ហេតុផល​ឆ្លាត​វៃ​មួយចំនួន​បង្ហាញថា ក្មេង​តូច​គួរ​សិក្សា​ពី​ហិរញ្ញវត្ថុ

ការចាយវាយ​របស់កូនៗជា​រឿង​ដែល​អាណាព្យាបាល​កំពុង​បារម្ភ ហើយ​មានពេលខ្លះ​ក៏​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ស្វែងរក​ការប្រឹក្សា​យោបល់ ឬ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ការចាយវាយ​របស់​ពួកគេ ខណៈ​អ្នក​ខ្លះទៀត​ចង់ឱ្យ​កូន​យល់​ពី​ការលំបាក​របស់ខ្លួន​ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​រកលុយ តែ​កូន​ចាយវាយ​ច្រើន​ដោយ​មិនសូវ​ខ្វល់​ជាដើម។

ជាទូទៅ គេ​រកឃើញថា បញ្ហា​ទាំងអស់នេះ​កើតចេញពីកូនៗទាំងអស់នោះ​មិនមាន​ទម្លាប់​ក្នុងការ​សន្សំ​ប្រាក់ ឬ​មិន​យល់​ពី​ការរៀបចំ​ផែនការ​នៅពេលដែល​ពួកគេ​មាន​វ័យក្មេង ហេតុនេះ​ទើប​ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​ចំណុចសំខាន់ៗមួយចំនួន​ពី​ការស្រាវជ្រាវ​របស់​ស្ថាប័ន​មួយចំនួន​មក​ជម្រាបជូន​ពី​ហេតុផល​ក្នុងការ​ជំរុញ​ក្មេង​តូច​ឱ្យ​សិក្សា​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាំងពី​វ័យក្មេង។

1.ក្មេង​អាយុ 5ឆ្នាំ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀន​សន្សំ

តាម​ការស្រាវជ្រាវ​រប​ស់​ស្ថាប័ន Customer Financial Protection Bureau (CFPB) បាន​បង្ហាញថា ក្មេង​អាច​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​សន្សំ​ប្រាក់​ចាប់ពី​អាយុ 5ឆ្នាំ​ឡើងទៅ ហេតុនេះ​អាណាព្យាបាល​គួរ​បណ្តុះ​គំនិត​នៃ​ការ​សន្សំ​ដោយ​ការផ្តល់​ឱ្យនូវ​កូនជ្រូក​សន្សំ​លុយ (Piggy Bank) ឬ​គណនេយ្យ​សន្សំ​ដែល​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ចេះ​សន្សំ​ប្រាក់​ដោយ​ខ្លួនឯង។ ជាការ​កត់សម្គាល់ នៅពេលដែល​ក្មេង​តូច​ម្នាក់​មាន​ទម្លាប់​សន្សំ​ប្រាក់ គាត់​បាន​ស្គាល់​នូវ​រសជាតិ​នៃ​ការគ្រប់គ្រង​លុយកាក់ ហើយ​គាត់​អាច​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចេះ​គ្រប់គ្រង​លុយកាក់​បានល្អ ឬ​មាន​គម្រោង​ក្នុងការ​បង្កើត​លុយ​ថែម​ទៀតផង​នៅពេលដែល​ពួកគេ​ចូលដល់​វ័យ​កណ្តាល។ ការដែល​កុមារ​ចម្រើន​វ័យ​ជាមួយនឹង​លុយ​សន្សំ​ដែល​គាត់​មាន​ស្រាប់ គាត់​អាច​នឹងមាន​អ្វី​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន​សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់គាត់ ហើយ​ការចាយវាយ​របស់គាត់​ក៏​នឹង​ហ្មត់ចត់​ត្រឹមត្រូវ ហើយ​ចំ​គោលដៅ​ល្អ ព្រោះ​គាត់​យល់ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា និង​លុយ​ដែល​គាត់​ខំ​សន្សំ​តាំងពី​តូច​មក​នោះ។

