មុននឹងឱ្យគេទំនាក់ទំនង ទាល់តែយើងមានអត្តសញ្ញាណផ្ទាល់ខ្លួនល្អសិន

មិនថាតែការធ្វើពាណិជ្ជកម្ម ឬការធ្វើការងារអ្វីនោះទេ ការទំនាក់ទំនងជារឿងសំខាន់មួយដែលមនុស្សត្រូវគិតគូរ តែមនុស្សជាច្រើនហាក់ពិបាកក្នុងការបង្កើតទំនាក់ទំនងល្អពីមនុស្សទូទៅ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាក់ សុជាតិ ម្ចាស់ក្រុមហ៊ុន សេដ្ឋីនី បានលើកឡើងថា ការទំនាក់ទំនងជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា​ អ្នកលក់ត្រូវការអតិថិជន និងទាក់ទងដៃគូពាណិជ្ជកម្មឱ្យបានច្រើន ហើយអ្នកធ្វើការងារក៏ត្រូវការពឹងពាក់គ្នាដើម្បីជួយឱ្យគម្រោងនីមួយៗដំណើរការទៅបានដោយរលូន តែមនុស្សមួយចំនួនធំហាក់មើលរំលងពីបញ្ហានេះ។

លោក ឆាក់ សុជាតិ បាននិយាយថា៖ «​គន្លឹះសំខាន់ក្នុងការទំនាក់ទំនងល្អ គឺការកសាងអត្តសញ្ញាណ (Branding)ខ្លួនឯង ព្រោះថា មនុស្សគ្រប់គ្នានឹងចង់ទាក់ទងយើង បើគាត់ស្គាល់ថា យើងមានអ្វីឱ្យគាត់ ឬយើងមានចំណុចពិសេសអ្វីដែលគាត់ត្រូវទាក់ទង»។

សហគ្រិនខាងលើបានលើកឡើងផងដែរថា មុននឹងគេទាក់ទងយើង លុះត្រាតែយើងមានអ្វីឱ្យគេទាក់ទងដែរ​។ ចំណុចនេះមិនមែនមានន័យថា ទាល់តែយើងមានទ្រព្យធនច្រើនទើបគេមកទាក់ទងនោះទេ តែយើងអាចអភិវឌ្ឍខ្លួនឯង ហើយកំណត់អត្តសញ្ញាណល្អរបស់ខ្លួនឯងតាមរយៈការប្រើប្រាស់ចំណុចពិសេស​នៃសក្តានុពលរបស់ខ្លួនឯង។ ប្រសិនបើយើងពូកែសរសេរ យើងត្រូវតែបង្ហាញថា យើងចេះសរសេរច្បាស់ ហើយមានលទ្ធភាពជួយគេផ្នែកសរសេរ ហើយប្រសិនបើយើងពូកែនិយាយ ឬពូកែបច្ចេកទេស យើងត្រូវអភិវឌ្ឍជំនាញនោះឱ្យអស់លទ្ធភាពដើម្បីបង្ហាញថា ​យើងពូកែលើផ្នែកនោះ។ នៅពេលដែលគេស្គាល់យើងច្បាស់ថា ជាមនុស្សដែលមានចំណុចលេចធ្លោត្រង់ណាមួយហើយ មនុស្សគ្រប់គ្នានឹងមករកយើង នៅពេលដែលគេត្រូវការជំនួយអំពីយើង។ ពេលនោះហើយ ជាពេលដែលយើងអាចប្រើសមត្ថភាពខ្លួនឯងដើម្បីទំនាក់ទំនង ឬដើម្បីបង្កើតសកម្មភាពការងារជាមួយគ្នាបានយ៉ាងល្អ ព្រោះយើងបានជួយដល់អ្នកដទៃ ដែលជាធម្មតាអ្នកនោះនឹងជួយយើងវិញនៅពេលដែលយើងត្រូវការគាត់៕

Advertisement