មូលដ្ឋានគ្រឹះ​ដើម្បី​ទទួលបាន​ឱកាស​ការងារ​ល្អ

ស្របពេល​កំណើន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មានការ​កើនឡើង​នោះ បានធ្វើឱ្យ​តម្រូវការ​បុគ្គលិក​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ទាំងនោះ​ក៏មាន​ច្រើន​ដែរ។ តែ​យ៉ាងណាក៏ដោយ មិនមែន​មានន័យថា រាល់​ការដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​ទាំងអស់​សុទ្ធ​តែ​ត្រូវបាន​ក្រុមហ៊ុន ឬ​ស្ថាប័ន​ទទួលយក​នោះទេ ជាក់ស្តែង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បើទោះជា​មកទល់ពេលនេះ​មាន​បុគ្គលិក​សរុប​ជិត 2,500នាក់​ក៏ដោយ ក៏​ស្ថាប័ន​មួយ​នេះ​នៅតែ​ត្រូវការ​បុគ្គលិក​ដែលមាន​សមត្ថភាព​ចូល​បម្រើ​ការងារ​ជាច្រើន​ដដែល។

នៅថ្ងៃនេះ​សារព័ត៌មាន ឡា​រ៉ែ​ន បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិ​ប​ត្ដិ​ធនធានមនុស្ស​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Angkor Mikroheranh Vatho (Kampuchea) Co., Ltd. (AMK) ដើម្បី​ចង់ដឹងថា តើ​សិស្ស-និស្សិត​ត្រូវមាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​ទើប​អាចដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​ដោយ​ជោគជ័យ?

ជា​រៀងរាល់ឆ្នាំ​តើ AMK ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​បន្ថែម​ប៉ុន្មាន​នាក់?

ពាក់ព័ន្ធ​នឹង​តម្រូវការ​បុគ្គលិក​ក្នុងមួយឆ្នាំៗ AMK ត្រូវការ​បុគ្គលិក​ថ្មី​ចន្លោះ​ពី200-300នាក់ ព្រោះ​យើង​មាន​ផែនការថ្មីៗជា​រៀងរាល់ឆ្នាំ ម្យ៉ាងទៀត​យើង​ក៏ត្រូវ​ការយក​គាត់​មក​ជំនួស​តំណែង​បុគ្គលិកចាស់ៗដែល​ពួកគាត់​ត្រូវ​ឡើង​តំណែង និង​ផ្លាស់ប្តូរ​តួនាទី​ផងដែរ។ ជាក់ស្តែង​កាលពី​ឆ្នាំ2016 កន្លងមក​យើង​ទទួលបាន​ការដាក់​ពាក្យ​សុំ​បម្រើ​ការងារ​ពី​សិស្ស​និស្សិត​ជាច្រើន​នាក់​តាមរយៈ​កម្មវិធី​ពិព័រណ៍​ថា្នក់​ជាតិ និង​អ្នក​មក​ដាក់ពាក្យ​ដោយផ្ទាល់​នៅតាម​ការិយាល័យ ឬ​តាម Website របស់ AMK ជាដើម។

បើទោះជា AMK ក៏ដូចជា​ស្ថាប័នផ្សេងៗទៀត​កំពុងមាន​តម្រូវការ​បុគ្គលិក​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ក៏ដោយ ក៏​គេ​នៅតែ​ឃើញ​មាន​បុគ្គល​ជាច្រើន​កំពុង​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​ឱកាស​ការងារ​ល្អ ដោយសារ​ការខ្វះ​បទពិសោធ​ការងារ​ផងដែរ។ ជាការ​ពិត​កម្រ​មាន​បុគ្គល​ណា​ដែលមាន​ចំណេះដឹង ជំនាញ និង​បទពិសោធ​គ្រប់​ជ្រុងជ្រោយ​ណាស់ ដូច្នេះ​យើង​មិនដែល​បោះបង់ ឬ​មើលរំលង​អ្នក​គ្មាន​បទពិសោធ​ការងារ​នោះទេ គឺ​យើង​តែង​លើកទឹកចិត្ដដ​ល់​ពួកគាត់​ជានិច្ច​ដើម្បី​ទទួល​ឱកាស​ការងារស្មើៗគ្នា នៅ AMK។ គ្រប់​បុគ្គលិក​ដែល​បាន​ចូល​បម្រើ​ការងារ​នៅ AMK នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​ជាច្រើន​ដើម្បី​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​របស់​ពួកគាត់​បន្ថែមទៀត។

