កោះរ៉ុង កំពុង​ត្រូវ​បានរៀបចំ​យុទ្ធសាស្ដ្រ​ដើម្បី​ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន

ភ្នំពេញ – ស្រប​ពេលដែល​តំបន់​ទេសចរណ៍ធម្មជាតិ​កោះរ៉ុង​កំពុងតែ​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​ទៅ​ទស្សនា​នៅ​ទីនោះ ថ្មីៗនេះ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ដើម្បី​ធ្វើឱ្យ​តំបន់​នោះ​កាន់តែ​អាច​បង្កើន​សក្ដានុពលរ​បស់​ខ្លួន​ថែម​ឡើង​ទៀត។

ក្នុងអំឡុង 9 ខែ​នៃ​ឆ្នាំ2017 នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន 1,5លាន​នាក់ មាន​កំណើន22,39% ក្នុងនោះ​ទេសចរ​ជាតិ 1,1លាន​នាក់ កើន 23% ទេសចរ​អន្តរជាតិ​ជាង 40ម៉ឺន​នាក់ កើន 18% ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​ស្ថិតនៅ​លំដាប់​ទី1ដែលមាន​ចំនួន​ជិត9ម៉ឺន​នាក់​ជាមួយ​កំណើន170,61%។

តាម​ការ​ព្យាករ ក្នុង​ឆ្នាំ2017 ខេត្ត​ព្រះសីហនុ​អាចមាន​ចំនួន​ទេសចរ​ប្រមាណ​ជិត2លាន​នាក់ ក្នុង​កំណើន​ប្រមាណ 20% (ក្នុងនោះ​ទេសចរ​ជាតិប្រមាណ 1,4លាន​នាក់ ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង60ម៉ឺន​នាក់។ ឆ្នាំ 2020 ភ្ញៀវទេសចរ​អាច​នឹង​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​កើន​ឡើងដល់​ប្រមាណ​ជិត3លាន​នាក់ ក្នុងនោះ​មាន​ទេសចរ​អន្តរ​ជាតិប្រមាណ1លាន​នាក់។

ដោយឡែក ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅតាម​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​ជិះទូក​សរុប​ចំនួន 7,897 ជើង ដែលមាន​ភ្ញៀវទេសចរ​សរុប​ចំនួន34ម៉ឺន​នាក់ កើនឡើង42.38 % ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ 10ម៉ឺន​នាក់ កើន 43.58 %  និង​ទេសចរ​អន្តរជាតិ 23ម៉ឺន​នាក់ កើន 41.85 %។

ស្រប​ពេលដែល​តំបន់​មួយ​នេះ​កំពុងតែ​ប្រែ​មុខមាត់​ថ្មី​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​រហូត​ជំរុញឱ្យមាន​កំណើន​យ៉ាងខ្លាំង​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​តំបន់​កោះរ៉ុង​ឱ្យមាន​សក្ដានុពល​ខ្លាំង​ឡើង​ដែលមាន​ដូចជា៖

1- កិច្ចការ​ឆ្វៀល​ដី​ស្បែក​ខ្លា៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​ត្រូវ​ពិនិត្យ​ឱ្យ​ច្បាស់លាស់ និង​ព​ន្លឿ​ន​ការងារ​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ពិតប្រាកដ​លើ​កោះរ៉ុង។

2-កិច្ចការ​គ្រប់គ្រង​ទេសចរណ៍ បរិស្ថាន និង​ជលផល៖ ត្រូវ​ពង្រឹង​សណ្តាប់ធ្នាប់ អនាម័យ និង​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅលើ​កោះរ៉ុង ដោយ​ត្រូវ​ធានាថា គ្រប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវមាន​អាជ្ញា​ប័​ណ្ឌ​ទេសចរណ៍ និង​ពិសេស​បុគ្គលិក​ទាំងអស់​ត្រូវ​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច​ទេសចរណ៍។ ដោយឡែក​បញ្ហា​កាកសំណល់​រឹង-រាវ ត្រូវ​បន្តធ្វើ​ការទប់ស្កាត់​ការបង្ហូរ​កាកសំណល់​រាវ​ចូល​សមុទ្រ និង​រាល់​អាជីវកម្ម​ទេសចរណ៍​ត្រូវមាន​ធុងសំរាម​ផ្ទាល់ខ្លួន ហើយ​តាម​តុ​អាហារ​ដ្ឋា​ននីមួយៗ ត្រូវមាន​កន្ត្រក​សម្រាប់​ដាក់​កាកសំណល់​អាហារ។

3- កិច្ចការ​រៀបចំ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់៖ ត្រូវ​បន្ត​ពង្រឹង​កិច្ចការពារ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំង​ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​តាម​មធ្យោបាយ​ផ្លូវទឹក។ ដោយឡែក អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ ចាត់វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​ការបំពុល​ដោយ​សំឡេង​របស់​ក្លិប​រាត្រី និង​បា​រ៍​មួយចំនួន​ដែល​បាន​រំខាន​ដល់​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ៕

Advertisement