អង្គការ​ស៊ី​ប៉ា នឹង​រៀបចំ​ពិធី​លៀង​សាយភោជន​សមោសរ (Gala Dinner) អបអរសាទរ​ខួប​ទី 35ឆ្នាំ

អង្គការ​ស៊ី​ប៉ា គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​ប្រទេស​បារាំង ដែល​បង្កើតឡើង​នៅ​ឆ្នាំ1982 ហើយ​អនុវត្ត​ការងារ​ដោយ​បុគ្គលិក​ខ្មែរ​ប្រកបដោយ​វិជ្ជាជីវៈ​ចំនួន 45នាក់។ ជា​ដៃគូ​យ៉ាង​ជិត​ស្និ​ទ្ឋ​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​ស៊ី​ប៉ា​បានធ្វើ​ការងារ​យ៉ាងសកម្ម​ជាមួយ​ប្រជាជន ក្រីក្រ​ដើម្បី​អភិវឌ្ឍ​ការអាន និង​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​អនក្ខរកម្ម​នៅ​កម្ពុជា។ ដោយ​គោរព​តាម​បេសកម្ម «អាន និង​រៀន គឺ​ដើម្បី​កសាង​អនាគត» អង្គការ​ស៊ី​ប៉ា​បាន​ជំរុញឱ្យមាន​ល​ទ្ឋ​ភាព​ក្នុង​ការទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​មួយ​តាមរយៈ​ការបង្កើន​ការអាន និង​ការបោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​ហើយ​ចែកចាយ​ទូទាំង​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា។ សព្វថ្ងៃនេះ បណ្ណាល័យ​ជាង 340 ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅតាម​សាលារៀន មន្ទីរពេទ្យ សហគម​ន៏​ក្រីក្រ រោងចក្រ និង​ពន្ធនាគារ​សម្រាប់​អ្នកអាន និង​អ្នករៀន​សរុប​ជាង 600,000នាក់។ អង្គការ​ស៊ី​ប៉ា​ក៏បាន​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​ជាង 1,8លាន​ក្បាល​ផងដែរ។

ដើម្បី​បង្កើន «ការអាន និង​រៀន គឺ​ដើម្បី​កសាង​បរិស្ថាន​ល្អ​មួយ» អង្គការ​ស៊ី​ប៉ា​នឹង​រៀបចំ​ពិធី​លៀង​សាយភោជន​សមោសរ (Gala Dinner) នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2017 នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង លោកជំទាវ  Eva Nguyen Binh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ស្វែងរក​មូលនិធិ​ដើម្បី​ទ្រទ្រង់​បណ្ណាល័យ​ចល័ត​មួយ​សម្រាប់​បង្កើន​ការអាន និង​ពង្រីក​ការអប់រំ​ដែល​ទាក់ទង​នឹង​បរិស្ថាន​ទៅដល់​កុមារ​ជាង 2,000 នាក់​ក្នុង​មួយឆ្នាំ។ សកម្មភាព​កម្សាន្ត​ដ៏  អស្ចារ្យ​ជាច្រើន​នឹងត្រូវ​រៀបចំឡើង​ក្នុង​កម្មវិធី​នេះ រួមជាមួយ​ការបង្ហាញ​សិល្បៈ​គំនូរ​បន្ត​ផ្ទាល់​ពី​វិចិត្រករ​ខ្មែរ​ដ៏ ល្បីល្បាញ​ម្នាក់​គឺ កញ្ញា លី​សា ម៉ម (Lisa Mam) ការបង្ហាញ​ម៉ូត​ដោយ​ប្រើប្រាស់​សម្លៀកបំពាក់​កែច្នៃ និង​ការដាក់​ដេញថ្លៃ​ផងដែរ។

រាត្រី​ដ៏​មាន​អត្ថន័យ​នេះ នឹង​មិនអាច​កើតឡើង​បានឡើយ​ប្រសិនបើ​គ្មាន​ការគាំទ្រ​អំពី សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Total ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ក្រុមហ៊ុន Vinissimo និង​សភាពាណិជ្ជកម្ម​បារាំង​ខ្មែរ (CCIFC)។

ជា​ចុងបញ្ចប់ នៅក្នុង​រាត្រី​ដែល​មិនអាច​បំភ្លេចបាន​នេះ ភ្ញៀវកិត្តិយស និង​អ្នកចូលរួម​ទាំងឡាយ​នឹង​អញ្ជើញ ទទួលទាន​ម្លូ​ប​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​ស្រាក្រហម​ដ៏​មានឱជារស ការសម្តែង​ដ៏​អស្ចារ្យ និង​បង្កើន​ទំនាក់ទំនង​យ៉ាង​ជោគជ័យ។ នេះ​ក៏​ជា​ឱកាស​ពិ​សេសមួយ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ភាពជោគជ័យ​របស់ អង្គការ​ស៊ី​ប៉ា​រយៈពេល 35ឆ្នាំ​កន្លងមកនេះ ក្នុងការ​លើកកម្ពស់​កា​រ​អាន​នៅក្នុង​ប្រទេស​កម្ពុជា ព្រម​ជាមួយនឹង​ការអបអរសាទរ​ដំណាច់ឆ្នាំ​សកល​ផងដែរ។

សំបុត្រ​អាច​រក​ទិញ​បាន​តាមរយៈ https://www.last2ticket.com/en/events/535/

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក

អង្គការ​ស៊ី​ប៉ា

លោក លឹម ម៉េង​ហួរ ជំនួយការ​ទំនាក់ទំនង
ទូរស័ព្ទ: 015 757680; Email: menghour.lim@sipar-cam.org
Website: https://www.sipar.org/en
Facebook: https://www.facebook.com/siparcambodia/

Advertisement