Kane សាទរ​ជ័យជម្នះ​របស់ Spurs ខណៈ Real លត់ APOEL ចាស់ដៃ

ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham  Hotspur បានសាទរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ធំមួយនៃក្រុមរបស់គេ តាមរយៈការបញ្ចប់ដោយការឈរលេខ១លើពូ H ក្នុងក្របខ័ណ្ឌ Champions  League ក្រោយពីបានវាយបកដើម្បីផ្តួលក្រុម Borussia Dortmund 2-1

Spurs មាន​សុវត្ថិភាព​ក្នុងការ​ឈរ​លេខ1ក្នុង​ពូ​ល H ក្រោយពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់ Kane និង Son Heung-min បាន​បំពេញ​ជ័យជម្នះ​របស់​ពួកគេ ក្រោយពី​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្រុម Dortmund បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​មុន។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Tottenham ដែល​បានឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​រួចជាស្រេច​នោះ មាន13ពិន្ទុ និង​បានធ្វើ​ឲ្យ​ក្រុម Real Madrid ត្រូវមាន​វាសនា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ខណៈដែល​នៅសល់1ប្រកួត​ទៀត។ Kane បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា៖ «វា​ជា​រាត្រី​ដ៏​ធំ និង​អស្ចារ្យ​មួយ​សម្រាប់​យើង សម្រាប់​អ្នកគាំទ្រ សម្រាប់​ក្លិប ក្នុងការ​បញ្ចប់​ដោយ​ឈរលើ​កំពូល​នៃ​តារាង​ពូ​ល ខណៈដែល​នៅសល់1ប្រកួត​ទៀត។ គ្រប់គ្នា​បានដាក់​ក្តីសង្ឃឹម​មកលើ​យើង នៅ​មុនពេល​ប្រកួត។ វា​ជា​កន្លែង​ដ៏​លំបាក​ក្នុងការ​ទៅដល់ និង​ឈ្នះ។ ពិតជា​រាត្រី​ដ៏​អស្ចារ្យ​មែន»។

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid បាន​លត់​ក្រុម APOEL យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុង​ទីក្រុង​ស៊ី​ប ដើម្បី​ឈានទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ក្រុម Liverpool បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំមុខ3គ្រាប់​ក្នុងការ​ប្រកួត​ដ៏​រំភើប​នៅលើ​ទឹកដី​ក្រុម Sevilla។

ក្រុម Real របស់លោក Zinedine Zidane បានធ្វើ​ការស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Tottenham Hotspur កាលពី​ជុំ​មុន តាមរយៈ​ការ​លត់​ក្រុម APOEL យ៉ាង​ចាស់ដៃ ខណៈដែល​ពួកគេ​បាន​រកបាន4គ្រាប់​នៅត្រឹម​តង់​ទី1៕

ប្រភពពី៖ Daily Stars

Advertisement