផ្សារការងារ​កាន់តែ​ងាយស្រួល​របស់​យុវជន ព្រមទាំង​ឆ្លើយតប​តាម​តម្រូវការ​របស់​និយោជក​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ៕

Advertisement