សណ្ឋាគារ​លំដាប់​កំពូល​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​អ​ស្ចា្យ​ជាមួយ​វត្តមាន AccorHotels Group

AccorHotel Group គឺជា​អ្នកជំនាញ និង​មាន​ឯកទេស​លើ​ការគ្រប់គ្រង បណ្តុះបណ្តាល រួម​ជាមួយនឹង​ការបង្កើត​គំនិតថ្មីៗនៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ជាពិសេស លើ​វិស័យ​សណ្ឋាគារ​លក្ខណៈ​ស្ដង់ដា​កម្រិត​ពិភពលោក ដែល​រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ AccorHotels មាន​សណ្ឋាគារល្បីៗនៅ​ទូទាំង​ពិភពលោក​សហការ​ប្រតិបត្តិ​ការ​រាប់ពាន់​សណ្ឋាគារ ខណៈដែល​ត្រឹម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​រហូតដល់ 800 សណ្ឋាគារ ស្មើនឹង​ប្រមាណ160,000 បន្ទប់ នៅ​ប្រទេស​ចំនួន17 ក្នុងនាម​ជា​អ្នកដឹកនាំ​ទីផ្សារ​លើ​វិស័យនេះ ។ ជាមួយគ្នានេះ ដោយសារតែ​សម្លឹង​ឃើញ​ពី​ឱកាស​ទទួលបាន​ទីផ្សារ រួម​ជាមួយនឹង​គោលបំណង​ពង្រីក​វិសាលភាព​របស់ខ្លួន​ផងដែរ​នោះ បច្ចុប្បន្ន ស្ថាប័ន​ដ៏​ល្បី​មួយ​នេះ​បានមក​បង្ហាញខ្លួន​នៅ​កម្ពុជា និង​ទទួលយក​សណ្ឋាគារ​លំដាប់​កំពូល​ចំនួន 4 ធ្វើជា​សមាជិក​របស់ខ្លួន ។

សណ្ឋាគារ​ប្រណីត និង​ជាប់​ជា​លំដាប់​កំពូល​ផ្នែក​ប្រតិបត្តិ​ករ​ប្រចាំ​នៅ​កម្ពុជា​ចំនួន 04 ដែល​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​សមាជិក​របស់ AccorHotels Group រួមមាន ៖ សណ្ឋាគារ Raffles Hotel Le Royal Phnom penh, សណ្ឋាគារ Raffles Grand Hotel D’Angkor, សណ្ឋាគារ Sofitel Phnom Penh Phokeethra និង​សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ។

