ជប៉ុន​សន្យា​ជំរុញ​អ្នកវិនិយោគ​ពី​ក្រុង​សេន​ដាយ មកកាន់​កម្ពុជា​ឱ្យបាន​ច្រើន

ភ្នំពេញ – ស្របពេល​កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​ដ៏​មាន​សក្ដានុពល​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អន្ដរជាតិ​នោះ ថ្មីៗនេះ​កម្ពុជា​ក៏បាន​ជំរុញ និង​លើកទឹកចិត្ដដ​ល់​អ្នកវិនិយោគ​ជប៉ុន​ដើម្បី​មក​បោះទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា។

ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានលើកឡើង​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​ជប៉ុន ជា​ប្រធាន​ធនាគារ 77 Bank ថា ឯកឧត្ដម​មាន​ចិ​ត្ដ​សប្បាយរីករាយ​ដែល​គណៈប្រតិភូ​ជប៉ុន​បាន​ស្វែងយល់​កាន់តែច្បាស់​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​កាលានុវត្តភាព​នានា​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​លើកឡើង​ពី​ការចូលរួមចំណែក​រប​ស់រាជ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ក្នុង​ការស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​ជាង2ទស្សវត្សរ៍​កន្លងមក និង​កំណើន​នៃ​ការវិនិយោគ​របស់​ជប៉ុន​ក្នុងអំឡុងពេល1ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​នាំមក​នូវ​បច្ចេកវិទ្យាថ្មីៗដែរ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ដែរ​អំពី​គោលនយោបាយ​បើកចំហ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ស្វាគមន៍ និង​ឱកាស​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាពិសេស​ការវិនិយោគ​ផ្ទា​ល់ពី​ជប៉ុន។ ក្នុងនាម​ជា​ស្ថាប័ន​ជំរុញ​ការវិនិយោគ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តែងតែបាន​ចូលរួម​សិក្ខាសាលា​វិនិយោគ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​ក៏ដូចជា​រៀបចំ​ឱ្យមាន​តុ​ជប៉ុន និង​យន្តការ​គាំពារ​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ផងដែរ។

សូមបញ្ជាក់ថា 77 Bank ជា​ធនាគារ​ដ៏​ធំ​មួយ​ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង សេន​ដាយ (Sendai) ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ជប៉ុន និង​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មកកាន់​កម្ពុជា​នាពេល​កន្លងមក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាពិសេស​នៅ​ឆ្នាំ 2016 ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ជប៉ុន​ដែលមាន​ដើមទុន​វិនិយោគ​សរុប​ប្រមាណ 822លាន​ដុល្លារ​អាមេរិក។

ឆ្លើយតប​នឹង​ការស្វាគមន៍​របស់​កម្ពុ​ជា លោក អ៊ុ​ជី​អិ តេ​រឺ​ហ៊ី​កុ ប្រធាន​ធនាគារ 77 Bank បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​យក​ចិ​ត្ដ​ទុកដាក់​លើ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន ដែលជា​ការឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន។ ពិសេស​លោក​ក៏បាន​កោតសរសើរ​នូវ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ដែល​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម​ប្រមាណ7%ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង2ទសវត្សរ៍​កន្លងទៅ និង​បាន​សន្យាថា នឹង​ជួយ​ជំរុញ​ការវិនិយោគ​ពី​ក្រុង សេន​ដាយ មក​កម្ពុជា៕

Advertisement