5 វិធី​គិត​បែប «ជែក ម៉ា» អ្នក​នាំ​ភាពជោគជ័យ​មកឱ្យ «អា​លី​បា​បា»

0

ជែក ម៉ា ស្ថាបនិក អា​លី​បា​បា អាណាចក្រ អ៊ី-ខំ​មើ​កស៍ ដ៏​ធំ​បំផុត​របស់​ចិន និង​ជា​បុគ្គល​ដែល​គ្រង​តំណែង​បុរស​អ្នកមាន​បំផុត​ក្នុង​ដែនដី​នាគ​ចិន។ ពី​មនុស្ស​ដែល​ទើបនឹង​ស្គាល់​អ៊ី​ន​ធើ​ណិ​ត​ពេល​អាយុ​ជ្រុល​ដល់ 30 ជាង​ទៅហើយនោះ នៅថ្ងៃនេះ ម៉ា បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ដែលមាន​ប្រាក់ចំណូល 23,000លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លងទៅ។ យើង​នាំគ្នា​ទៅ​មើលថា តើ​បុរស​ម្នាក់នេះ​មាន​វិធី​ការគិត​យ៉ាងណា ទើប​គេ​អាច​សាង​ភាពជោគជ័យ​លំដាប់​ពិភពលោក​បែបនេះ​បាន?

Advertisement

1 . បង្កើតការជឿជាក់ដល់មនុស្សគ្រប់គ្នា

រៀបចំខ្លួន​ឱ្យ​គួរ​គោរព​ជឿជាក់​ពី​សំណាក់​មនុស្ស​ជុំវិញខ្លួន តាំងពី​បុគ្គលិក​រហូតដល់​អ្នកវិនិយោគ​ទុន អ្នក​ដែល​ចូលរួម​ប្រថុយប្រថាន​ទៅជា​មួយ​យើង​ត្រូវតែ​ទុកចិត្ត​លើ​យើង។ ម៉ា និយាយថា  Trust ឬ​ការជឿទុកចិត្ត​គឺជា​ផ្នែក​ផ្គុំ​សំខាន់​ក្នុងការ​ធ្វើឱ្យ​អា​លី​បា​បាទ​ទួលបាន​ជោគជ័យ។

ភាពជឿ​ទុកចិត្ត ធ្វើឱ្យ​យើង​មាន​សាមគ្គី​ជា​ធ្លុង​មួយ ដោយសារតែ​បណ្ដា​អ្នក​វិយោគ​ទុន​ជឿទុកចិត្ត​លើ​រូបខ្ញុំ ទើប​ខ្ញុំ​ត្រូវតែ​ស្មោះត្រង់​ចំពោះ​ពួកគេ ស្មោះត្រង់​ក្នុង​អ្វីដែល​កំពុង​ធ្វើ”។ ការដែល​អ្នកដទៃ​ជឿទុកចិត្ត​លើ​ម៉ា និង​ជឿ​លើ​ភារកិច្ច​ដែល​ក្រុមហ៊ុន​កំពុងដំណើរការ អាច​រាប់បាន​ថា ជា​វត្ថុ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​ដែល​ខ្លួនគេ​មាន។     មានតម្លៃ​ខ្លាំង​ដល់​ថ្នាក់​ថា បើសិន​ដក​លុយ​ច្រើនជាង 1 លាន​ដុល្លារ​ទិញ​ភាពជឿ​ទុកចិត្តបាន ក៏​គេ​សុខចិត្ត​ដក​ទិញ​ដែរ។

2 . បំភ្លេចចោលការប្រកួតប្រជែង​ តែត្រូវ​ផ្ដោតសំខាន់លើអតិថិជន

ម៉ា​មិនដែល​ពិបាក​វេទនា​ចិត្ត​ជាមួយ​ការប្រកួតប្រជែង​ខាង​ជំនួញ​នោះទេ គ្រប់យ៉ាង​ដែល​អា​លី​បា​បា​ធ្វើ ទាំងអស់​ស្ថិត​លើ​គោលការណ៍​ថា តើ​អតិថិជន​ត្រូវការ​អ្វី?។ ហេតុផល​ធម្មតា​ខ្លាំងណាស់ បើ​ត្រូវ​ការឱ្យ​មុខ​ជំនួញ​ឈរជើង​បាន​ស្ថិតស្ថេរ ក្នុងការ​សម្រេចចិត្ត​ណាមួយ ភាព​ពេញចិត្ត​របស់​អតិថិជន​ត្រូវ​មក​មុនគេ​បង្អស់។

