Chocolate Hillsបណ្ដុំ​កូនភ្នំ​ចម្លែក​នៃ​កោះ បូ​ហល ហ្វ៊ី​លី​ពី​ន

ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ានរបស់​យើង​មួយទៀត​ដែលមាន​តំបន់ស្អាតៗគួរឱ្យ​ចង់ទៅ​កម្សាន្ត​ជាច្រើន​កន្លែង មិនថាតែ​ឆ្នេរ បូរ៉ា​ហ្គា​យ ដ៏​ស្រស់ស្អាត និង​ល្បីល្បាញ​នោះទេ តែ​ក៏​នៅមាន​ទីកន្លែង​ដែល​ចម្លែក​ភ្នែក​មួយទៀត​ដែល​កើតឡើង​ពី​ការបង្កើត​របស់​ធម្មជាតិ ថែមទាំង​មានឈ្មោះ​ដូចគ្នា​នឹង​ស្ករ​គ្រាប់​ទៀតផង គឺ សូកូឡា ហៀ​ល។ តើ​ទីនោះ​មាន​អ្វី​ខ្លះទៅ ទំព័រ​ទេសចរណ៍​ឡា​រ៉ែ​ន នឹង​នាំ​មិត្ត​អ្នកអាន​ទៅ​ទស្សនា​ទាំងអស់គ្នា…។សូកូឡា ហៀ​ល (Chocolate Hills) ស្ថិតនៅលើ​កោះ បូ​ហល ប៉ែក​ខាងកើត​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន។ កោះ​នេះ​មានឈ្មោះ​ថា​ជា​កោះ​ដែល​ធំជាងគេ​បំផុត​របស់​ហ្វ៊ី​លី​ពី​ន មាន​ភាពស្រស់ស្អាត​តាម​ធម្មជាតិ​ដែល​ល្អឥតខ្ចោះ។ ឆ្នេរសមុទ្រ​ត្រូវបាន​ក្រាល​ដោយ​ខ្សាច់​ពណ៌​សក្បុស មានសម្បត្តិ​ធម្មជាតិ​ក្រោម​សមុទ្រ​ដ៏​សែន​ស្រស់ស្អាត ដែល​អ្នក​មុជទឹក​ទាំងឡាយ​តែង​នឹក​ស្រមៃ​ចង់​ទស្សនា តែ​ទីកន្លែង​ដែល​ធ្វើឱ្យ បូ​ហលមាន​លក្ខណៈ​ឯក លេចធ្លោ​ខុសពី​ទីកន្លែង​ផ្សេងទៀត​នោះ​គឺ ដែនដី​មួយ​នេះឯង។

ទ្រង់ទ្រាយ​របស់ សូកូឡា ហៀ​ល គឺជា​កូនភ្នំតូចៗ ជា​រាង​សាជី​ផ្កាប់ ដែលមាន​លក្ខណៈ​ហាក់ដូចជាប៉ុនៗគ្នា រៀង​គ្នា​ជា​ជួរ​ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ គ្របដណ្ដប់​លើ​ផ្ទៃដី​ជាង50គីឡូម៉ែត្រ​ការ៉េ ដែល​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​ប្រមាណ​ជា1,260 ទៅ 1,776កូនភ្នំ។ កម្ពស់​ជា​មធ្យម​គឺ​ប្រមាណ​ជា30-50ម៉ែត្រ ចំណែក​កូនភ្នំ​ដែល​ធំជាងគេ​បំផុត​មាន​កម្ពស់120ម៉ែត្រ។ គ្រោង​សាង​កូនភ្នំ​ទាំងនេះ​គឺជា​ថ្មកំបោរ ដែល​គ្របដណ្ដប់​ដោយ​ដើម​ស្មៅ ដោយ​កូនភ្នំ​ទាំងនេះ​កើត​ពី​ស្នាដៃ​របស់​ធម្មជាតិ​ដ៏​អស្ចារ្យ​ពន់ពេក។ ចំណែក​ប្រភព​នៃ​ឈ្មោះ​ដែល​ហៅថា ភ្នំ​ស្ករ​សូកូឡា​នេះ គឺ​មកពី​វា​មាន​រូបរាង​លក្ខណៈ​ស្រដៀង​នឹង​គ្រាប់ស្ករ​សូកូឡាមូលតូចៗជាច្រើន​ដុំ​ដែល​មក​រួមគ្នា​នៅក្នុង​កន្លែង​តែមួយ​ហ្នឹងឯង។

