ប្រជាជន​ចាប់ផ្តើម​ចេះ​អាន តែ​មិនទាន់​ស្គាល់​ច្បាស់​ពី​បណ្ណាល័យ

នាពេល​បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ចូលចិត្ត​អាន និង​មើលឃើញ​ពី​តម្លៃ​នៃ​ការអាន​កាន់តែ​ច្រើនឡើង​ហើយ តែ​អ្វីដែល​នៅតែ​ជា​បញ្ហា​នោះ គឺ​ពួកគាត់​មិនទាន់​ស្គា​ល់ពី​សេវាកម្ម​របស់​បណ្ណាល័យ​ច្បាស់​នៅឡើយ ដែល​ពេលខ្លះ​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ការអាន​ទៅវិញ នៅពេលដែល​គាត់​មិនសូវ​ទៅ​បណ្ណាល័យ ឬ​ធ្វើ​អ្វី​ផ្សេង​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បង្កើន​ទម្លាប់​នៃ​ការអាន​នេះ។

អ្នកស្រី ខ្លូត វិបុល​ឡា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា​បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ ថ្វីដ្បិតតែ​ទម្លាប់​នៃ​ការអាន​នៅមានកម្រិត​ក្តី តែ​កំណើន​នៃ​ការអាន​ក៏​ចាប់ផ្តើម​មានខ្លះៗដែរ​ហើយ​ក្នុងចំណោម​យុវជន​ខ្មែរ ព្រោះថា ជាក់ស្តែង​យើង​បាន​មើលឃើញ​តាមរយៈ​ការធ្វើ​ពិព័រណ៍​សៀវភៅ​ប្រចាំឆ្នាំ​ជា​រៀងរាល់ឆ្នាំ ដែល​បង្ហាញថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សៀវភៅ​ដែល​ដាក់តាំង​នៅក្នុង​ពិព័រណ៍​សៀវភៅ​បាន​លក់ដាច់​រាប់ម៉ឺន​ក្បាល ហើយ​សម្រាប់​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​មួយចំនួន​ក៏បាន​ពង្រីក​ស្តង់​របស់​ខ្លួន​ពី 2 ស្តង់​នៅ​ឆ្នាំមុន មក5ស្តង់​នៅ​ឆ្នាំនេះ។

លោកស្រី ខ្លូត វិបុល​ឡា បាន​មានប្រសាសន៍ថា៖ «តាមពិតទៅ​ចំនួន​អ្នកអាន​បាន​កើនឡើង តែ​អ្វី​ដែលជា​បញ្ហា គឺ​ប្រជាជន​ជាច្រើន​ទៀត​នៅ​ខ្វះ​ទម្លាប់​នៃ​ការអាន និង​មិនទាន់​ស្គាល់​ពី​បណ្ណាល័យ​ដែលមាន​យ៉ាងច្រើន​នៅ​កម្ពុជា​យើង​នៅឡើយ»។

លោកស្រី ខ្លួ​ត វិបុល​ឡា បាន​បន្ថែមទៀតថា ជាក់ស្តែង​ដូចជា​បណ្ណាល័យ​ជាតិ មនុស្ស​ជាច្រើន​គិតថា ជា​បណ្ណាល័យ​របស់​រដ្ឋា​ភិ​បាល ហើយ​មិន​ហ៊ាន​ចូល​មើល តាមពិត​បណ្ណាល័យ​ជាតិ គឺ​បើក​ឱ្យ​សាធារណជន​ទូទៅ​បាន​ចូល​អាន​ផងដែរ។

លោក គឹម ច័ន្ទ​ត្រា​បុត្រ គណៈកម្មការ​រៀបចំម​ហោ​ស្រព​បណ្ណាល័យ​កម្ពុជា និង​ជា​អ្នកបច្ចេកទេស​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បានលើកឡើង​ថា ជាការ​មើលឃើញ​របស់​លោក ប្រជាជន​ដែល​ស្គាល់​ពី​បណ្ណាល័យ​ច្បាស់​មាន​តិច​ណាស់។ ការ​ស្គាល់​បណ្ណាល័យ​នេះ​សំដៅលើ​ការ​ស្គាល់​សេវា​របស់​បណ្ណាល័យ ដែលមាន​សេវា​ផ្សេងទៀត​ជាច្រើន​ក្រៅពី​ការដែល​គ្រាន់តែ​ចូលទៅ​អាន​សៀវភៅ។

លោក គឹម ច័ន្ទ​ត្រា​បុត្រ បាន​និយាយថា៖ «ប្រសិន​បើតាម​ការមើល​ឃើញ​របស់លោក សម្រាប់​អ្នក​នៅក្នុង​ទីក្រុង​មាន​អ្នក​ស្គាល់​ពី​សេវា​បណ្ណាល័យ​ប្រហែល​ច្រើនជាង 20% តែ​សម្រាប់​អ្នក​ដែល​រស់នៅ​តំបន់​ជនបទ​វិញ​មាន​ត្រឹមតែ​ប្រមាណ 5%ប៉ុណ្ណោះ»។

លោក គឹម ច័ន្ទ​ត្រា​បុត្រ បាន​លើកឡើងថា បញ្ហា​នេះ​អាច​ជះឥទ្ធិពល​ខ្លះ​ដែរ​ដល់​ការអាន​នៅ​កម្ពុជា ហេតុនេះ​អ្វីដែល​អាច​ជំរុញឱ្យមាន​ដំណោះស្រាយ គឺ​យើង​បង្កើតជា​ពិព័រណ៍​បណ្ណាល័យ​ឡើង​ដើម្បី​បង្ហាញឱ្យឃើញ​ពី​ចំនួន​បណ្ណាល័យ និង​សេវាកម្ម​យ៉ាង​សម្បូរបែប​របស់​បណ្ណាល័យ​ដែលមាន​សម្រាប់​ប្រជាជន​កម្ពុជា​យើង៕

Advertisement