Barca និង Chelsea ទៅ​វគ្គ​16ក្រុម ខណៈ Man Utd ចាញ់​​លើ​ទឹកដី Basel

ក្រុម Barcelona និង Chelsea បាន​កក់​​កៅអី​របស់​ពួក​គេ​រៀង​ៗខ្លួន​ទៅ​កាន់វគ្គ​16​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែក្រុម​​បិសាចក្រហម Manchester United បាន​​រង​បរា​ជ័យ​ដ៏​មិន​នឹក​​​ស្មាន​ដល់​​ក្នុង​លទ្ធផល 1-០ នៅ​លើ​ទឹក​ដីក្រុម Basel​​។

ក្រុម Barcelona​ បាន​បញ្ចប់​​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Juventus ក្នុង​ទីក្រុង Turin ដើម្បី​​​ទទួល​បាន​1ពិន្ទុ ដែល​​គ្រប់​គ្រាន់​ក្នុង​ការ​​ជួយ​ឲ្យ​ពួក​គេឈាន​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជាក្រុម​ឈរ​លេខ​1ក្នុង​ពូល D បើ​ទោះ​បី Lionel Messi ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​នាម​​ជា​​កីឡាករ​បម្រុង​ក៏ដោយ​។ ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ក្រុម Chelsea ក៏បាន​ឈាន​ទៅ​វគ្គ​បន្តដោយសុវត្ថិ​​​​ភាពដែរ​ ក្រោយ​ពី​បាន​ផ្តួល​ក្រុម Qarabag របស់​អា​ស៊ែ​បៃ​ហ្សង់ យ៉ាងបរិបូណ៌​ក្នុង​លទ្ធ​ផល 4-០ ដើម្បី​រក្សា​ការ​ឈរ​លេខ​1ក្នុង​ពូល C ពី​លើ​ក្រុម Roma ដែល​បាន​ចាញ់​ក្រុម Atletico Madrid 2-០ នៅ​ថ្ងៃ​ដដែល​នោះដែរ​។ ប៉ុន្តែ ក្រុម Man Utd ដែលហាក់ដូច​ជាកំពុង​ស្ថិត​នៅ​លើ​ផ្លូវ​​ក្នុង​ការ​ទទួល​បាន​ពិន្ទុ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ការ​បានកក់​កៅអី​ទៅ​វគ្គ​16​​ក្រុម​ចុង​ក្រោយ​ទៅហើយនៅក្នុង​ប្រទេស​ស្វ៊ីសនោះ ស្រាប់តែត្រូវបាន​​កីឡាករ Michael Lang ​រក​គ្រាប់​បាល់​ឈ្នះ​ឱ្យក្រុម Basel បាននៅ​នាទីទី​89 ធ្វើឱ្យពួកគេខកចិត្តយ៉ាងខ្លាំង​។

ក្រុម​​របស់​លោក Antonio Conte បាន​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុង​ក្រោយ​ ខណៈ​ដែល​នៅ​សល់​តែ1​មួយ​ប្រកួត​ទៀត ក្រោយ​​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែ​​បម្រើ​ឆ្នើម Eden Hazard និង William នា​កីឡដ្ឋាន Olympic ស្រប​​ពេល​​ដែលជ័យ​ជម្នះ​នេះបាន​ទម្លាក់​ក្រុម​ Qarabag របស់​អា​ស៊ែ​បៃ​ហ្សង់​ ចេញពី​យុទ្ធ​នា​ការ​នេះ​តែ​ម្តង​។ Hazard បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​​ធ្វើ​បាន​ល្អមែន​។ យើង​គួរ​តែ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ​។ វា​ពិត​ជា​រឿង​ដ៏​ងាយស្រួល​ណាស់ក្នុង​ការ​លេង​ជា​មួយ​នឹង​កីឡាករ​ឆ្នើម​ៗ​ទាំងនេះ​»​៕

ប្រភព​ពី៖ The Sun

Advertisement