កម្ពុជា​ខាត 161លាន​ដុល្លារ​ដោយសារ​អំពើហិង្សា​លើ​កុមារ

ការប្រើ​អំពើហិង្សា​លើ​កុមារ​ជា​រឿង​ដែល​អាណាព្យាបាល​នៅ​កម្ពុជា​ចូលចិត្ត​ធ្វើ​បំផុត​ដើម្បី​អប់រំ​កូន ព្រោះ​ពួកគាត់​ជឿថា ការ​វាយ​កូន​ជា​វិធី​ល្អ​បំផុត​ក្នុង​ការកែប្រែកូនៗរបស់​ពួកគាត់​ឱ្យ​ក្លាយជា​មនុស្ស​ល្អ តែ​ផ្ទុយ​មកវិញ អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​កុមារ​បាន​រកឃើញថា ការប្រើ​អំពើហិង្សា​លើ​កុមារ​អាចធ្វើឱ្យ​ពួកគេ​ប៉ះពាល់​លើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

ដោយសារតែ​ផលវិបាក​ផ្នែក​សុខភាព​បណ្តាលមកពី​អំពើហិង្សា​លើ​កុមារ កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រមាណ 161លាន​ដុល្លារ​សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​មូលនិធិ​អង្គការសហប្រជាជាតិ (UNICEF)។

យោងតាម​ការបង្ហាញរ​បស់​អង្គការ World Vision ក្រសួង​អប់រំ និង​ក្រសួង​កិច្ចការនារី ដែល​បានធ្វើ​វេទិកា​រួមគ្នា​មួយ​បានឱ្យដឹងថា កុមារ​កម្ពុជា​ប្រមាណ 75% កំពុង​ទទួលរង​នូវ​អំពើហិង្សា​យ៉ាងហោចណាស់​ក៏​មួយ​ទម្រង់​ដែរ​មុនពេល​ពួកគេ​គ្រប់​អាយុ 18ឆ្នាំ។ តាមរយៈ​ការស្ទង់មតិ​នេះ​ផងដែរ បានឱ្យដឹងថា កុមារ​កម្ពុជា​ច្រើនជាង 50% ទទួលរង​នូវ​អំពើហិង្សា​ផ្លូវការ និង​កុមារ​ប្រមាណ 25% ទទួលរង​អំពើហិង្សា​ផ្នែក​ផ្លូវចិត្ត និង5% ទៀត​ទទួលរង​នូវ​អំពើហិង្សា​ផ្នែក​ផ្លូវភេទ។

ក្នុងនោះដែរ លោក ឡេង វីរៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បានលើកឡើង​ផងដែរ​ថា ថវិកា​ដែល​បាន​ខាត​ដោយសារតែ​ផលវិបាក​ផ្នែក​សុខភាព​មកពី​អំពើហិង្សា​លើ​កុមារ គឺមាន​ចំនួន​ប្រមាណ 1.1% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា។

យោងតាម​ទិន្នន័យ​របស់​អង្គការ World Vision ក៏បាន​បង្ហាញ​ផងដែរ​ថា កុមារ​ប្រមាណ​ជាង1ពាន់​លាន​នាក់​លើ​ពិភពលោក​បានទទួលរ​ង​នូវ​អំពើហិង្សា​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោម​កុមារ​ដែល​ទទួលរង​នូវ​អំពើហិង្សា​ទាំងអស់នោះ​ត្រូវបាន​គេ​រកឃើញថា ស្ថិតក្នុង​ទ្វីបអាស៊ី​ច្រើនជាងគេ៕

Advertisement