តើ​សិស្ស-និស្សិត​ត្រូវមាន​បុគ្គលិកលក្ខណៈ​អ្វីខ្លះ​ដើម្បី​អាច​ចូល​បម្រើ​ការងារ​នៅ AMK បាន?

នេះ​គឺជា​សំណួរ​សំខាន់​សម្រាប់​អ្នក​ដែលមាន​បំណង​ចូល​បម្រើ​ការងារ​នៅ AMK ដើម្បី​ត្រៀមខ្លួន​ចាប់យក​ឱកាស​ការងារ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​នេះ​ផងដែរ។ ចំពោះ​សិស្ស​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា និង​ពុំទាន់​មាន​បទពិសោធ​ការងារ​ពួកគាត់​ពិតជា​មិនដឹងថា​ពួកគាត់​ត្រូវធ្វើ​អ្វីខ្លះ? និង​ត្រូវ​រៀបចំខ្លួន​បែបណា? ពេល​មក​ដាក់ពាក្យ ឬ​សម្ភាសន៍​ដើម្បី​បម្រើ​ការងារ​នោះទេ។

ជាទូទៅ​ក្នុង​ស្ថាប័ននីមួយៗតែងតែមាន​តម្រូវការ​បេក្ខជន​ទៅតាម​មុខតំណែង និង​តួនាទីខុសៗគ្នា តែ​ទោះបីជា​ណាក៏ដោយ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សម្ភាស​ការងារ បេក្ខជន​ត្រូវមាន​មូលដ្ឋានគ្រឹះ​ចំនួន3 ដែល​មិនអាច​ខ្វះ​មួយណា​បាន។

មូលដ្ឋានគ្រឹះ​ទី1 គឺ​ចំណេះដឹង​ដែល​ទទួលបាន​ពី​មជ្ឈដ្ឋាន​បណ្តុះបណ្តាលផ្សេងៗតាំងពី​ថ្នាក់​តូច​រហូតដល់​មហាវិទ្យាល័យ ៖ ចំណុច​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​យកទៅ​ប្រើប្រាស់​នៅ​កន្លែង​ការងារ។

មូលដ្ឋានគ្រឹះ​ទី2 គឺ​ត្រូវមាន​ជំនាញ​ច្បាស់លាស់៖ បេក្ខជន​ត្រូវមាន​ជំនាញ​ជាក់លាក់​ណាមួយ បន្ទាប់ពី​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដូចជា​ផ្នែក​ហិរញ្ញវត្ថុ គណនេយ្យ ម៉ាឃីតធីង ឬ​ផ្នែក​គ្រប់គ្រង​ជាដើម។ មូលដ្ឋានគ្រឹះ​ទី3 គឺ​អត្តចរិត ឬ​អាកប្បកិរិយា៖ នេះ​ជា​ចំណុច​សំខាន់ ព្រោះ​នៅ​កន្លែង​ការងារ​ទាមទារ​ឱ្យ​បុគ្គលិក​មាន​ភាពស្មោះត្រង់ ហ្មត់ចត់ និង​មាន​ការខិតខំ​ប្រឹងប្រែង​នៅពេល​បំពេញការងារ។ ម្យ៉ាងវិញទៀត​បុគ្គលិក​គ្រប់រូប​នឹងត្រូវ​ធ្វើការ​ងារ​ជា​ក្រុម មិនអាច​ធ្វើ​ការងារ​តែឯង​រហូត​នោះទេ។ ដូច្នេះ​ពួកគាត់​ត្រូវមាន​អត្តចរិត​ល្អ មានការ​តាំងចិត្ដ​ខ្ពស់ និង​មាន​ស្មារតី​សាមគ្គីភាព ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់។

