តោខៀវ Chelsea រីក​រាយ​ចំពោះការ​ធ្វើ​ដំណើរ​ទៅជួប West Brom ថ្ងៃ​សៅរ៍នេះ

ក្រុម​​តោខៀវ Chelsea អាចនឹង​ទុក​ការ​ចាប់ផ្តើម​ដ៏ខកចិត្ត​ចំពោះការ​ការពារ​ពាន Premier League របស់ខ្លួនមួយ​ឡែក តាមរយៈ​ការ​បន្ត​កំណត់ត្រា​ឈ្នះ​របស់ពួកគេនៅលើ​ទឹកដីក្រុម West Bromwich Albion នៅ​ថ្ងៃ​សៅរ៍នេះ​។

ក្រុម​របស់​លោក Antonio Conte កំពុង​តែ​ដេញ​តាមពីក្រោយក្រុម Manchester City ​រហូត​ដល់​ទៅ​9​ពិន្ទុ​ ក្រោយ​ពី​ការ​ប្រកួត​11​លើក​។ ប៉ុន្តែ ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯកមួយនេះ បាន​ឈ្នះ​រាល់​ការ​ប្រកួតលីក​ទាំង​4​លើកចុង​ក្រោយ​​របស់​ពួកគេ ហើយ​អាច​នឹង​ឡើង​ចេញពី​ចំណាត់ថ្នាក់​លេខ​4 ទៅកាន់​ចំណាត់​ថ្នាក់លេខ​2 ប្រសិន​បើ​ក្រុម Manchester United និង Tottenham ដែលកំពុង​តែ​​ឈរ​ពីលើ​ពួក​គេ មិនអាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ពីការ​ប្រកួត​របស់​​ពួកគេ​។ លោក Conte បាន​ឃើញក្រុម​របស់​លោក​​រង​បរា​ជ័យ​យ៉ាង​ខក​ចិត្តក្រោមស្នា​ដៃក្រុម Roma ក្នុងក្រប​ខ័ណ្ឌ Champions League កាលពីចុង​ខែមុន ប៉ុន្តែ ការ​យកឈ្នះលើក្រុម Manchester United 1-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League បាន​បង្ហាញ​ថា មិនមានការ​ខកចិត្ត​ដ៏​ធំ​​ពី​ប្រទេស​អ៊ីតាលី នៅ​តែ​កើតឡើងក្នុងក្រុមមួយ​នេះទៀតឡើយ​។ ស្រប​ពេល​ជាមួយ​គ្នានេះ ខ្សែ​បម្រើ​ស្លាប Victor Moses ក៏​បាន​គិត​បែបនោះ​​ផងដែរ​។ Moses បាន​ឲ្យ​ដឹង​ថា៖ «ក្នុងនាម​ជាក្រុម​មួយ ទោះបី​ជា​មាន​អ្វី​កើតឡើងក៏ដោយ  ក៏យើង​នៅតែ​ស្ថិតនៅ​​ជាមួយគ្នា និង​ធ្វើ​ឲ្យ​បានល្អ​បំផុត​តាម​ដែលយើងអាច​​។ មនុស្ស​ជាច្រើន​​​មិន​មានការរីករាយ ប៉ុន្តែ យើង​​មិនត្រូវ​គិត​​ពី​បញ្ហា​នោះ ឬផ្តោតលើអ្វី​ដែល​​មនុស្ស​ជាច្រើនកំពុង​តែនិយាយឡើយ​»​។

ខ្សែ​បម្រើ​រូបនេះ​បានបន្ថែមទៀតថា៖ «ការ​រិះគន់​ទាំងនេះ គឺ​ជា​ប្រភេទនៃកត្តា​ដែល​​ធ្វើ​ឲ្យកីឡាករម្នាក់ៗកាន់​តែ​រឹងមាំ​។ យើង​ដឹង​​ថា យើង​ត្រូវ​តែ​ជឿ​ជាក់លើខ្លួន​យើង និង​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​ថា ពួក​គេកំពុងតែ​យល់​ខុស​។ យើង​មាន​សាម​គ្គីភាព​100ភាគ​រយ​។ យើង​ដូច​ជា​បង​ប្អូន​អ៊ី​ចឹង​នៅ​ទីនេះ​»​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​10​យប់​៕

ប្រភព​ពី៖ sports.yahoo.com

 

Advertisement