ទួលគោក ត្រូវបាន​អ្នកវិនិយោគ​សម្លឹង​ឃើញ​បន្ទាប់ពី​តំបន់​បឹង​កេងកង

ភ្នំពេញ – បច្ចុប្បន្ន​ក្រៅពី​បឹង​កេងកង1 – 2 និង3 ទួលគោក​ត្រូវបាន​គេ​ចាត់ទុកជា​តំបន់​សក្ដានុពល​ទី​ពីរ​ដែល​អ្នកវិនិយោគ​ផ្នែក​អចលនវត្ថុ​នានា​មិនអាច​មើលរំលង​បាន​ក្នុងការ​អភិវឌ្ឍ ខណៈដែល​គម្រោងធំៗ ផ្សារ​ទំនើប និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង ពិសេស​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដែល​កំពុងតែធ្វើការ​ងារ​សាងសង់​អគារ​របស់ខ្លួន​បាន​បង្កើន​សកម្មភាព​ដើម្បីឱ្យ​បញ្ចប់​តាម​ការសន្យា​ជាមួយ​អតិថិជន​ផងដែរ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Realestate បាន​ថ្លែងថា ទួលគោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​មាន​សក្ដានុពល​ទី​ពីរ បន្ទាប់ពី​តំបន់​បឹង​កេងកង១ ដោយសារតែ​តំបន់​នេះ​មានផ្ទះធំៗ ដី​ទំនេរធំៗ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ។ ពិសេស​បច្ចុប្បន្ន តំបន់​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​អគារខ្ពស់ៗជាច្រើន ដែល​ធ្វើឱ្យ​តំបន់​ទួលគោក​ផ្លាស់ប្តូរ​មុខមាត់ ជាក់ស្ដែង​ដូចជា​នៅ​តំបន់​បឹងកក់ ជាដើម។ លើសពីនេះទៅទៀត​នឹងមាន​ផ្លូវ30ម៉ែត្រ​ថ្មី​មួយ​ខ្សែ​ដែល​សព្វថ្ងៃ​កំពុង​សាងសង់​នៅលើ​ផ្លូវ​រថភ្លើង​ចាស់​ដែល​ស្ថិតនៅ​ចន្លោះ​ទួលគោក និង​បឹងកក់​ដែល​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រុស្សី​ទៅកាន់​សង្កាត់​ឬ​ស្សី​កែវ​ទៀតផង។

បច្ចុប្បន្ន​គេ​សង្កេតឃើញថា តម្លៃ​ដី​នៅ​តំបន់​ទួលគោក​ស្ថិតក្នុង​សភាព​ថេរ​នៅពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅនឹង​តំបន់​អភិវឌ្ឍន៍​ជាស្រេច​ផ្សេងទៀត​នៅក្នុង​ទីក្រុង។ តម្លៃ​ដី​នៅ​តំបន់​ទួលគោក​មិនមាន​ការកើនឡើង ឬ​ថយចុះ​នោះទេ​នៅក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ។

លោក សន សៀ​ប បន្ដថា លោក​ទទួលស្គាល់ថា តំបន់​ទួលគោក​ជា​តំបន់​ដែលមាន​សក្ដានុពល​ខ្លាំង ព្រោះ​វា​ហ៊ុមព័ទ្ធ​ទៅដោយ​គម្រោងធំៗជាច្រើន​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃ​ការរស់នៅ​ពី​ប្រជាជន​ដោយសារតែ​ពួកគេ​ងាយស្រួល​រក​សេវាកម្ម​នានា​ដែល​មាននៅ​ជិត​ខ្លួន​ដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប និង​ភោជនីយដ្ឋានល្បីៗជាដើម ។

អគ្គនាយក​ក្រុមហ៊ុន Key Realestate បន្ថែមទៀតថា ទួលគោក​ជា​តំបន់​ដែល​ត​ភ្ជាប់​ទៅ​តំបន់​នានា​ជាច្រើន​ពិសេស​ភ្នំពេញ​ថ្មី​ដែល​សម្បូរ​ទៅដោយ​គម្រោង​នានា និង​មាន​ប្រជាជន​រស់នៅ​ច្រើន និង​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ទៀតផង។ ជាង​នេះ​ទួលគោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​ខណ្ឌ​នៅ​កណ្ដាល​ទីក្រុង​ក្នុងចំណោម​ខណ្ឌ​ទាំង 4ដែលមាន​ការអភិវឌ្ឍ​ខ្លាំងជាងគេ​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗ ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើងខ្លាំងៗនាពេលខាងមុខ​ដ៏​ខ្លី៕

Advertisement