សាច់មាន់​​ឆា​គល់​ស្លឹកគ្រៃ អប់​ស្លឹក​ក្រូចសើច

គ្រាន់តែ​ឃើញ​រូបភាព​នៃ​មុខម្ហូប​មួយ​ចាន​នេះ​យើង​ជឿថា ប្រិយមិត្ត​អ្នក​អាន​ពិតជា​ចាប់អារម្មណ៍ និង​ចង់​ទទួលទាន​យ៉ាង​ប្រាកដ ជាមួយនឹង​ការ​នឹក​ស្រមៃ​នូវ​រសជាតិ​ជាក់​ជាមិនខាន។ ដោយឡែក​សម្រាប់បងៗដែលជា​ស្ត្រី​មេផ្ទះ​ក៏​ពិតជា​ចង់ដឹងថា តើ​មុខម្ហូប​មួយ​នេះ​មាន​រូបមន្ត និង​គ្រឿងផ្សំ​អ្វីខ្លះ ហើយ​វិធី​ធ្វើ​ត្រូវបាន​អនុវត្ត​ដោយ​របៀប​ណា? កុំ​នៅ​នឹក​ស្រមៃ តោះ​នាំ​គ្នាំ​សាកល្បង និង​ភ្លក្ស​រសជាតិ​ទាំងអស់គ្នា។

គ្រឿងផ្សំ
• សាច់ភ្លៅ​មាន់
• គល់​ស្លឹកគ្រៃ
• ម្ទេសដៃនាង​ក្រៀម
• ខ្ទឹមស
• អំបិល
• ស្ករស
• ប្រេងខ្យង
• ប្រេ​ងម្ទេស
• ម្សៅ​ស៊ុប​ខ្នរ
• ស្លឹក​ក្រូចសើច
• ប្រេងឆា

វិ​ធី​ចម្អិន
ជាដំបូង​ត្រូវយក​សាច់មាន់​កាប់​ជា​ដុំតូចៗល្មម ហើយ​យកទៅ​ច្របល់​លាយ​គ្នា​ជាមួយ​គ្រឿងផ្សំ​មួយចំនួន​ដូចជា អំបិល ស្ករស ប្រេងខ្យង ប្រេង​ម្ទេស និងម្សៅ​ស៊ុប​ខ្នរ រួច​ទុក​មួយអន្លើ។ កម្ដៅ​ប្រេងឆា​ឱ្យ​ក្ដៅ​ល្អ រួចយក​គល់​ស្លឹកគ្រៃ​ហាន់​ជា​បន្ទះវែងៗ ទុក​មួយអន្លើ។ នៅពេល​ប្រេងឆា​ក្ដៅ​ខ្លាំង​ល្អ យក​សាច់មាន់​ដាក់​បំពង​ជាមួយ​គល់​ស្លឹកគ្រៃ ម្ទេស​ក្រៀម ស្លឹក​ក្រូចសើច (ដាក់​ស្លឹក​ក្រូចសើច​ក្រោយ​គេ) រហូត​ឆ្អិន​ល្អ ហើយ​ស្រង់​ចេញ។ ជា​បន្ទាប់​យកទៅ​ឆា​ស្ងួត​​ជាមួយ​ខ្ទឹមស ដើម្បី​បន្ថែម​ក្លិន​ឆ្ងុយ​ជាការ​ស្រេច។ ឃើញ​ទេ មិន​ពិបាកធ្វើ​ឡើយ លោកអ្នក​ក៏​អាច​ធ្វើបាន​សម្រាប់​ទទួល​ទាន​ក្នុង​ក្រុមគ្រួសារ ក៏ដូចជា​ក្នុង​ឱកាស​ជួបជុំ​មិត្ត​ភក្ដិ​ក្នុងពេល​ឈប់សម្រាក​បាន​ដូចគ្នា ប៉ុន្តែ​បើ​ចង់ដឹង​ច្បាស់​ពី​រសជាតិ​ដើម​មាន​ភាព​អស្ចារ្យ​ដល់​កម្រិតណា កុំ​ភ្លេច​ទៅទទួលទាននៅ​ភោជនីយដ្ឋាន Cowboyដែលមាន​ទីតាំង​ស្ថិតនៅផ្លូវ​ប៉ាស្ទ័រទាំងអស់គ្នាណ៎ា៕

Advertisement