2.ក្មេង​អាច​ចង់បាន​ដំបូន្មាន​ច្រើនជាង​លុយកាក់​នៅពេលដែល​គេ​ចូលចិត្ត​សន្សំ​ប្រាក់

អាណាព្យាបាល​ជាច្រើន​ប្រហែលជា​ផ្តល់រ​ង្វាន់​ដល់​កូន​ជា​លុយកាក់ ឬ​ជា​របស់របរ​ដែល​ចំណាយលុយ​ទិញ។ របស់​ទាំងអស់នេះ​អាចជួយ​ឱ្យ​កូន​សប្បាយចិត្ត តែ​ពេលខ្លះ​មិន​ប្រាកដថា អាចជួយ​គេ​បាន​ច្រើន​នោះទេ តែ​ពេលខ្លះ​អាណាព្យាបាល​អាច​ចំណាយលុយ​តិច តែ​បាន​ផល​ច្រើន​ចំពោះ​ការផ្តល់​មេរៀនល្អៗដល់​ក្មេង។ នៅពេលដែល​ក្មេង​យល់​ពី​តម្លៃ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឬ​ការ​សន្សំ​ផ្ទាល់ខ្លួន អាណាព្យាបាល​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ថវិកា​មួយចំនួន ជាមួយនឹង​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​ក្នុងការ​សន្សំ​ប្រាក់​ដែល​ពួកគេ​មិន​ធ្លាប់​ដឹង​ពីមុនមក។ ការធ្វើ​បែបនេះ អាចជា​រង្វាន់​យ៉ាង​ល្អ​ដែល​ក្មេង​អាច​ចេះ​ទាំង​ទ្រឹស្តី និង​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​រីករាយ ព្រោះថា នៅពេលដែល​យើង​ផ្តល់ឱ្យ​គាត់​នូវ​លុយ​សន្សំ បង្ហាញ​វិធី​ក្នុងការ​សន្សំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ហើយ​ទុកឱ្យ​គាត់​ជា​អ្នកអនុវត្ត​ដោយ​ខ្លួនឯង ហើយ​ទទួលបាន​លទ្ធផល​នោះ គាត់​នឹង​រីករាយ​ក្នុងការ​សន្សំ​នោះ​ដោយ​ជក់ចិត្ត។ ការដែល​ទុក​ឱកាស​ក្នុងការ​សម្រេចចិត្ត​ខ្លះ​ដល់​ក្មេងតូចៗ និង​ឱ្យ​គាត់​ដឹង​ពី​ចំនួន​លុយ​ច្បាស់លាស់​របស់គាត់​ផ្ទាល់​ផង អាចធ្វើឱ្យ​គាត់​កាន់​តែមាន​ចំណង់​កាន់តែខ្លាំង​ក្នុងការ​សន្សំ​ប្រាក់​នេះ។

3.អាណាព្យាបាល​នឹង​លែង​សូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន​នៅ​វ័យ​ជំទង់ បើ​គេ​ចេះ​សន្សំ​ប្រាក់​ពី​តូច

អាណាព្យាបាល​ជាច្រើន​តែងតែ​បារម្ភ​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​កូន ឬ​ចូលខ្លួន​ទៅ​ជ្រៀតជ្រែក​លើ​ការសម្រេចចិត្ត​នានា​ពាក់ព័ន្ធ​នឹង​លុយកាក់​របស់​កូន។ ការធ្វើ​បែបនេះ​គឺអាច​ធ្វើឱ្យ​គាត់​ទុកចិត្ត តែ​គាត់​នឹង​បាត់បង់​ឱកាស​ក្នុងការ​ផ្តល់ឱ្យ​កូន​នូវ​ភាពចាស់ទុំ​ពិតប្រាកដ​ផ្នែក​ហិរញ្ញវត្ថុ ហេតុនេះ​ការដែល​តាមដាន និង​ឃ្លាំមើល​ក្មេង​ពី​តូច អាចធ្វើឱ្យ​អាណាព្យាបាល​មិនសូវ​បារម្ភ​ពី​ការចាយវាយ​របស់​កូន។

ក្មេងៗដែលមាន​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​មនុស្ស​ដែល​ចង់បាន​ឱកាស​ច្រើន​ក្នុងការ​សម្រេចចិត្ត​ចាយវាយ ព្រោះ​ពួកគេ​ជឿ​លើ​សមត្ថភាព​របស់ខ្លួន និង​មាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ដែល​អាចធ្វើឱ្យ​ឪពុកម្តាយ​មានការ​ទុកចិត្ត។ គាត់​អាច​នឹង​សួរ​ច្រើន​ទៅកាន់​ឪពុកម្តាយ ឬ​សុំ​ការពិភាក្សា​មុនពេល​ចាយវាយ​លើ​របស់​ដែលមាន​តម្លៃ ដោយ​មិនចាំបាច់​ឱ្យ​អាណាព្យាបាល​បារម្ភ​នោះទេ៕

Advertisement