ទាំង Real និង Atletico ជួប​បញ្ហា​ដូច​គ្នា​ពេល​ប៉ះគ្នានៅ​ថ្ងៃ​​សៅរ៍​នេះ

ខណៈ​ដែល​មានភាព​ស៊ាំ​ទៅ​នឹង​ចំណាត់​ថ្នាក់កំពូល​តារាងក្នុង​រដូវកាលថ្មី​ៗនេះ ក្រុម Real Madrid និង Atletico Madrid នឹង​​ចាប់​ផ្តើម​​ធ្វើការ​ប្រជែង​គ្នា​​ជា​ថ្មី​នៅកីឡ​ដ្ឋាន​ថ្មីមួយនៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែលក្រុម​ទាំង​ពីរ​​សុទ្ធ​សឹង​ត្រូវការ​ឈ្នះ​ដូច​គ្នា​។

ការ​ជួប​ភាព​ត្រដាប​ត្រដួសនៅដើម​រដូវកាល បាន​ធ្វើ​ឲ្យក្រុម​ទាំងពីរ​ដេញតាម​ពី​ក្រោយក្រុមកំពុងនាំមុខ​លើ​តារាង La Liga គឺ Barcelona រហូតដល់​ទៅ​8ពិន្ទុ និង​4​ពិន្ទុ​តាមពីក្រោយក្រុម​ឈរលេខ​2 Valencia​។ ក្រុម​ទាំងពីរ​ធ្លាប់បាន​ជួប​គ្នាក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ​2លើក និង​បាន​ឈ្នះ​ពាន​ La Liga មួយ​លើក​ដូចគ្នាក្នុង​រយៈពេល​4​​រដូវកាលចុងក្រោយ​នេះ​។ ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុងម៉ា​ឌ្រីដដូចគ្នា​​នៅថ្ងៃ​សៅរ៍នេះនឹងក្លាយ​ជា​ការ​ជួប​​គ្នា​ជាលើក​ទី​1​នៅ​កីឡដ្ឋាន Wanda Metropolitano របស់ Atletico  ប៉ុន្តែជាលើក​ទី​20 ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​2014មក ដោយក្រុម​ទាំងពីរ​ដណ្តើមបាន​ជ័យ​ជម្នះ​6​លើក និងស្មើ​7​លើក​​ដូចគ្នានៅក្នុង​ការ​​ជួប​គ្នា​13​លើកចុងក្រោយ​របស់​ពួកគេ ដែលជាការបង្ហាញ​ថា ពួក​គេ​មានកម្រិតលេង​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា ក្រោយពីជួប​ភាព​ត្រដាប​ត្រដួស​ដូចគ្នានៅឆ្នាំនេះ ទាំងក្រុម Real និង Atletico សុទ្ធ​សឹង​​ត្រូវ​ធ្វើការ​ប្រជែង​ដើម្បី​តាម​ឲ្យ​ទាន់ក្រុមខ្លាំង Barcelona​។ ការ​ធ្លាក់់​ចុះ​ទម្រង់​លេង​​របស់​តារាឆ្នើមនៃក្រុម​ទាំងពីរគឺ Cristiano Ronaldo និង Antoine Griezmann បាន​ក្លាយ​ជា​បញ្ហា​ដ៏ចម្បង​របស់ក្រុមទាំងពីរដែល​ស្ថិតក្នុង​ទីក្រុងម៉ា​ឌ្រីដ​​នេះ។

Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​1គ្រាប់​គត់​ក្នុង​ចំណោមការ​ប្រកួតក្រប​ខ័ណ្ឌ La Liga 7​លើកក្នុង​រដូវ​កាល​មក​ទល់​ពេលនេះ បើ​ទោះបី​បាន​ស៊ុត​បាល់សំ​ដៅ​ទី​ដល់​ទៅ​48​លើកក៏ដោយ​។ Ronaldo បាន​ប្រាប់​កាសែត​កីឡា​ប្រចាំ​ថ្ងៃ​របស់​បារាំង L’Equipe កាលពីថ្ងៃព្រហស្បតិ៍ថា៖ «វា​មិនមែន​ជាកំហុស​របស់​ខ្ញុំឡើយ បើសិនជាបាល់វា​មិន​ចង់ចូល​ទី​។ មនុស្ស​ជា​ច្រើន​មើល​មកខ្ញុំ ដូច​ជា​ខ្ញុំ​ជា​ម៉ា​ស៊ីន​រកគ្រាប់​បាល់ ដូច​ជា​​អ្នក​ដែល​អាច​​រកគ្រាប់​បាល់​បានគ្រប់ពេលវេលា​អ៊ី​ចឹង​»​។ ការ​​ប្រកួត​នេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​2:45ទៀបភ្លឺ​៕

ប្រភព​ពី៖ Sports.yahoo.com

 

 

Advertisement