Aguero រឹង​មាំ​ក្នុង​ការ​ចូលលេង​ឲ្យ Man City ក្រោយ​មាន​បញ្ហា​សុខ​ភាព

Sergio Aguero ពិត​ជា​រីករាយក្នុង​ការ​​​បង្ហាញខ្លួន​ឲ្យក្រុម Manchester City នៅលើ​ទឹកដីក្រុម Leicester City ក្នុង​​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅថ្ងៃ​សៅរ៍​នេះ បើ​ទោះបី​​មាន​ការ​បារម្ភ​ពី​​បញ្ហា​សុខ​ភាព​​ក្នុង​ពេល​បំពេញ​កា​តព្វកិច្ច​អន្តរ​ជាតិក៏ដោយ​។

ខ្សែ​ប្រយុទ្ធ​រូបនេះ​ត្រូវ​បានប​ញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ ដើម្បីការ​ពារ​ទុកជាមុន ក្រោយ​ពី​​ត្អូញ​ត្អែរ​ពី​ការ​​វិល​មុខ​ ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អា​ហ្សង់​ទីន បានចាញ់ក្រុម​ជម្រើស​ជាតិនីហ្សេ​រីយ៉ា 4-2 ក្នុង​ការ​ប្រកួត​មិត្ត​ភាពនៅ​ទីក្រុង Krasnodar របស់​រុស្ស៊ី កាលពីថ្ងៃអង្គារ​។ Man City បាន​ធ្វើការ​ច្រានចោល​​ព័ត៌​មានដែល​ថា Aguero សន្លប់​​បាត់​ស្មារតី ក្រោយពីការអស់កម្លាំង​ខ្លាំង ដោយបាន​បញ្ជាក់​ថា រូបគេ​ថែមទាំងអាច​​ចាក​ចេញ​ពី​កីឡដ្ឋាន ដោយ​មិន​ត្រូវ​​ការ​ជំនួយទៀតផង​។ រូប​គេ​បានវិលទៅកាន់​ទីក្រុង Manchester វិញដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យសុខ​ភាព​បន្ថែម​ទៀត​ កាលពីថ្ងៃ​ពុធ ស្រប​ពេលដែល​​ឈាមមួយ​ដំណក់ក្នុងសម្ពាធ​ឈាម​របស់​គេ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​ដើម​ហេតុ​ដែលធ្វើ​ឲ្យគេ​ធ្លាក់​ខ្លួន​ឈឺ​។ លោក Pep Guardiola ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​តាមដានការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ទៅលើ Aguero ចាប់​តាំងពីពេលនោះមក ប៉ុន្តែ រូបគេ​​បាន​ចូលរួម​ហ្វឹកហាត់​​ជាមួយនឹងមិត្ត​រួមក្រុមរបស់ខ្លួន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ ហើយ​ត្រូវ​បាន​រំពឹង​ទុកថា នឹង​ចូលលេង​​នៅកីឡដ្ឋាន King Power​​។ Aguero បាន​ស្ថិត​ក្នុង​ទម្រង់លេងយ៉ាងល្អ​ឥ​តខ្ចោះ នៅ​មុនពេលសម្រាកសម្រាប់​​​ការប្រកួត​អន្តរ​ជាតិ ដោយ​រកបាន​10គ្រាប់ពីការប្រកួត​12លើក​សម្រាប់ក្លិប​របស់គេ ខណៈ​ដែល Man City បាន​ទទួល​ជ័យ​ជម្នះ​16លើក​ពីការប្រកួត​17​លើក​ក្នុង​រាល់​យុទ្ធ​​នាការ​ទាំងអស់ នៅ​រដូវកាលនេះ​។

Man City កំពុង​តែ​ស្ថិតក្នុង​ទម្រង់លេង​យ៉ាង​រឹងមាំ ដោយ​បាន​កក់​កៅអី​រួច​ជា​ស្រេចក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​16ក្រុមចុងក្រោយ តាមរយៈការផ្តួល Napoli 4-2 មុនពេល​ផ្តួល​ក្រុម Arsenal 3-1 ដើម្បី​ធ្វើ​ឲ្យពួកគេ​នាំមុខ​8ពិន្ទុ​ដាច់លើ​​តារាង Premier League​​។ ការ​ប្រកួតនេះនឹង​ចាប់​ផ្តើមនៅ​ម៉ោង​10​យប់​៕

ប្រភព​ពី៖ Sky Sports

Advertisement