បង្គា​ស្រស់​ស្រោច​ទឹកត្រី​កោះកុង​ទ្រាប់​បន្ទះ​ម្រះ​ខ្មែរ

ចំពោះ​បង្គា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​អាហារ​សមុទ្រ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត និង​តែង​ត្រូវបាន​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​យកទៅ​បង្កើត​ធ្វើជា​មុខម្ហូប​គួរ​ជាទី​ទាក់ទាញ​បំផុត ដែល​ក្នុងនោះ​រាប់ទាំង​មុខម្ហូប​បែប​អាស៊ី ក៏ដូចជា​អឺរ៉ុប​ផងដែរ។ ជាក់ស្ដែង​ពេលនេះ បង្គា​បានក្លាយ​ទៅជា​មុខម្ហូប​ប្រចាំខែ​នៃ​ការចេញ​ទស្សនាវដ្ដី ឡា​រ៉ែ​ន លេខ114 ក្រោម​ការបង្ហាញ​ពី​អ្នកជំនាញ​ធ្វើ​ម្ហូប​ប្រចាំ​នៅ​ភោជនីយដ្ឋាន Cowboy នោះ​គឺ មុខម្ហូប​បង្គា​ស្រស់​ស្រោច​ទឹកត្រី​កោះកុង ទ្រាប់​បន្ទះ​ម្រះ​ខ្មែរ។

គ្រឿងផ្សំ
• បង្គា​ស្រស់
• ទឹកត្រី​កោះកុង
• ផ្លែ​ម្រះ​ខ្មែរ
• ខ្ទឹមស
• ជី​អង្កាម

វិធី​ធ្វើ
ចំពោះមុខ​ម្ហូប​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ជាង​មុខម្ហូប​ផ្សេងទៀត​ទាំងអស់ ដោយ​គ្រាន់តែ​ត្រៀម​នូវ​គ្រឿងផ្សំ​ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើនេះ​រួចរាល់​ហើយ​នោះ លោកអ្នក​គ្រាន់តែ​យក​បង្គា​ទៅ​វះ​ផ្នែក​ខាង​ខ្នង(កុំឱ្យ​ដាច់ចេញ​ពីគ្នា) ដើម្បី​ លាង​សម្អាត​ឱ្យ​ស្អាត រួច​ទុក​មួយអន្លើ។ យក​ផ្លែ​ម្រះ​ខ្មែរ​ហាន់​ជា​បន្ទះស្តើងៗ ហើយ​លាង​ទឹក​សម្អាត​ជ័រ។ យក​ខ្ទឹមស​ទៅ​បកសម្បក ហើយ​ហាន់​ជាបន្ទះៗ (របៀប​ដូច​ហាន់​ម្រះ​ដែរ)។ ជា​បន្ទាប់​លោកអ្នក​គ្រាន់តែ​យក​បង្គា មក​រៀប​ដាក់​នៅលើ​ចាន​រាបស្មើ ដោយ​យក​ បន្ទះ​ផ្លែ​ម្រះ​មក​ទ្រាប់​ពី​ខាងក្រោម ហើយ​ធ្វើការ​ស្រោច​ទឹកត្រី​កោះកុង​ដែល​បាន​ត្រៀម​ទុក​ពីលើ​ជាការ​ស្រេច។ លុះ​ពេល​ទទួលទាន លោកអ្នក​អាច​បន្ថែម​ស្លឹក​ជី​អង្កាម ដើម្បី​ទទួលទាន​រួមគ្នា​ក៏បាន​អាស្រ័យ​លើ​ចំណូលចិត្ត។ ឃើញ​ទេ… មិន​ពិបាក​សោះ… ដោយ​
ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើបាន​ទាំងអស់ សូម​សាកល្បង​ធ្វើ​ទាំងអស់គ្នា​ណា៎…៕

Advertisement