ជឿ ឬ​មិន​ជឿ? កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី6លើ​ពិភពលោក

ភ្នំពេញ៖ ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​សាជាថ្មី​ដោយ​ដកស្រង់​របាយការណ៍រ​បស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (WB)ដែល​បាន​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​លំដាប់​ទី6 នៅលើ​ពិភពលោក​ក្នុង​រង្វង់ 20ឆ្នាំជាប់ៗគ្នា​នា​រយៈពេល​ចុងក្រោយ​នេះ។

ឯកឧត្តម​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ការត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី2របស់​កម្ពុជា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស នៅ​ថ្ងៃទី21 ដល់ ខែវិច្ឆិកា​​ថា «ទោះបីជា​កម្ពុជា​ជា​ប្រទេស​តូច​ក៏ដោយ ក៏​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​របប​ទីផ្សារសេរី និង​សេដ្ឋកិច្ច​បើកចំហ​ដែរ»។

ដោយសារ​គោលនយោបាយ​ទីផ្សារសេរី និង​សេដ្ឋកិច្ច​បើកចំហ​នេះហើយ ដែល​ចាប់តាំងពី​ឆ្នាំ2011មក កម្ពុជា​បានសម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ7%ក្នុង​មួយឆ្នាំ ខណៈដែល​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្សម្នាក់ៗមាន​ចំនួន 1,302 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2016 ធៀប​នឹង​ឆ្នាំ2011 ដែលមាន​ត្រឹមតែ 911ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ថា​ម​វ័​ន្ត​នេះ​បានធ្វើឱ្យ​មានការ​រីកចម្រើន​លើ​សុខុមាលភាព​ប្រជាជន​កម្ពុជា និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី 53 ភាគរយ​ក្នុង​ឆ្នាំ2004 មក​នៅត្រឹម13.5 ភាគរយ​ក្នុង​ឆ្នាំ2014 និង​អត្រា​គ្មាន​អក្ខរកម្ម​កើន​ពី 79.9 ភាគរយ​ក្នុង​ឆ្នាំ2011 ដល់ 80.5ភាគរយ ក្នុង​ឆ្នាំ2015។

ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​ធ្លាប់បាន​លើកឡើងថា វា​ជា​ការពិត បើ​យើង​ក្រឡេកមើល​ទៅលើ ល្បឿន​សេដ្ឋកិច្ច​ដែលមាន​កំណើនថេរ​ក្នុង​រយៈពេល​ជិត2ទសវត្សរ៍​ចុងក្រោយ​នេះ ដែលជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​ឈរលើ​លំដាប់​ទី6នៅលើ​ពិភពលោក​ពិតមែន ប៉ុន្តែ​ដោយសារ​កម្ពុជា​ជា​ប្រទេស​តូច​មាន​ប្រជាជន​តិច ទើប​ទោះបី​ជាមាន​កំណើនសេដ្ឋកិច្ច​ថេរ​ដូច្នេះ​ក៏ដោយ ក៏​មិនអាច​ប្រៀបធៀប​នឹង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​រយ​លាន​នាក់​បានដែរ ទោះជា​សេដ្ឋកិច្ច​របស់គេ​កើនឡើង​ត្រឹមតែ 1 ឬ2% ក៏​ច្រើនជាង​យើង7%នេះដែរ៕

Advertisement