ម៉េង កែវពេជ្ជតា រិះគន់រូបិយប័ណ្ណថ្មីម៉ាទំហឹង

នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ 2017​ ម្សិលមិញនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានទម្លាយសាររិះគន់រូបិយប័ណ្ណក្រដាសប្រាក់ដែលទើបតែចេញថ្មីថា ងាយភាន់ច្រឡំ ងាយវង្វេងវង្វាន់ក្នុងការចាយវាយ។ សាររបស់អ្នកនាងហាក់បីដូចជាបានរិះគន់ទៅកាន់ធនាគារជាតិ និងរាជរដ្ឋាភិបាលចំៗតែម្ដងដើម្បីសុំឱ្យពិចារណារឿងនេះឡើងវិញ។

នៅក្នុងនោះដែរតារាចម្រៀងស្រីជើងចាស់ និងមានឈ្មោះល្បីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកថា «និយាយពីរឿង​ រូបិយប័ណ្ណ​ (​ លុយ​ )​ នៅស្រុកខ្ញុំវិញ​ ម្តេចក៏មានច្រើនរូប​ ច្រើនបែបម្ល៉េះ​? ចំនួនទឹកប្រាក់តែមួយ​ ប៉ុន្តែមានរូបរាង​ ពណ៌​ រូបភាព​ ទំហំផ្សេងៗគ្នា​ ធ្វើឱ្យអ្នកចាយមានការវង្វេងវង្វាន់ភាន់ច្រឡំ​។ នេះសម្រាប់ប្រជាពលរដ្ឋខ្មែរផង​ ចុះទម្រាំជនបរទេសទៀត​ តើគេនឹងពិបាកសម្គាល់​​យ៉ាងណាទៅ​? ខ្ញុំមិនដឹងថា​ ​នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ​ តែខ្ញុំឆ្ងល់​មែនទែន​ ព្រោះមិនដែលឃើញលុយ​ អាមេរិក​ បារាំង​ អូស្ត្រាលី​អី ​គេដូរញឹកញាប់ដូច្នេះផង​ គឺទាល់តែយូរណាស់​ ទើបដូរម្តង…ឆ្ងល់…»។

សូមជម្រាបផងដែរថា នៅខាងក្រោមសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា  គេសង្កេតឃើញមានមតិមហាជនជាច្រើននាក់ បានចូលមកគាំទ្រសាររបស់អ្នកនាង ព្រមទាំងសម្ដែងការមិនពេញចិត្តដូចគ្នាដែរ៕

Advertisement