កុមារតូចៗចាប់ផ្តើម​រៀន​គ្រប់យ៉ាង​ពី​មនុស្ស​ធំ តែ​យើង​គ្រប់គ្នា​មិនដឹង​ខ្លួន

អាណាព្យាបាល​ជាច្រើន​ប្រហែលជា​មិនដែល​នឹក​ដល់​ទេ​ថា កូនតូចៗដែល​ពេលខ្លះ​ទើបនឹង​ចេះ​និយាយ​នោះ​កំពុង​រៀន​អ្វី​គ្រប់យ៉ាង​ពី​មនុស្ស​ធំ ដែល​ចំណុច​នេះ​ធ្វើឱ្យ​ឪពុកម្តាយ​ខ្លះ​មានការ​ភ្ញាក់ផ្អើល​នៅពេលដែល​ពួកគាត់​សង្កេតឃើញ​ចំណុច​អវិជ្ជមាន​របស់គាត់​ត្រូវបាន​ក្មេង​ធ្វើតាម​នៅពេល​ណាមួយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោកស្រី គឹម សុជាតា នាយិកា​សាលា​អន្តរជាតិ សាស្តា បាន​លើកឡើងថា ក្មេង​ចាប់ផ្តើម​រៀនសូត្រ និង​មាន​ការចេះ​គិត​តាំងពី​ពួកគេ​នៅ​វ័យក្មេង​បំផុត ហេតុនេះ​ការបង្រៀន​ពួកគាត់​គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​អាណាព្យាបាល​គួរតែ​យកចិត្តទុកដាក់ ហើយ​ការប្រើ​អាកប្បកិរិយា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​ពួកគេ​ចាប់យក​រូបភាព​គ្រប់យ៉ាង ទោះបីជា​ពួកគេ​មិនចេះ​និយាយ​ក៏ដោយ។

លោកស្រី គឹម សុជាតា បាន​និយាយថា៖ «ក្មេង​ដែល​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ​តាំងពី​នៅ​តូច​អាច​ក្លាយជា​ក្មេង​ដែលមាន​ភាពក្លាហាន​ច្រើនជាង​ក្មេង​ទូទៅ ដែល​រស់នៅ​ជាមួយនឹង​មនុស្ស​ធំ​តែ​មិនបាន​បង្រៀន​ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ទម្លាប់​ប្រចាំថ្ងៃ»។

អ្នក​អប់រំ​ក្មេង​តូច​ខាងលើ​បានបង្ហាញ​ឱ្យដឹង​ផងដែរ​ថា មនុស្ស​ធំ​គួរ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​ពាក្យសម្តី និង​អាកប្បកិរិយាល្អៗជាមួយ​ក្មេងតូចៗ ព្រោះថា ពួកគេ​បាន​ចម្លង​យក​អ្វី​គ្រប់យ៉ាង​ដែល​មនុស្ស​ធំ​បានធ្វើ។ ការដែល​ដាក់ឱ្យ​កូន​រស់នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ អាចជា​ជម្រើស​ល្អ​មួយ​ដើម្បីឱ្យ​ពួកគេ​រស់នៅក្នុង​បរិស្ថាន​ដែល​ទន់ភ្លន់ កក់ក្តៅ និង​មាន​អ្នកជំនាញ​សម្រាប់​អប់រំ​ទាំង​សុខភាព និង​ផ្លូវចិត្ត​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ម្នាក់​នៅ​ថ្ងៃ​អនាគត។

លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន បាន​លើកឡើងថា ក្មេងតូចៗ ក៏ត្រូវ​ការរៀន​ដូច​មនុស្ស​ធំ​ដែរ គ្រាន់តែ​ពេលខ្លះ​ការរៀន​របស់​ពួកគាត់​គឺ​ខុសប្លែក​ពី​ក្មេង​ដែល​និយាយ​ស្តាប់​គ្នា​បាន។ ក្មេង​តូច​ត្រូវការ​ការយកចិត្តទុកដាក់ ហើយ​ចូលចិត្ត​លេង​ជាង​ការរៀន​អ្វីដែល​លំបាក​គិត ហេតុនេះ​អ្នកជំនាញ​គេ​អាច​ប្រើប្រាស់​វិធី​លេង​ដែល​បង្កប់​ដោយ​ចំណេះដឹង និង​បំផុស​ការគិត​ដែល​អាចធ្វើឱ្យ​ក្មេង​នោះ​ក្លាយជា​មនុស្ស​ដែលមាន​ហេតុផល ចេះ​គិត និង​មាន​ភាពក្លាហាន​នៅពេលដែល​ពួកគេ​ធំ​ឡើង៕

Advertisement