Barca ទៅ​ជួប Juventus ខណៈ Chelsea សម្លឹង​កៅអី​វគ្គ 16ក្រុម រាត្រី​នេះ

ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ធ្លាក់​ទម្រង់​លេង Juventus ក្នុងការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នេះ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ស្រប​ពេលដែល​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស Chelsea សម្លឹង​រក​កៅអី​វគ្គ16ក្រុម​ចុងក្រោយ នៅពេលដែល​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អា​ស៊ែ​បៃ​ហ្ស​ង់ ដើម្បី​ប៉ះ​ជាមួយនឹង​ក្រុម Qarabag។

ស្របពេល​ជាមួយគ្នានេះ Roma អាច​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ទាប់ តាមរយៈ​ការ​ដណ្តើមបាន1ពិន្ទុ​លើទឹក​ដី​ក្រុម Atletico Madrid ស្របពេល Chelsea នឹង​ឈានទៅ​វគ្គ16ក្រុម ដោយ​ការយក​ឈ្នះ​លើ​ក្រុម Qarabag ឬ​ប្រសិនបើ Atletico មិនអាច​ដណ្តើមបាន​ជ័យជម្នះ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ។ Roma បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការយក​ឈ្នះ Lazio 2-1 ក្នុងការ​ប្រកួត​លី​ក​របស់​ពួកគេ។ ក្នុង​ពូ​ល C ដូចគ្នានេះ Chelsea នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​លត់​ក្រុម Qarabag យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុងពេល​ក្រុម​ទាំង​បាន​ជួបគ្នា​កាលពី​ថ្ងៃ​បើកឆាក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​តោ​ខៀវ​មួយ​នេះ បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម West Brom ក្នុង​លទ្ធផល 4-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​មុននេះ។ ស្របពេល​ជាមួយគ្នានេះ ក្រុម Barcelona នឹង​បញ្ចប់​ដោយ​ឈរលើ​លេខ1ក្នុង​ពូ​ល តាមរយៈ​ការដណ្តើម​បាន​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង Juventus កាលពី​ឆ្នាំមុន ។ ក្រុម Juventus បាន​រង​បរាជ័យ​ដ៏​កម្រ​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ចាញ់​ក្រុម Sampdoria 3-2 ក្នុងពេល​អ្នកចាំទី Gianluigi Buffon និង​ខ្សែការពារ Andrea Barzagli មិនត្រូវ​បានដាក់​ឲ្យ​ចូល​លេង។ ប៉ុន្តែ លោក  Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​សារភាព​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ទស្សនា​ការរង​បរាជ័យ​ក្នុង​លទ្ធផល 3-០ ក្រោម​ស្នាដៃ​ក្រុម Juventus កាលពី​រដូវ​កាល​មុន ម្តង​ហើយ​ម្តងទៀត ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង Turin នៅ​រាត្រី​នេះ។

លោក Valverde ដែល​បាន​ចូល​ជំនួស​កន្លែង​របស់លោក Luis Enrique កាលពី​ខែឧសភា កន្លងទៅ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​ជើង​ទី1ម្តង​ហើយ​ម្តងទៀត ដើម្បី​ត្រៀមលក្ខណៈ។ នេះ​គឺជា​វគ្គ​ចាញ់​ធ្លាក់ ហើយ​ស្ថានភាព​ក៏​ខុសគ្នា​ដែរ​នៅពេលនេះ ប៉ុន្តែ យើង​ពិតជា​ដឹងថា Juventus នឹង​ចាប់ផ្តើម​យ៉ាងរឹងមាំ ហើយ​យើង​ត្រូវតែ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​សម្រាប់​ការ​វាយបក»។ Chelsea នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ម៉ោង12 អធ្រាត្រ ខណៈ Barca និង Juventus ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ sports.yahoo.com

Advertisement