Jedinak ជួយ​ឲ្យ​អូស្ត្រាលី ឈានទៅ World Cup ជា​លើក​ទី 4ជាប់ៗគ្នា

ក្រុមបាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី បានឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី4ជាប់ៗគ្នា​របស់​ពួកគេ​តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ហុង​ឌូ​រ៉ា​ស ក្នុង​លទ្ធផល 3-1 ក្នុងការ​ប្រកួត​វគ្គ Playoff អន្តរទ្វីប​ជើង​ទី2 នា​កីឡដ្ឋាន Stadium Australia ក្នុង​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃ​ពុធ។

ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ កាលពី​ជើង​ទី1 ការ​ស៊ុត​បាល់​ពិន័យ Free-kick របស់​ខ្សែបម្រើ Mile Jedinak នៃ​ក្លិប Aston Villa បានរ​ត់ទៅ​ចំ​ខ្សែការពារ Henry Figueroa របស់​ក្រុម​ហុង​ឌូ​រ៉ា​ស ហើយ​ប្លាត​ចូល​ទី​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​បើកឆាក។ បន្ទាប់មក Jedinak បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​បន្ថែមទៀត​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយពី​ខ្សែការពារ Bryan Acosta បានធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះថ្នាក់ និង​បន្ទាប់ពី​ការប្រព្រឹត្ត​កំហុស​របស់​កីឡាករ Johnny Palacios ដើម្បី​ជ័យជម្នះ​របស់​ក្រុម​អូស្ត្រាលី​តែម្តង។ ខ្សែការពារ Maynor Figueroa បាន​វាយបក​បាន1គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ ប៉ុន្តែ​វា​ហាក់ដូចជា​យឺត​ពេល​បន្តិច​ហើយ​សម្រាប់​ក្រុម​ជម្រើសជាតិ​ហុង​ឌូ​រ៉ា​ស។ ជ័យជម្នះ​នេះ មានន័យថា អូស្ត្រាលី នឹង​បាន​ចូលរួម​ជាមួយនឹង​ក្រុម​ចំនួន3០ក្រុម​ផ្សេងទៀត ក្នុងនោះ​រាប់បញ្ចូល​ទាំង​ម្ចាស់ផ្ទះ​រុស្ស៊ី ផងដែរ សម្រាប់​យុទ្ធនាការ World Cup ឆ្នាំ2018 ខណៈដែល​ក្រុមទី32 នឹងត្រូវ​កាត់សេចក្តី បន្ទាប់ពី​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ប៉េ​រូ និង​នូ​វែ​ល​សេ​ឡង់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Ange Postecoglou គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី បាន​ឲ្យ​ដឹងថា៖ «និយាយ​ឲ្យ​ត្រង់​ទៅ វា​ជាការ​ទទួល​ជ័យជម្នះ​ដ៏​ធំ​មួយ។ នៅពេលដែល​អ្នក​កំពុងតែ​ធ្វើជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​របស់​អ្នក ដើម្បី​ទទួលខុសត្រូវ​កាន់តែ​ធំ អ្នក​ដឹងថា វា​ពិតជា​មានន័យ​ណាស់​សម្រាប់​ជាតិ និង​ក្នុង​ការប្រកួត​នេះ»៕

ប្រភពពី៖ BBC

Advertisement