លោក Emery ផ្តោត​លើ​ការ​ជួប Bayern ក្រោយ PSG បំ​បាក់ Celtic ចាស់​ដៃ

លោក Unai Emery គ្រូ​បង្វឹក​របស់​ក្រុម Paris Saint-Germain បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក​រក្សា​​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត​ក្នុង​យុទ្ធ​នា​​ការ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល​របស់​ពួក​គេ ក្រោយ​ពី​​តារា​ឆ្នើម Neymar បាន​ជួយ​ឲ្យក្រុម​របស់ខ្លួន​​​បំ​បាក់​ក្រុម Celtic យ៉ាង​ចាស់​ដៃ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ក្រុម PSG បាន​ធ្វើ​ការ​វាយ​បក​ដេញ​តាម​ពី​ក្រោយ​ដើម្បី​ផ្តួល​ក្រុម​​ម្ចាស់​ជើង​ឯក​ស្កុត​ឡេន​មួយ​នេះ ក្នុង​លទ្ធផល 7-1 នា​កីឡដ្ឋាន Parc des Princes ក្រោម​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​របស់ Neymar ដែល​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​2​​គ្រាប់ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Moussa Dembele បាន​ជួយ​ឲ្យ​​ក្រុម Celtic មាន​គ្រាប់​បាល់​នាំ​មុខ​មុន​។​ ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​​ទី​2​គ្រាប់​ផងដែរ ស្រប​ពេល​ដែល​ Kylian Mbappe, Marco Verratti និង Dani Alves​ រក​បាន​ម្នាក់​1​​គ្រាប់​ដូច​​គ្នា ដើម្បី​​ធ្វើ​ឲ្យ​ក្រុម​របស់​ពួក​គេ​​រក​បាន​គ្រាប់​បាល់​សរុប​24​គ្រាប់​ក្នុង​វគ្គ​ចែក​ពូល ​ខណៈ​ដែល​នៅ​សល់​តែ1​ប្រកួត​​ទៀតប៉ុណ្ណោះ​ក្នុង​ពូល B របស់​ពួក​គេ​។​ ការ​ទទួល​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​ពុធ ក៏​ជា​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំផុត​របស់ PSG ផងដែរក្នុងយុទ្ធ​នា​ការ​នេះ ក្រោយ​ពី​បាន​បំ​បែក​កំណត់​ត្រា​កាលពី​មុន​របស់​ពួក​គេ គឺ​ការ​យកឈ្នះ 7-2 លើ​ក្រុម Rosenborg​កាល​ពី​ខែ​តុលា ឆ្នាំ​2០០០ ដែលនៅ​ពេល​​នោះ​ខ្សែ​ប្រយុទ្ធ​ Nicolas Anelka បាន​​ស៊ុត​បាល់​បញ្ចូល​ទី​2​គ្រាប់​។

ខណៈ​ដែល​បាន​ឈាន​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ​រួ​ច​ស្រេចហើយ​មុន​ពេល​ការ​ប្រកួត​នេះ PSG នឹង​សម្លឹង​រក​ការ​​ឈ្នះ​កៅអី​​លេខ​1ក្នុង​ពូល B ពី​លើ​ក្រុម Bayern Munich នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​អាល្លឺ​ម៉ង់ សម្រាប់​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល​របស់​ពួក​គេ​នៅ​ខែ​ក្រោយ​៕ លោក Emery បាន​​ឲ្យ​ដឹង​ថា៖ «Bayern គឺជា​ក្រុម​ដ៏ខ្លាំង​មួយ​។ វា​នឹងក្លាយ​​ជា​ការ​សាក​ល្បង​ដ៏​ល្អ​មួយ​។ ពួក​គេ​​ស្ថិ​តក្នុង​ចំណោម​ក្រុម​ដែល​អាច​ឈ្នះ​ពាន Champions League»​​៕

ប្រភពពី៖ Sport24

Advertisement