កម្ពុជា និង​មី​យ៉ាន់​ម៉ា ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅមក​ដើម្បី​ទាក់ទាញ​ទេសចរ

ភ្នំពេញ៖ ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​នៃ​ប្រទេស​ទាំងពីរ​ឱ្យមាន​ចំនួន​កាន់តែច្រើន រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា ឯកឧត្តម U Onh Maung បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ឆ្នាំ 2017-2020 ដោយ​ផ្តោតលើ​ការពិភាក្សា​ស៊ីជម្រៅ​លើ​ចំណុចសំខាន់ៗ 4 រួមមាន៖ ការជំរុញ​ការតភ្ជាប់​ការហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​បា​ហ្កា​ន ការផ្សព្វផ្សាយ​រួមគ្នា ការសម្រួល​ការធ្វើដំណើ​រ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។

ក្រោយ​កិច្ចពិភាក្សា ភាគី​កម្ពុជា និង​មី​យ៉ាន់​ម៉ា​បាន​ឯកភាពគ្នា​ដូចតទៅ៖

1 – ជំរុញ​ការបង្កើន​ជើងហោះហើរ​ពី​ទីក្រុង​ឌូ​បៃ​នៃ​សហភាព​អ៉ា​រ៉ាប់​អេ​ម៊ី​រ៉ា​ត-យ៉ាំង​ហ្គោ​ន- ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Fly Emirates និង​ការជំរុញ​ការតភ្ជាប់​ជើងហោះហើរ ពី​ទីក្រុង​យ៉ាំង​ហ្គោ​ន-សៀមរាប​អង្គរ រវាង​ក្រុមហ៊ុន​អាកាសចរណ៍​មី​យ៉ាន់​ម៉ា និង​អាកាសចរណ៍​កម្ពុជា Cambodia Angkor Air ដែល​ក្រុមហ៊ុន​ទាំងពីរ​នឹង​បន្ត​ពិភាក្សា​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការហោះហើរ​ត្រង់​ឱ្យបាន​ឆាប់។

2 – ជំរុញ​ការផ្សព្វផ្សាយ​រួមគ្នា​ដើម្បី​បន្ត​រក្សា​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​បានធ្វើ​រួមគ្នា ដូចជា​ការបោះ​ពុ​ម្ភ​ប័ណ្ណ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​សៀមរាប​អង្គរ និង​បា​ហ្គា​ន (ប្រទេស​ពីរ គោលដៅ​តែមួយ) ការផ្លាស់ប្តូរ​ទស្សនកិច្ច Farm Trip សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការសម្តែង​វប្បធម៌​រួមគ្នា។

3 – ខណៈពេលដែល​ប្រទេស​ទាំងពីរ​មានការ​លើកលែង​ទិដ្ឋាការ​រួចហើយ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ភាគី​ទាំងពីរ​នឹង​បន្ត​ខិតខំ​សម្រួល​ការផ្តល់​ទិដ្ឋាការ​សម្រាប់​ទេសចរ​មក​ពី​ប្រទេស​ទី3ទៀត ដោយ​ផ្តល់​ទិដ្ឋាការ​ពេលមកដល់ (Visa-on-arrival និង​E-visa)ដើម្បី​ចូលមក​កាន់​ប្រទេស​ទាំងពីរ។

4 – ការជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​ដកស្រង់​បទពិសោធ​រវាង​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​បុគ្គលិក​ជំនាញ​មកពី​វិស័យ​ឯកជន​ដើម្បី​ចែករំលែក​បទពិសោធ​អនុវត្តល្អៗ សំដៅ​កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

សូម​កត់សម្គាល់ថា ភាគី​ទាំងពីរ​ក៏បាន​ស្នើ​ឱ្យមាន​ជំនួប​ពិភាក្សា​ការងារ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ឱ្យបាន​យ៉ាងតិច​មួយដង​ក្នុង​មួយឆ្នាំ និង​បង្កើត​ជំនួប​ពិភាក្សា​រវាង​ក្រុមការងារ​ជំនាញ និង​ផ្នែក​ឯកជន​ឱ្យបាន​ច្រើនដង​ជា​រៀងរាល់ឆ្នាំ៕

Advertisement