បើតាម​ទស្សនៈ​ខ្ញុំ មូលដ្ឋានគ្រឹះ​ទាំង3 ខាងលើនេះ​មិនមែនជា​អាវុធ​មុត​ស្រួច​សម្រាប់តែ​យុវជន ឬ​និស្សិត​ដែល​មានបំណង​ស្វែងរក​ការងារ​ធ្វើ​នោះទេ តែ​សម្រាប់​អ្នកមាន​បទពិសោធ​ការងារ​ហើយ​នោះ ក៏​ត្រូវតែ​ពង្រឹង​មូលដ្ឋានគ្រឹះ​ខាងលើ​នេះដែរ ដើម្បី​បន្ថែម​គុណ​តម្លៃ​ខ្លួន និង​មានឱកាស​ចាប់យក​មុខ​តំណែងធំៗជា​បន្តបន្ទាប់។

រវាង​បុគ្គលិក​មាន​ជំនាញ និង​បុគ្គល​មាន​អត្ដ-ចរិតល្អ តើ AMK នឹង​ពិចារណា​ដូចម្ដេច?

ខ្ញុំ​ក៏​ធ្លាប់បាន​ជួប​បេក្ខជន​ទាំងពីរ​ប្រភេទ​នេះដែរ។ ជាក់ស្ដែង​យើង​ឃើញថា បុគ្គល​មួយចំនួន​មានចំណេះដឹង និង​ជំនាញ​ស្របទៅនឹង​អ្វីដែល​យើង​កំពុង​ចង់បាន តែ​ខ្វះខាត​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង ខណៈ​បុគ្គល​ខ្លះទៀត មានចំណេះ និង​ជំនាញ​តិចតួច តែមាន​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ល្អ មានការ​តស៊ូ ព្យាយាម និង​អត្ដ​ចរិតល្អ។

ត្រង់ចំណុច​នេះ​ខ្ញុំ​ចង់​និយាយថា AMK នឹងមិន​បោះបង់ចោល​បេក្ខជន​ណាមួយ​នោះទេ គឺ​វា​អាស្រ័យ​លើ​តួនាទី​របស់​ពួកគាត់។ ប្រសិនបើ​តួនាទី​នោះ ត្រូវការ​អ្នកជំនាញ​បច្ចេកទេស ហើយ​ពុំ​សូវ​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ខាងក្រៅ​នោះ យើង​នឹង​ជ្រើស​រើសយក​បុគ្គល​ដែលមាន​ជំនាញ​ច្បាស់លាស់​សម្រាប់​មុខតំណែង​នេះ ហើយ​យើង​នឹង​បន្ត​បណ្តុះបណ្តាល​គាត់​ឱ្យ​យល់​ពី​សារៈប្រយោជន៍​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការធ្វើការងារ​ជា​ក្រុម។ ដោយឡែក បើសិន​តួនាទី​នោះ​តម្រូវឱ្យមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ច្រើន និង​ធ្វើ​ការងារ​ជា​ក្រុម​នោះ យើង​នឹង​ជ្រើសរើស​បុគ្គល​ប្រភេទ​ទី​ពីរ​សម្រាប់​មុខតំណែង​បែប​ហ្នឹង។ ទោះជា​យ៉ាងណា​បុគ្គល​ដែលមាន​បុគ្គលិកលក្ខណៈ​ល្អ​នឹងមាន​អាទិភាព​ជាង​ក្នុង​លក្ខខណ្ឌ​ទូទៅ។

មាន​ស្ថាប័ន​ខ្លះ​និយម​បក្សពួក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ចូល​បម្រើ​ការងារ តើ​អ្នកស្រី​យល់ឃើញ​ដូចម្ដេច​ចំពោះ​ទស្សនៈ​នេះ?

