លោក កឹម អឿន៖ មនុស្ស​គួរ​ដក​អត្តសញ្ញាណ​ទុក​ទៅ​ម្ខាង​សិន ហើយ​ទទួលយក​រឿង​ល្អ​គ្រប់យ៉ាង

នៅក្នុង​ការរស់នៅ មនុស្សម្នាក់ៗមាន​វិធីរៀងៗខ្លួន​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឆ្ពោះទៅរក​ភាពជា​បុគ្គល​អស្ចារ្យ ឬ​បុគ្គល​ដែល​ទទួលបាន​ការគោរព និង​ឱ្យ​តម្លៃ​ពី​សង្គម។ ក្នុងចំណោម​វិធី​ទាំងអស់​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង ការបើក​ចិត្ត​ឱ្យ​ទូលាយ​ជា​រឿង​សំខាន់​ចម្បង​មួយ​ដែលជា​ចំណុច​បើកផ្លូវ​ទៅកាន់​ភាពជា​អ្នក​ដែល​មានគុណ​តម្លៃ​ជា​លក្ខណៈ​សកល។

លោក កឹម អឿន នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បានលើកឡើង​នៅក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ​ថា អ្នក​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ត្រៀម​ចាត់ទុកថា ជា​មនុស្ស​សកល​ដែលមាន​តម្លៃ​សម្រាប់​សង្គម និង​មនុស្ស​ទូទៅ គឺ​មនុស្ស​ដែល​បើកចំហ និង​ទទួលយកបាន​នូវ​អ្វីដែល​ល្អ និង​មាន​ភាព​ទទួលខុសត្រូវ។ ភាពជា​ប្រជាជន​សកល​គឺជា​រឿង​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​យើង​ងាយស្រួល​ក្នុងការ​រស់នៅ ឬ​ធ្វើ​ការងារ​ដោយ​អាច​ប្រើ​គំនិត​ប្រកបដោយ​ភាពទូលំទូលាយ និង​មាន​ភាពជា​អ្នកដឹកនាំ​ដ៏​ល្អ​ថែម​ទៀតផង។

លោក កឹម អឿន បាន​និយាយថា៖ «ដើម្បី​ក្លាយខ្លួនជា​មនុស្ស​ដ៏​អស្ចារ្យ និង​មានតម្លៃ​ម្នាក់ យើងម្នាក់ៗគួរ​ទុក​អត្តសញ្ញាណ (identity) ទៅ​ម្ខាង​សិន ហើយ​ទទួលយក​រឿង​គ្រប់យ៉ាង»។

ជាការ​ពិតណាស់ បើតាម​លោក កឹម អឿន មនុស្ស​ជាច្រើន​តែងតែ​ប្រកាន់ខ្លួន​ថា ខ្លួនឯង​ជា​អ្នកចេះ ជា​មនុស្ស​មាន​សមត្ថភាព​ស្រាប់​ហើយ ជា​មនុស្ស​ដែល​ជំនាញ​ផ្នែក​នេះ ឬ​ជំនាញ​ផ្នែក​នោះ​ជាដើម ហើយ​ព្យាយាម​ប្រើតែ​សមត្ថភាព​ដែល​ខ្លួន​មាន និង​មិន​ព្រម​ទទួលយក​នូវ​អ្វីដែល​ថ្មី​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នោះទេ បើទោះបីជា​ដឹងថា រឿង​នោះ​ជា​រឿង​ល្អ​ក៏ដោយ។ តាមពិតទៅ​ប្រសិនបើ​មនុស្ស​អាច​ដក​អត្តសញ្ញាណ​របស់ខ្លួន​ទុក​មួយ​ឡែក​សិន បន្ទាប់មក​ពិចារណា​ទទួលយក​រឿងល្អៗពី​គ្រប់​ទីកន្លែង គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែលមាន​ទាំង​ជំនាញ​គោល និង​ជំនាញ​ទូទៅ ឬ​ជំនាញ​ទន់ ដែល​ពិភពលោក​កំពុង​ត្រូវការ៕

Advertisement