ចំណែក​ប្រវត្តិ​ដែល​ធ្វើឱ្យ​កើតជា​កូនភ្នំ​តូចធំ​ឡើង​ចំនួន​ច្រើន​បែបនេះ គេ​នាំគ្នា​និយាយថា កាលពី​យូរលង់​ច្រើន​លាន​ឆ្នាំមុន នៅ​បរិវេណ​នោះ​គឺជា​ផ្ទៃ​មហាសមុទ្រ ហើយ​នេះ​គឺ​ជួរ​ផ្កាថ្ម​ដ៏​សែន​សម្បូរបែប ក្រោយមក​ទឹកសមុទ្រ​បាន​កើតការ​រីងស្ងួត​ហួតហែង​អស់ បន្ទាប់ពី​នោះមក​ក៏​កើតមាន​ការកកើត​ការ​ពូ​នគរ​របស់​ថ្មកំបោរ​ឡើង​រហូត​ក្លាយជា​កូនភ្នំ​ទាំងនោះ។

តែបើ​តាម​រឿងរ៉ាវ​និទាន​របស់​អ្នក​ស្រុកភូមិក្បែរៗនោះ​វិញ គេ​នាំគ្នា​តំណាល​ថា កាលពី​ច្រើន​លាន​ឆ្នាំមុន មាន​យក្ស2ក្បាល តែងតែ​ឈ្លោះ​គ្នា​ជាប្រចាំ ពេល​ខឹងសម្បា ក្រេវក្រោធម្ដងៗ តែងតែ​លើក​ដុំថ្មធំៗគប់​ដាក់គ្នា។ ឈ្លោះ​គ្នា​គ្មាន
​លស់​ថ្ងៃ​រហូតដល់​ធុញទ្រាន់ ក៏​បែរមក​ចរចា​ត្រូវរ៉ូវ​គ្នា និង​បានក្លាយ​មិត្តសម្លាញ់​នឹង​គ្នា​វិញ​នៅ​ទីបំផុត។ បន្ទាប់ពី​នោះមក​មហា​យ​ក្ស​ទាំង2 មិន​ព្រម​បោសសម្អាត​ទីកន្លែង​ដែល​ខ្លួន​ធ្លាប់​លើក​ដុំថ្ម​គប់​ដាក់គ្នា​នោះឡើយ ទើប​វា​ក្លាយជា​គំនរ​ថ្ម និង​ដី​ដែលមាន​ចំនួន​ដ៏​ច្រើន​មហាសាល​ឱ្យ​យើង​បាន​ទស្សនា​នៅថ្ងៃនេះ។ឯ​រឿង​មួយទៀត​បាន​តំណាល​ថា គឺជា​សោកនាដកម្ម​រ៉ូ​មែន​ស៍ ដែល​បង្កឡើង​ដោយ​មហា​យក្ស​មួយ​ក្បាល​ដែល​លង់​ស្នេហ៍​នឹង​នារី​ម្នាក់ តែ​ក្រោយមក​នារី​ម្នាក់​នោះបាន​ស្លាប់ចោល ធ្វើឱ្យ​មហា​យក្ស​ខូចចិត្ត​សោកស្ដាយ ក៏​ស្រែក​ទួញ​សោក​ទ្រហោយំ រហូត​ទឹកភ្នែក​ក្លាយជា​កូនភ្នំ​ទាំងនោះ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។

ទោះជា​មានរឿង​តំណាល​ពី​ប្រវត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដុំ​ភ្នំ សូកូឡា ហៀ​ល នេះ​ជាច្រើន​រឿង​ក៏ដោយ តែ​ទីបំផុត​ទៅ ទ្រឹស្ដី​ខាង​ធរណីវិទ្យា មើលទៅ​ហាក់ដូច​ជាមាន​ភាព​ពិត​ត្រឹមត្រូវ​ជាមួយនឹង​ចម្លើយ​ខ្លាំង​បំផុត តែ​ក៏​នៅតែមាន​ចំណុច​សង្ស័យ​ដដែល​ថា តើ​វាគរ​ពីលើ​គ្នា​យ៉ាងណា បានក្លាយ​ជា​រូប​សាជី​ផ្កាប់​ដែលមាន​ទំហំ​សឹងតែប៉ុនៗគ្នា​ដល់​ថ្នាក់​នេះ? ដែល​សូម្បីតែ​អ្នកជំនាញការ​ក៏​មិនទាន់​រក​ចម្លើយ​ច្បាស់លាស់​ឃើញ​នៅឡើយ​ដែរ…៕

Advertisement