ងាយៗ6យ៉ាងធ្វើឱ្យ ផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

បន្ទប់ដែលភ្លឺស្រឡះជួយឱ្យមានអារម្មណ៍ធូរស្រាលស្រឡះ មានជីវិតរស់រវើក និងត្រៀមជាស្រេចក្នុងការធ្វើតែរឿងល្អៗសម្រាប់ជីវិត។ សម្រាប់មិត្តអ្នកអានជាច្រើនដែលកំពុងគិតមិនចេញ ចង់រកវិធីគេចចេញពីបន្ទប់ដែលនៅក្នុងទីតាំងអាប់ពន្លឺមិនភ្លឺស្វាងនោះ ថ្ងៃនេះ ឡារ៉ែន មានចំណុចល្អៗ 6វិធីដែលនឹងជួយផ្លាស់ប្ដូរបន្ទប់ដែលងងឹតអាប់ឱ្យប្រែកាយជាបន្ទប់ថ្មីឆើតឆាយជាងមុនបាន។ តើមានវិធីអ្វីខ្លះទៅ សូមតាមដានជាបន្ត…។


1-ប្រើវាំងននថ្លាចាំងពន្លឺ
វាំងនន និងមាត់បង្អួចមានផលយ៉ាងខ្លាំងក្នុងការជួយនាំពន្លឺឱ្យចូលមកក្នុងបន្ទប់ ការជ្រើសរើសប្រើវាំងននដែលស័ក្តិសម អាចបង្កើនពន្លឺដល់បន្ទប់បាន។ បើត្រូវការសន្សំសំចៃការចំណាយ ក៏គ្រាន់តែរកផ្ទាំងក្រណាត់ដែលថ្លាៗទំហំប៉ុនផ្ទាំងវាំងនននៅផ្ទះ មកបិទជាប់ជាមួយក្រណាត់វាំងននចាស់នោះ ហើយរូតបើកវាំងននក្រណាត់ តែទុកផ្ទាំងក្រណាត់ថ្លានោះនៅបាំងមាត់បង្អួច តែប៉ុណ្ណឹងក៏អាចធ្វើឱ្យបន្ទប់មានពន្លឺចាំងចូលមកគ្រប់គ្រាន់ទៅហើយ។

2-ភ្លើងចង្កៀងគោមលើតុបែបភ្លឺច្បាស់
ភ្លើងចង្កៀងគោមក៏ជាបច្ច័យមួយទៀតក្នុងការជួយកំណត់ពន្លឺដែលនឹងចេញមកយ៉ាងណាបានដែរ។ បើត្រូវការឱ្យបន្ទប់ភ្លឺខ្លាំងឡើង គួរជ្រើសរើសប្រើចង្កៀងគោមដែលជាក្រណាត់ពណ៌សស្តើង ព្រោះវាអាចជួយជះពន្លឺបានល្អ និងធ្វើឱ្យមានពន្លឺច្រើនឡើង។

3-ប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់
សម្រាប់បន្ទប់ដែលល្មមអាចមានពន្លឺពីធម្មជាតិចាំងចូលមកដល់ខ្លះដែរនោះ ការជ្រើសរើសប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់អាចលើកកម្រិតភាពភ្លឺស្រឡះរបស់ពន្លឺខ្លាំងឡើងបាន ជាពិសេសបើយកទៅដាក់នៅជិតចំណុចទទួលពន្លឺ ដូចជា ជិតមាត់បង្អួច ឬផ្លូវដើរជាដើម វានឹងជួយបង្កើនមន្តស្នេហ៍​ដល់ពន្លឺដែលចាំងចូលមកប៉ះនឹងកញ្ចក់នៅក្នុងបន្ទប់បាន។

4-ជ្រើសរើសប្រើទ្វារកញ្ចក់
ជាវិធីដ៏ឆ្លាតវៃមួយ គ្រាន់តែប្ដូរផ្ទាំងទ្វារក្នុងផ្ទះពីទ្វារបែបបាំងជិតមើលមិនឃើញមកជាទ្វារផ្ទាំងកញ្ចក់វិញក៏អាចបញ្ជូនពន្លឺពីធម្មជាតិពីបន្ទប់មួយទៅបន្ទប់មួយបានយ៉ាងល្អ និងជួយឱ្យខាងក្នុងផ្ទះភ្លឺ និងមានអារម្មណ៍ថាស្រឡះឡើងទៀតផង។

5-ប្ដូរអំពូលភ្លើងថ្មី
មិត្តអ្នកអានមួយចំនួនអាចនឹងធ្លាប់កើតមានអាការងឿងឆ្ងល់ថា ហេតុអីបានជាចង្កៀងគោមដដែលរបស់អ្នកដែលធ្លាប់ប្រើពីមុនមក មកដល់ថ្ងៃនេះបែរជាមិនផ្ដល់ពន្លឺគ្រប់គ្រាន់ដូចពេលកន្លងមកអីុចឹង? ដល់ពេលត្រូវប្ដូរអំពូលថ្មីហើយចា៎ស…
គឺជាវិធីងាយៗបំផុត ដែលនឹងធ្វើឱ្យចង្កៀងគោមរបស់អ្នកត្រឡប់មកភ្លឺស្វាងល្អដូចមុនវិញ។

6-បំពាក់ប្រព័ន្ធដំឡើង និងបន្ថយពន្លឺភ្លើង
គឺជាវិធីមួយទៀតដែលអ្នកច្នៃម៉ូដខាងក្នុងផ្ទះភាគច្រើននិយមប្រើ និងបានច្នៃម៉ូដទុកជាស្រេច ដើម្បីបំពាក់នៅក្នុងផ្ទះសម័យថ្មី​នេះ ពីព្រោះវាជួយឱ្យអាចសម្រួលកម្រិតពន្លឺដែលស័ក្តិសមដល់បន្ទប់នីមួយៗបានក្នុងពេលវេលាដែលខុសប្លែកពីគ្នានៅអំឡុងពេលថ្ងៃបាន។
បានដឹងពីគន្លឹះងាយៗក្នុងការជួយបង្កើនពន្លឺនៅក្នុងផ្ទះរួចហើយ បន្ទាប់ពីនេះទៅ ចូរសាកល្បងសង្កេតមើលថា តើនៅខាងក្នុងផ្ទះរបស់អ្នកមានបន្ទប់ណា ឬជ្រុងណាមួយនៅអាប់ពន្លឺដែរឬទេ?រួចហើយសាកល្បងនាំយកវិធីងាយៗនៅក្នុងអត្ថបទនេះ ទៅកែសម្រួលប្រើ បន្ទប់ដែលធ្លាប់តែធុញថប់ បរិយាកាសដែលធ្លាប់តែងងឹតស្រទំ នឹងប្លែកខុសពីមុនជាមិនខាន៕

Advertisement