លោក Guardiola មិន​ហ៊ាន​រំពឹងថា Man City នឹង​លើក​ពាន Champions League

លោក Pep Guardiola បាន​បញ្ជាក់ថា Manchester City មិនមែន​ស្ថិត​ក្នុងចំណោម​ក្រុម​ដែលមាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Champions League ឡើយ បើទោះបីជា​ពួកគេ​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ក្នុង​ក្របខ័ណ្ឌ​លី​ក​ក្នុងស្រុក និង​ក្របខ័ណ្ឌ​អឺរ៉ុប​ក៏ដោយ។

ក្រុម​ដែល​កំពុង​នាំមុខ​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ នឹងត្រូវ​ជួប​ក្រុម Feyenoord នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ ក្រោយពី​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត18លើក​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ហើយ​ស្របពេល​ជាមួយគ្នានេះ អ្នក​អង្កេត​បាល់ទាត់​ជាច្រើន បាន​ចាត់ទុកថា ក្រុម Man City ជា​បេក្ខភាព​ប្រជែង​ពាន​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​ពួកគេ​មិន​ធ្លាប់​ឈ្នះ​សោះ។ លោក Maurizio Sarri គ្រូបង្វឹក​របស់​ក្រុម Napoli និង​លោក Claude Puel គ្រូបង្វឹក​របស់​ក្លិប Leicester City គឺជា​អ្នកវិភាគ​ចុងក្រោយ​គេ​ដែល​ចាត់ទុកថា Man City គឺជា​ក្រុម​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​អឺរ៉ុប។ ប៉ុន្តែ លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City នៅតែ​បន្ត​ច្រានចោល​ការរំពឹងទុកផ្សេងៗជុំវិញ​ក្រុម​របស់លោក ដែល​បានឈ្នះ​កៅអី​ទៅកាន់​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League រួចហើយនោះ។

ទាក់ទង​នឹង​ការកោតសរសើរផ្សេងៗពី​សំណាក់​គ្រូបង្វឹក​នានា លោក Guardiola បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​គ្រូបង្វឹក​ទាំងពីរ។ សម្រាប់ Manchester City វា​គឺជា​ក្រុម​មួយ​ដែល​នៅតែ​ត្រូវការ​ប្រវត្តិសាស្ត្រ​ក្នុង​អឺរ៉ុប​គឺ វា​ជាការ​ទទួល​ជ័យជម្នះ​ដ៏​ធំ​មួយ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «នោះ​មិនមែន​មានន័យថា យើង​ជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Champions League នោះទេ ប៉ុន្តែ​វា​ជា​រឿង​ល្អ។ វា​មានន័យថា យើង​កំពុងតែ​ធ្វើបាន​យ៉ាង​ល្អ»។

Man City បាន​ផ្ដួល​ក្រុម Feyenoord យ៉ាង​ងាយ​ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​បើកឆាក​នៃ​ពូ​ល​នេះ កាលពី​ខែកញ្ញា។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Sky Sports

Advertisement