គម្រោងទឹកស្អាតនៅកម្ពុជា ផ្គត់ផ្គង់បានត្រឹមតែជាង2លានគ្រួសារប៉ុណ្ណោះ

ភ្នំពេញ៖ យោងតាមគេហទំព័រ Country​ Meters ដែលជាគេហទំព័រដ៏ធំមួយសម្រាប់រាប់ចំនួនមនុស្សនៅលើពិភពលោកបានឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរមានចំនួនប្រមាណ​ជា 16,181,734 នាក់ ប៉ុន្តែក្នុងចំណោមប្រជាជនខ្មែរទាំងអស់នោះ មានប្រមាណតែជាង 2លានគ្រួសារប៉ុណ្ណោះដែលទទួលបានទឹកស្អាតប្រើប្រាស់។

ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញរបាយការណ៍ថ្មីមួយឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសអត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធ​បណ្តាញនៅទីប្រជុំជនបានកើនឡើងពី52% នៅឆ្នាំ​2008 ដល់68,5% នៅឆ្នាំ2012 និង86% នៅឆ្នាំ2017 ដោយគិតជាចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់កើនដល់ 2.300.000គ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថាសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានប្រាក់​ចំណូលតិចនឹងទទួលបានការប្រើប្រាស់ទឹកស្អាតដែលមានតម្លៃថោកក្នុងកម្រិតអប្បបរមា ព្រមទាំងកំណត់តម្លៃទឹកស្អាតលក់ជូនម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឱ្យកម្មករ-កម្មការិនី បុគ្គលិក សិស្ស-និស្សិត (ប្រមាណ 131.020 បន្ទប់) ក៏ទទួលបានការផ្គត់ផ្គង់ទឹកស្អាតពីបំពង់ចែកចាយរបស់រដ្ឋក្នុងតម្លៃថោកសមរម្យដូចគ្នាដែរ។ លើសពីនោះ ប្រជាពលរដ្ឋក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញក៏ទទួលបានការឧបត្ថម្ភធនក្នុងការតភ្ជាប់បណ្តាញទឹកស្អាតដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួនប្រមាណជា​ង 3ម៉ឺនគ្រួសារ។

ឯកឧត្តមបន្តថា ការជំរុញឱ្យមានការចូលរួមរបស់ផ្នែកឯកជន គឺជាយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការប្រមូលធនធានសម្រាប់ការវិនិយោគលើការអភិវឌ្ឍក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត។ ការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាយុទ្ធសាស្ត្រមួយដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មតែងបានប្រកាន់ខ្ជាប់។ ផ្តើមចេញពីនយោបាយនេះ វិស័យឯកជនបានចូលរួមចំណែកយ៉ាងសកម្មផងដែរនៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជន​នានាដែលមានប្រជាជនរស់នៅចាប់ពី​300 ដល់5.000គ្រួសារ​។

គួររំឭកថា នៅមុនឆ្នាំ2008 ក្រុមហ៊ុនឯកជន​វិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានតែ76ទីប្រជុំជនប៉ុណ្ណោះ តែបច្ចុប្បន្ននេះបានកើនដល់222ទីប្រជុំជន។ កំណើននេះដោយសារមានការចូលរួមពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងក្រោមជំនួយឥណទាន, ជំនួយកម្ចីហិរញ្ញប្បទានរបស់អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈ´អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យនៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក​ (WHO), ធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB), ធនាគារពិភពលោក(WB), ទីភ្នាក់ងារ​​​អភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់ និងបណ្ដាញចែកចាយ និង​​ការពង្រីក​សមត្ថភាពផលិតទឹកស្អាត និងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីតាមបណ្តាអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជនផងដែរ។

ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតកាន់តែច្រើន ក្រសួងបានកំណត់ថា «ប្រជាជនរស់នៅតាមតំបន់ទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់100%នៅឆ្នាំ2025»៕

 

Advertisement