លោក Patrick Basset តំណាង​ស្ថាប័ន AccorHotels Group បាន​លើកឡើងថា ៖ ក្នុងនាម​ជា​ប្រធាន​ប្រតិបត្តិការ​របស់ AccorHotels Group នៅ​តំបន់​អាស៊ីអាគ្នេយ៍ , តំបន់​អាស៊ី​ភាគ​ឦសាន , តំបន់​ម៉ា​ល់​ឌី​វ និង​ក្នុងនាម​ជា​ប្រធាន​ក្រុម​នៃ​ភាព​ចម្រុះ​ក្នុងការ​ដាក់បញ្ចូល​សមា​ជិ​ក​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុងការ​គាំទ្រ​ដល់​សមាជិក​ថ្មី​ទាំង4 ដែល​បាន​ចូលរួម​ជាមួយ AccorHotes ។ នៅ​ក្នុងឱកាស​ប្រកាសប្រាប់ និង​បង្ហាញ​ពី​សមាជិក​ថ្មី​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីពេល​កន្លងទៅនេះ លោក Patrick Basset ក៏បាន​លើកឡើង​ផងដែរ​ថា បច្ចុប្បន្ននេះ កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​ស្ថិរភាព​នយោបាយ មាន​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅក្នុង​ឆ្នាំ2017នេះ អ្នកជំនាញ​បានធ្វើការ​ព្យាករណ៍​ថា ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ​នេះ នឹងមាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់6,9ភាគរយ ខណៈដែល​បណ្តា​ប្រទេសជិតខាង​មួយចំនួន​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ទាប​ជាង​នេះ ។ លោក​បាន​ពន្យល់​ទៀតថា ៖ ហេតុផល​ចម្បង​ដែល AccorHotels មក​បង្ហាញខ្លួន​នៅ​កម្ពុជា មិនមែន​ដោយសារ​សម្លឹង​ឃើញ​ត្រឹមតែ​កំណើនសេដ្ឋកិច្ច​តែមួយ​នោះទេ ប៉ុន្តែ​កម្ពុជា​នៅមាន​ចំណុច​ពិសេស​ជាច្រើន​ទៀត រួមជាមួយ​គោលបំណង​របស់ AccorHotels ចង់​ពង្រីក​វិសាលភាព​របស់ខ្លួន​ផងដែរ។ កម្ពុជា ជា​គោលដៅ​សំខាន់​មួយ​របស់ AccorHotels ព្រោះតែ​កម្ពុជា​ប្រៀបបាន​ទៅនឹង​វត្ថុ​មានតម្លៃ​ដែល​មិនទាន់​ច្នៃ ។ មិន​ថា​វប្បធម៌ អរិយធម៌ ធនធានធម្មជាតិ ក៏ដូចជា​សកម្មភាព​ដែល​កំពុង​រីកចម្រើន​នេ​ពេលបច្ចុប្បន្ន សុទ្ធតែជា​គោលដៅ​របស់​បណ្តា​អ្នកវិនិយោគ ជាពិសេស​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍ ខណៈដែល​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​អាច​ទទួលបាន​ផល​ល្អ​ច្រើន។ យ៉ាងណាក៏ដោយ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា បើទោះបីជា​កម្ពុជា​មាន​ភា​ព​ល្អប្រសើរ​ដូច​ការលើកឡើង​ខាងលើនេះ ប៉ុន្តែ​បើ​និយាយ​ពី​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច គឺ​កម្ពុជា​ហាក់​ដើរ​យឺត​ជាង​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ប្រមាណ​ជា1 ឬ 2 ជំហាន ទៅហើយ ជាក់ស្ដែង​ជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជាដើម។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក Patrick Basset ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖ សម្រាប់​ការបញ្ចូល ឬ​ទទួលយក​សមាជិក​ថ្មី គឺ AccorHotels មាន​គោលការណ៍​ច្បាស់ ហើយក៏​មានការ​ពិនិត្យ​ទៅលើ​កម្រិត ឬ​ចំណាត់ថ្នាក់​នៃ​សណ្ឋាគារ​ដែល​ត្រូវ​បញ្ចូល​ជា​សមាជិក​ផងដែរ ហើយ​ត្រឡប់មកវិញ ចំពោះ​អត្ថប្រយោជន៍​របស់​សណ្ឋាគា​រ​ជា​សមាជិក​ដែល​ទទួលបាន​ពី AccorHotels ក៏មាន​ច្រើន ដែល​ក្រៅពី​ទទួលបាន​អតិថិជន​ចាស់​មាននៅ​ក្នុង​ដៃ​របស់ AccorHotels នៅ​ទូទាំង​ពិភពលោក​នោះ គឺ​នៅ​ទទួលបាន​ការប្រឹក្សា​ទៅ​ភាព​ជំនាញ​លើ​ការគ្រប់គ្រង​ជា​ប្រព័ន្ធ ការបង្កើត​គំនិត​ថ្មី​លើ​ការ​សេវា​ល្អឥតខ្ចោះ​ដល់​អតិថិជន ជាពិសេស អាច​ទទួលបាន​ចំណូល​ច្រើនជាង​បណ្តា​សណ្ឋាគារ​នានា​ដែលជា​ដៃគូ​ប្រកួតប្រជែង​ក្រោយ​ការជួយ​ជំរុញ​របស់ AccorHotes Group ។

សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ AccorHotels កំពុងតែ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការចូលរួម​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការបង្កើត​ការងារ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការហាត់​ការ​នៅតាម​បណ្តា​សណ្ឋាគារ​ដែលជា​ដៃគូ​របស់ខ្លួន។ តាមរយៈ​កម្មវិធី​បង្កើន​មូលនិធិ និង​កម្មវិធី​អាហារូបករណ៍ AccorHotes ក៏​កំពុង​ជួយ​យុវជន​នៅ​កម្ពុជា​ឱ្យមាន​អនាគត​ភ្លឺស្វាង ដោយ​ការ​បំប៉ន​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ពេញលេញ​លើ​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច។ ជាមួយគ្នានេះ AccorHotels ក៏បាន​ជំរុញ និង​បញ្ចូល​នូវ​សសរស្តម្ភ​ចម្រុះ​ចំនួន4 ចូលទៅក្នុង​បេសកកម្ម​របស់ខ្លួន​ផងដែរ ដែល​ក្នុងនោះ​រួមមាន​ដូចជា ៖ ការលើកកម្ពស់ យេនឌ័រ ពិការភាព មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា រួមជាមួយ​នឹង​អ្នក​ប្តូរ​ភេទ​ផងដែរ ៕

Raffles Grand Hotel d’Angkor
Siem Reap
Cambodia

SOFITEL Angkor Phokeethra

Advertisement