ត្រង់ចំណុច​នេះ ខ្ញុំ​អាច​និយាយថា វា​គឺជា​តម្លៃ​មួយ​ដ៏​ខ្ពង់ខ្ពស់​របស់ AMK ព្រោះ​នៅទីនេះ​គោលការណ៍​របស់​យើង​គឺ​មិន​អនុញ្ញាត​ឱ្យមាន​ជាដាច់ខាត​នូវ​ការជ្រើសរើស​បុគ្គលិក​តា​មរយៈ​ខ្សែបណ្តាញ ឬ​បក្សពួក។ បុគ្គលិក​ខាងក្នុង​អាចជួយ​ផ្តល់ព័ត៌មាន និង​ណែនាំ​មិត្តភក្តិ សាច់ញាតិ​ឱ្យ​ដាក់ពាក្យ​បម្រើ​ការងារ​ជាមួយ អេ អឹម ខេ បាន ប៉ុន្តែ​ពួកគេ​មិនមែនជា​អ្នកធ្វើការ​សម្រេចចិត្ត​ឡើយ សំខាន់​នៅពេល​ដាក់ពាក្យ​ចូលមក​បម្រើ​ការងារ​នៅទីនេះ​បេក្ខជន​ត្រូវតែមាន​មូលដ្ឋានគ្រឹះ​ទាំង៣ខាងលើ។ ដូច្នេះ​សិស្ស-និស្សិត​ដែល​ចង់​មក​ដាក់ពាក្យ​បម្រើ​ការងារ​នៅ AMK អាច​ប្រាកដ​ក្នុង​ចិ​ត្ដ​ថា បើ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ​ពួកគេ​នឹងមាន​ឱកាស​ចូល​បម្រើកា​រងារ​នៅ AMK។

តើ​លោកស្រី​អាច​ចែករំលែក​បទពិសោធ​អ្វីខ្លះ​ដល់​សិស្ស-និស្សិត ដែល​កំពុង​ស្វែងរក​ការងារ?

ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ទៅដល់​សិស្ស-និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ថា ដើម្បី​អាច​ទទួលបាន​ឱកាស​ការងារ​ល្អ សូម​ត្រៀមខ្លួន​ទុកជាមុន កុំ​ចាំ​រហូតដល់​រៀន​ដល់​ចប់​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ទើប​ចាប់ផ្តើម​គិត ឬ​ត្រៀមខ្លួន។ ទី1 ប្អូនៗត្រូវ​ចេះ​រៀបចំ​គោលដៅ និង​ចេះ​កែច្នៃ​ខ្លួនឯង​តាំងពី​រៀន​នៅ​វិទ្យាល័យ​ម្ល៉េះ។ បន្ថែម​លើ​នេះ​ទៀតប្អូនៗត្រូវ​រៀប​អត្ដ​ច​រិ​ក​របស់ខ្លួន ដើម្បីឱ្យ​ក្លាយខ្លួនជា​មនុ​ស្ស​ឧស្សាហ៍​ព្យាយាម អត់ធ្មត់ ម៉ត់ចត់ និង​មានការ​តាំងចិត្ដ​ខ្ពស់​ក្នុងការ​បំពេញការងារ។ ទម្លាប់​ទាំងអស់នេះ​នឹង​ក្លាយជា​ចំណុចខ្លាំង​របស់ប្អូនៗនៅពេល​អនាគត។

ទី2 ប្អូនៗត្រូវខិតខំ​យក​ចិ​ត្ដ​ទុកដាក់​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​បណ្តុះបណ្តាល​ដើម្បី​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ។ នៅពេលប្អូនៗចូលមក​ដល់​ថ្នាក់​មហាវិទ្យាល័យ​ត្រូវ​សម្រេច​ចិ​ត្ដ​ឱ្យបាន​ច្បាស់​ថា ត្រូវ​ជ្រើសរើស​ជំនាញ​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​របស់ខ្លួន ដើម្បី​ទទួលបាន​នូវ​ឧត្តមភាព និង​ភាព-ជោគជ័យ​ក្នុង​ជីវិត​នៅពេល​អនាគត៕

Advertisement