រថយន្ត​ស្ទែ​ម (STEM bus) នាំ​សិស្ស​កម្ពុជា​ទៅរក​ពិភព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​មុខវិជ្ជា​យ៉ាងសំខាន់​នៅក្នុង​សង្គម​ដែល​គ្រប់​ប្រទេស​ទាំងអស់​កំពុង​យកចិត្តទុកដាក់ ព្រោះ​មុខវិជ្ជា​ទាំងអស់នេះ​កំពុងមាន​តម្រូវការ​ខ្ពស់​ស្របតាម​ការវិវឌ្ឍ​រប​ស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ។

ដើម្បី​ផ្សព្វផ្សាយ​មុខវិជ្ជា STEM ឱ្យបាន​ទូលំទូលាយ ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ STEM Cambodia និង​ដៃគូ​នានា​បាន​បង្កើតឱ្យមាន​កម្មវិធី​ជាច្រើន​ដែល​សុទ្ធសឹងតែ​ជា​កម្មវិធី​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​សិស្ស​ឱ្យ​ចង់​រៀន​មុខវិជ្ជា​ទាំងអស់នោះ។ នៅក្នុង​កម្មវិធី​ទាំងអស់នោះ ភាគច្រើន​គេ​បង្កើតឱ្យមាន​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា និង​កម្មវិធី​រថយន្ត​ស្ទែ​ម (STEM Bus)ជាដើម។

រថយន្ត​ស្ទែ​ម​ជា​រថយន្តក្រុង​ដែលមាន​ក្រុមការងារ និង​សម្ភារ​ឧបករណ៍ផ្សេងៗដែល​នឹង​ចុះទៅ​តាម​សាលា​នានា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បង្ហាញ​ពី​មេរៀន​វិទ្យាសាស្ត្រងាយៗ និង​ល្បែង​កម្សាន្ត​មួយចំនួន​ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​នៅ​កម្ពុជា​ពេញចិត្ត​រៀន​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​បង្ហាញ​ឱ្យ​ពួកគេ​បាន​ស្គាល់​ពីមុខ​វិជ្ជា​ដ៏សំខាន់ៗទាំងនេះ​ផងដែរ។ នៅពេលដែល​ពួកគេ​ពេញចិត្ត ស្រឡាញ់ និង​ស្គាល់​ច្បាស់​ពីមុខ​វិជ្ជា STEM សិស្ស​ទាំងអស់នោះ​អាច​នឹង​ពូកែ​ផ្នែក STEM ហើយ​ជ្រើសរើស​ជំនាញ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​ទាំងអស់នេះ​នៅ​ថ្ងៃ​អនាគត​ធ្វើជា​អាជីព។

រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ឹម កុ​ច បាន​លើកឡើងថា សព្វថ្ងៃនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​នឹង​ដៃគូ​នានា​ព្យាយាម​ជំរុញ​ឱ្យ​សិស្ស​ចាប់អារម្មណ៍​លើ​មុខវិជ្ជា STEM ឱ្យ​កាន់តែខ្លាំង ព្រោះថា សង្គម​នាពេល​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវការ​មុខវិជ្ជា​នេះ​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ។

ឯកឧត្តម អ៊ឹម កុ​ច បាន​មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ប្រទេស​យើង​កំពុង​អភិវឌ្ឍ ហេតុនេះ​យើង​ត្រូវការ​ធនធានមនុស្ស​ដើម្បី​សាងសង់​ស្ពាន សាងសង់​គម្រោង​អគារធំៗ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ហើយ​ប្រសិនបើ​សិស្ស​កម្ពុ​ជាមាន​សមត្ថភាព​ខ្លាំង​លើ​ផ្នែក STEM ពួកគេ​នឹង​ក្លាយជា​កម្លាំង​ពលកម្ម​យ៉ាងសំខាន់ ហើយ​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​កាន់តែ​លឿន»។

ឯកឧត្តម​បាន​បន្តទៀតថា ពីមុន​យើង​ព្យាយាម​ជំរុញ​ច្រើនតែ​នៅ​តំបន់​ទីប្រជុំជន ឬ​ទីក្រុង​ប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ ក្រសួង​អប់រំ​កំពុង​ព្យាយាម​ប​ញ្ច្រា​ប​ជំនាញ​នេះ​ឱ្យ​សិស្ស​នៅ​តំបន់​ជនបទ​បាន​យល់​កាន់តែច្បាស់​ពី​ផ្នែក STEM តាមរយៈ​ការផ្សព្វផ្សាយ ដោយ​ការប្រើប្រាស់​រថយន្ត​ស្ទែ​ម ឬ STEM Bus និង​តាមរយៈ​កម្មវិធី​ជាច្រើន​ផ្សេងទៀត៕

Advertisement