អង្គការ ILO បង្កើត​គណៈកម្មការ​ប​ច្ចេកទេស​លើកកម្ពស់​សុខភាព​កម្ម​ករ​សំណង់​នៅ​កម្ពុជា

ភ្នំពេញ៖ ដោយ​មើលឃើញថា កម្មករ​ក្នុង​វិស័យ​សំណង់​មានការ​ប្រឈម​នឹង​បញ្ហា​សុខភាព ក៏ដូចជា​សុវត្ថិភាព​ការងារ​ជាង​វិស័យផ្សេងៗទៀត​នោះ អង្គការ​ពលកម្ម​អន្តរជាតិ (ILO)បានស្នើ​មក​ក្រសួង​ការងារ​កម្ពុជា​ដើម្បី​សុំ​បង្កើត​គណៈកម្មការ​បច្ចេក​ទេស​មួយ​សម្រាប់​ផ្តល់​ប្រឹក្សា​យោបល់​ដល់​កម្មករ​ដែល​ធ្វើការ​លើ​វិស័យនេះ។

លោក Sho Sudo មន្ដ្រី​សម្របសម្រួល និង​ជា​ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ​គម្រោង “ការលើកកម្ពស់​ស្ដង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ (OSH) ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា” បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ និង​គាំទ្រ​លើ​សុខភាព និង​សុវត្ថិភាព​ការងារ​ចំពោះ​កម្មករ​លើ​វិស័យ​សំណង់​នេះ​លោក​មាន​គោលដៅ​មួយចំនួន​ដើម្បី​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ការងារ​ជូន​ដល់​ពួកគាត់។ លោក​ថា គម្រោង​នេះ​គឺ​ជំ​រុញឱ្យ​ក្រសួង​រៀបចំ​នូវ​លក្ខខណ្ឌ​គតិយុត្តិ និង​ពង្រឹង​លើ​សន្តិសុខ​សុវត្ថិភាព​ការងារ និង​ស្នើឱ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ប្រឹក្សា​យោបល់ បច្ចេកទេស​ដើម្បី​ផ្តល់​ការប្រឹក្សា​យោបល់​ដល់​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យនេះ។

លោក​បន្ថែមថា ចំពោះ​គណៈកម្មការ​នេះ គឺ​ក្រសួង​ការងារ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួល និង​ផ្ដល់​ការប្រឹក្សា​យោបល់​ដល់​ពួកគាត់ ព្រមជាមួយ​គ្នា​នោះ​ក៏មាន​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និយោជក និង​សហជីព​ដែល​តំណាងឱ្យ​កម្មករ​ជា​សមាជិក​ផងដែរ។លោក​ថា បើ​ក្រុមការងារ​នេះ​បង្កើតឡើង​ហើយ​វា​នឹង​ក្លាយជា​ចំណែក​មួយ​ជួយ​ដល់ក​ម្មករ​សំដៅ​លើកកម្ពស់​សុវត្ថិភាព​ការងារ​របស់​ពួកគាត់។

ជាការ​ឆ្លើយតប​ឯកឧត្ដម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា ឯកឧត្តម​ពិតជា​រីករាយ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់​តំណាង ILO ក្នុង​ការជួយ​លើកកម្ពស់​វិស័យនេះ​ដល់​បងប្អូន​កម្ម​កររ​បស់​កម្ពុជា។ កន្លងមក​ក្រសួង​បានធ្វើ​ការងារ​ជាច្រើន និង​បានរៀបចំ​លិខិត​គតិយុត្តិ​រួចមកហើយ​ដែរ​ដើម្បី​ធានា​ដល់​ការការពារ​ដល់​បងប្អូន​កម្មករ តែ​យ៉ាងណា​ក្រសួង​នឹង​ពិចារណា​ចំពោះ​សំណូមពរ​ខាងលើនេះ។

ឯកឧត្តម​មានប្រសាសន៍​បន្តថា បច្ចុប្បន្ន​នៅ​កម្ពុជា​វិស័យ​សំណង់​ពិតជា​មាន​ភាព​រីកលូតលាស់​ខ្លាំងណាស់​ដែល​នេះ​ជាការ​បង្ហាញ​ពី​វឌ្ឍនភាព និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច។ ការរីកលូតលាស់​នេះ​បាន​ស្រូបយក​នូវ​កម្លាំង​ពលកម្ម​ជាច្រើន​ចូលក្នុង​វិស័យនេះ ដែល​ទាមទារ​ឱ្យ​ក្រសួង​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ថ្លែង​គាំទ្រ​ពេញទំហឹង​ចំពោះ​ភាគី ILO ដែលមាន​គម្រោង​ចង់​បង្កើត​គណៈកម្មការ​ប្រឹក្សា​បច្ចេកទេស​ដែល​ក្នុងនោះ​មាន​ក្រសួង​ការងារ​ជា​អ្នកដើរ​តួនាទី​សំខាន់ និង​មាន​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​ដោយ​ការបង្កើត​គណៈកម្មការ​នេះ និង​រួមចំណែក​ក្នុងការ​ពង្រឹង​ច្បាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ព្រមទាំង​គិតគូរ​ផងដែរ​ដល់​កិច្ចការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ការងារ​នៅក្នុង​ការដ្ឋាន​សំណង់៕

Advertisement