គង់ ចាន់ស្រីមុំ និងស្វាមីបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយសាងសង់ខ្លោងទា្វរសាលាដូង

បន្ទាប់ពីបានបាត់មុខមួយរយៈពីពិភពសិល្បៈ ពីការសម្ដែង MV វីដេអូចម្រៀង ស្ប៉តពាណិជ្ជកម្ម ក៏ដូចជារឿងភាគទូរទស្សន៍ និងកំពុងទទួលបានជោគជ័យលើមុខជំនួញនោះ ថ្មីៗនេះសារព័ត៌មាន ឡារ៉ែន ទទួលបានដំណឹងថា អ្នកនាង​គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក សីហា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 7,77០ ,០០០ រៀល ក្នុងគោលបំណងជួយសាងសង់​ខ្លោងទ្វារសាលា​ដូង​បន្ថែម ដែលមាន​ប្រវែង 150 ម៉ែត្រ និង​ជួយ​ឧបត្ថម្ភដល់​ជីវភាពក្មេង​កំព្រាជាច្រើននាក់​ឲ្យ​បានចៀសផុត​ពីដើរ​ការ​សុំទាន​តាមផ្លូវ ព្រមទាំងឧបត្ថម្ភជំនួយដល់មនុស្សចាស់​ជរា​ទៀត​ផង។

សូមជម្រាបថា ​ខ្លោងទ្វារសាលាដូង​ដែលគ្រោងនឹងសាងសង់បន្ថែមប្រវែង 150 ម៉ែត្រនេះ​​ នឹងត្រូវ​ធ្វើទ្បើងពីឈើ និងសម្បកកំប៉ុងអេតចាយ​។ យ៉ាងណាមិញ ក៏មានសាងសង់បន្ថែមនូវរោងប្រក់ស្បូវមួយខ្នងសម្រាប់​ក្រុមមនុស្សចាស់ជរា​ដែលមានទំហំ 12ម៉ែត្រផងដែរ​។

នាឱកាសដ៏វិសេសវិសាលខាងលើ តារាស្រីរូបនេះក៏បាននាំយកនូវថវិកា​ សារុង​ ក្រមា​ និងនំនែកមួយចំនួនទៅចែកជូនលោកតា លោកយាយ និងកុមារៗនៅទីនោះផងដែរ។

អ្នកនាង ​គង់ ចាន់ស្រីមុំ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «នាងខ្ញុំពិតជារំភើប និងរីករាយខ្លាំងណាស់ដែលបានជួយដល់សាលាដូង​គិរីរម្យ និង​មនុស្សចាស់ជរា​ ក្មេងៗដែលស្នាក់នៅក្នុងទីនេះ​ឱ្យចៀសផុតពីការសុំទាននៅតាមដងផ្លូវ​។ វាគ្រាន់តែជាមួយចំណែកតូចមួយដែលនាងខ្ញុំអាចជួយដល់សង្គមរបស់យើងប៉ុណ្ណោះ ហើយនាងខ្ញុំក៏សូមអរគុណផងដែរទៅដល់ក្រុមការងារ និងមិត្តភ័ក្តិទាំងអស់​ រួមទាំងពុកម៉ែបងប្អូនដែលតែងតែគាំទ្រនាងខ្ញុំកន្លងមក។ សូមផ្ញើសេចក្តីស្រឡាញ់មួយនេះនៅក្នុងដួងចិត្តអ្នកគ្រប់គ្នាផង»។

គួរបញ្ជាក់ផងដែរថា សាលាដូង គឺជាមណ្ឌលសប្បុរសធម៌ដែលប្រមែប្រមូល និងជួយដល់កុមារកំព្រា និងចាស់ជរាដែលគ្មានទីពំនាក់។ នៅក្នុងសាលាដូង មានថ្នាក់រៀនសម្រាប់កុមារកំព្រាដែលមិនចេះអក្សរ  មានរោងសម្រាប់ស្នាក់នៅ និងចិញ្ចឹមមើលថែទាំជនកំព្រាទាំងនោះទៀតផង។ សាលាដូងអាចរស់នៅបានដល់សព្វថ្ងៃនេះគឺ ដោយសារការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា។ សាលាដូងមិនរើសអើងចំពោះអំណោយ ឬជំនួយឡើយ សូម្បីដែលរបស់របរចាស់ៗដែលលែងប្រើហើយ សម្បកកំប៉ុងអេតចាយ(សំរាម) ឬអ្វីក៏ដោយ ក៏សាលាដូងទទួលយកដែរ។ សាលាដូងសព្វថ្ងៃមាន 2 សាខា គឺទីមួយនៅកោះដាច់ និងទីពីរនៅឧទ្យានជាតិគីរីរម្យ៕

Advertisement