កម្ពុជា​ចាត់វិធានការសំខាន់ៗ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ

ភ្នំពេញ – កម្ពុជា​កំពុងមាន​ការព្រួយបារម្ភ និង​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ការកើនឡើង​នៃ​កម្ដៅ​ផែនដី  កម្ពុជា​បានបង្ហាញ​ពី​ជំហរ និង​ឆន្ទៈ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ចូលរួម​ទប់ស្កាត់​នៃ​ការប្រែប្រួល​អាកាសធាតុ ខណៈ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​បញ្ជាក់ថា ទឹកជំនន់ ខ្យល់ព្យុះ និង​អគ្គិភ័យ បានកើត​ឡើងជា​ញឹកញាប់ និង​កាន់តែ​សាហាវ​ដែល​កំពុង​វាយប្រហារ​ពិភពលោក។

ការលើកឡើង​បែបនេះ​ធ្វើឡើង​នៅពេល​ឯកឧត្តម ឃុ​ត ចាន់​ដា​រ៉ា តំណាង​ប្រតិភូ​នៃ​វិស័យ​បរិស្ថាន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​វិស័យ​បរិស្ថាន​ចូលរួម​ក្នុង​សន្និសីទ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី23 (COP23) ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី6 ដល់17 ខែវិច្ឆិកា ឆ្នាំ2017កន្លងមក នៅ​ទីក្រុង​បោ​ន សាធារណរដ្ឋ​អាល្លឺម៉ង់។

ឯកឧត្ដម ឃុ​ត ចាន់​ដា​រ៉ា បានបញ្ជាក់​ពី​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការផ្តល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​បាន​ដាក់ជូន​នូវ​ផែនការ​ជាតិ​រួមចំណែក​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (NDC)។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ផ្តល់នូវ​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ទិសដៅ​ផែនការ​របស់ខ្លួន​ដែល​នឹង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន 27%ត្រឹម​ឆ្នាំ 2030 នឹង​សន្យា​បង្កើន​ចំនួន​ព្រៃឈើ​នៅក្នុង​ប្រទេស​ឲ្យ​បាន​ចន្លោះ​ពី 47 ទៅ 60 ភាគរយ។

ក្នុងនោះ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការសំខាន់ៗមួយចំនួន​ដូចខាងក្រោម៖

(1) ការកសាង​សមត្ថភាព​ស្ថាប័ន
(2) ការរៀបចំ និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា
(3) ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការអភិវឌ្ឍន៍
(4) ការ​កៀរគរ​ធនធាន
(5) ការអភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល
(6) ការអភិរក្ស​ព្រៃឈើ
(7) ការអនុវត្ត​គម្រោង​នានា​សំដៅ​កសាង​ភាព​ធន់​របស់​សហគម​ន៍ និង​របរ​ចិញ្ចឹមជីវិត​ដែលមាន​និរន្តរភាព។

វិធានការ​នេះ​នឹងចូលរួម​ចំណែក​ធានា​ឱ្យបាន​លើ​ការអភិវឌ្ឍ​ដោយ​ចីរភាព ផ្តោតលើ​ការធានា​សន្តិសុខ​ថាមពល ទឹក និង​ស្បៀងអាហារ ការកែលម្អ​សុខភាព ការកសាង​សមត្ថភាព ការផ្ទេរ​បច្ចេកវិទ្យា ការទទួលបាន​នូវ​ធនធាន​ហិរញ្ញវត្ថុ និង​ការកាត់បន្ថយ​ភាពក្រីក្រ និង​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕

Advertisement