អាល្លឺម៉ង់ ហាមឃាត់​ការលក់ Smartwatchs សម្រាប់​កុមារ ដោយ​បារម្ភ​រឿង​ចារកម្ម និង​ភេរវកម្ម

ប៊ែ​កឡាំង៖ រដ្ឋាភិបាល​អាល្លឺម៉ង់ បានចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី ដោយបាន​ហាមឃាត់​ការលក់​នាឡិកាដៃ​ឆ្លាត​វៃ (Smartwatchs) សម្រាប់​កុមារ ដោយបាន​បញ្ជាក់ថា ការហាមឃាត់​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រកឃើញ​មាន​សកម្មភាព​ល្មើ​សច្បាប់ ជាពិសេស​គឺ​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រួយបារម្ភ​រឿង​ចារកម្ម។

យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា នាឡិកា​ដែល​បាន​ហាមឃាត់​នោះ គឺជា​ពពួក​នាឡិកា​ទាំងឡាយណា ដែលមាន​មុខងារ អាច​ឲ្យ​ឪពុក​ម្ដាយតាមដាន​នូវ​រាល់​សកម្មភាព​របស់​កូន ជាពិសេស​គឺ​ការសន្ទនា។ និយ័តករ​ទូរគមនាគមន៍​អាល្លឺម៉ង់ បាន​បញ្ជាក់ថា ឪពុកម្ដាយ​ប្រើប្រាស់​នាឡិកា​ទាំងនោះ សម្រាប់​តាមដាន​សកម្មភាព​រប​ស់​កូន ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល​ព្រួយ​នោះ​គឺ​ខ្លាច​មាន​អំពើ​ចារកម្ម និង​ភេរវកម្ម។

និយ័តករ​ទូរគមនាគមន៍​​អាល្លឺម៉ង់ បានស្នើ​សុំ​ដល់​អាណាព្យាបាលក្មេងៗទាំងអស់ កុំ​ឲ្យ​មានការ​សង្ស័យ និង​ខឹង ចំពោះ​ចំណាត់ការ​នេះ​អី ព្រោះ​រដ្ឋាភិបាល​ធ្វើ​នេះ​គឺ​ដើម្បី​សន្ដិសុខ​ជាតិ។

គួរបញ្ជាក់​ផងដែរ​ថា និយតករ​ទូរគមនាគមន៍​អាល្លឺម៉ង់ មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​នាឡិកាដៃ​ឆ្លាត​វៃ​ដែល​ត្រូវបាន​ហាមឃាត់​នោះទេ គ្រាន់តែ​បញ្ជាក់ថា វា​គឺជា​ពពួក​នាឡិកាដៃ​សម្រាប់​ក្មេង​ចាប់ពី​អាយុ 5ឆ្នាំ ដល់ 12ឆ្នាំ៕

Advertisement