ប៊ី សុធារី ត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរ ព្រោះនៅសល់តែ 4 ថ្ងៃទៀតទេ

នៅសល់តែ 4 ថ្ងៃទៀតទេ គឺជាថ្ងៃដែលបវរកញ្ញាឯក ប៊ី សុធារី  នឹងត្រូវឡើងប្រកួតលើវេទិកាលំដាប់អន្ដរជាតិ Miss Universe 2017  វគ្គចុងក្រោយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27 វិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ ។ បើតាមរយៈហ្វេសប៊ុកផ្លូវការរបស់ Miss Universe Cambodia បានឱ្យដឹងថា នេះជាលើកដំបូងក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ ដែលប្រទេសកម្ពុជាមានកិត្តិយសបានទៅបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនេះដែរ ដែលវាមិនមែនជារឿងងាយស្រួលឡើយ។

បន្ទាប់ពីបានគ្រងតំណែងជាជយលាភីកញ្ញាឯកកម្ពុជាឆ្នាំ 2016 កញ្ញា ប៊ី សុធារី បានត្រៀមលក្ខណៈជាច្រើនដូចជាកម្លាំងចិត្ត និងបញ្ញាស្មារតីសម្រាប់ចូលរួមក្នុងការប្រកួតកម្មវិធីមួយនេះអស់រយះពេលជិតមួយឆ្នាំមកហើយ។

នាងបាន​បង្កើនភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយគ្រូបង្វឹករបស់នាងដែលមិនមែនត្រឹមតែជាភ្នាក់ងាររៀបចំកម្មវិធីកញ្ញាឯកកម្ពុជានោះទេ។ នាងបានធ្វើដំណើរទៅប្រទេសហ្វីលីពីនដើម្បីធ្វើការហ្វឹកហាត់បន្ថែមក្នុងការដើរបង្ហាញម៉ូដ រួមទាំងការហ្វឹកហាត់ឆ្លើយសំនួរដែលទាក់ទងនឹងកម្មវិធីប្រកួតផងដែរ។

កញ្ញា ប៊ី សុធារី បានបញ្ជាក់ប្រាប់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរទាំងអស់ នាងខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកញ្ញាឯកតំណាងប្រទេសកម្ពុជាដ៏មានតម្លៃរបស់ប្រទេសដ៏ស្រស់ស្អាតរបស់យើង។ នាងខ្ញុំនៅតែសំណូមពរ សូមឱ្យអ្នកទាំងអស់គ្នានៅតែបន្តការគាំទ្ររូបនាងខ្ញុំបន្តទៀត»។

គួរបញ្ជាក់បន្ថែមផងដែរថា ខណៈនេះកញ្ញា ប៊ី សុធារី កំពុងត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរយើងជាខ្លាំងក្នុងការបោះឆ្នោតគាំទ្ររូបនាងដើម្បីឱ្យបានជាប់បន្ដជា Miss Popular Vote ដែលនឹងជាប់ដោយស្វ័យប្រវត្តិទៅវគ្គចុងក្រោយ ព្រោះថា នៅសល់តែ 4 ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះសូមចូលរួមបោះឆ្នោតលើកទឹកចិត្ត និងគាំទ្ររូបនាងទាំងអស់គ្នាផង តាមរយៈLink ៖  vote.missuniverse.com ៕

 

Advertisement