បើ​មាន​អតិថិជន​មក​ប្រាប់​ខ្ញុំ​ថា ជែក! លោក​គួរតែ​សង់​ឃ្លាំង​ដាក់​ទំនិញ​បន្ថែម យើង​នឹង​សង់!។ មិនមែន​ព្រោះ​យើង​មាន​ដើមទុន​ច្រើន​នោះទេ តែ​ព្រោះ​វា​ជា​រឿង​ចាំបាច់”។ នៅពេល​សួរថា តើន​រណា​ជា​គូប្រជែង​របស់​អា​លី​បា​បា?  ម៉ា​ឆ្លើយថា គាត់​មិនដឹង​ទេ ក្នុងឋានៈ​ជា​សហគ្រិន កុំ​សម្លឹងមើល​មិត្ត​រួម​ជំនួញ​ថា​ជា​គូប្រជែង កុំទៅ​ចាប់អារម្មណ៍​បើជា​ក្រុមហ៊ុនតូចៗផង​នោះ ទុកពេល​ទៅធ្វើ​ឱ្យ​អតិថិជន​ពេញចិត្ត​នឹង​យើង​វិញ​ប្រសើរ​ជាង”

3 . ត្រូវគិតថា ជំនួញរបស់អ្នកគឺខ្នាតលំដាប់អន្តរជាតិ

សម្រាប់​ម៉ា ការ​សម្លឹង​មើលមុខ​ជំនួញ ត្រូវ​ត្រៀម​បម្រុង​ដើម្បី​ទៅដល់​លំដាប់​ពិភពលោក។ គាត់​ជឿថា មុខ​ជំនួញ ទោះ​ជាមាន​ខ្នាតតូច​ក៏ដោយ តែបើ​អាច ហក់​ដល់​លំដាប់​ពិភពលោក” ក៏​នឹង​ឈរជើង​បាន​ក្នុង​រយៈពេល​វែង ហើយ​ឧបករណ៍​ដែល​ធ្វើឱ្យ​ហក់​ទៅដល់​លំដាប់​ពិភពលោក​បាន​នោះ​គឺ ខ្សែបណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ហ្នឹងឯង។

កណ្ដាល​ការប្រកួតប្រជែង​ដែល​កាន់តែ​ខ្ពស់​ឡើង ក្ដៅគគុក​ឡើង​នោះ បើ​នៅតែ​ដំណើរការ​មុខ​ជំនួញ​តាមបែប​បុរាណដដែលៗ គ្មាន​ការកែសម្រួល  មិន​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ឬ​បណ្ដាញ​សង្គម​ធ្វើជា​ឧបករណ៍​ទេនោះ មានឱកាស​ខ្ពស់​ណាស់​ក្នុងការ​ស្ថិតនៅ​ចុងកន្ទុយ​គេ។ ដូច្នេះ ត​ឱ្យ​វា​ជា​មុខ​ជំនួញ​ខ្នាតតូច​ប៉ុនណា ក៏​ត្រូវតែ​រិះរក​វិធី​ថា ធ្វើយ៉ាងណា​ទើប​លក់បាន​ទូទាំង​ពិភពលោក?។

4 . ប្រើមនុស្សជំនាន់ថ្មី

ពេល​យើង​នៅ​កំលោះ-ក្រមុំ មិនសូវមាន​អ្នកណា​ឱ្យ​ឱកាស​យើង​ទេ មកដល់ពេលនេះ យើង​គួរឱ្យ​ឱកាស​មនុស្ស​ជំនាន់​ថ្មី។ ថាៗទៅ មនុស្ស​កំលោះ​ពេញកម្លាំង​ដែល​ឆ្លាត​វៃ ធ្វើការ​បានល្អ​ជាង​យើង​ទៀតផង”  ម៉ា និយាយថា ការ​សាង​ក្រុម​ដែល​ធ្វើការ​រួមគ្នា​បានយូរ និង​ការ​ផ្ដល់ឱកាស​ឱ្យ​មនុស្ស​ទាំងនោះ ជា​រឿង​សំខាន់​ជាង​អ្វី​ទាំងអស់។

នោះ​គឺជា​ហេតុផល​ដែល​ម៉ា ជ្រើសរើស​ជួល​និយោជិត​ដែលឆ្លាតៗមក​ធ្វើ​ការឱ្យ ព្រោះ​ដឹងថា បុគ្គលិក​ដែល​ពូកែ អាច​រាប់បាន​ថា ជា​ទ្រព្យសម្បត្តិ និង​ជា​ធនធាន​ដែល​ល្អ​បំផុត​សម្រាប់​ស្ថាប័ន។

5 . កុំបោះបង់គោលដៅ

ដំណើរ​ផ្លូវ​របស់​ម៉ា ក្នុងការ​សាង​អា​លី​បា​បា​គឺ ដើរ​តទៅ​មុខ” ។ បើ​មិន​បាក់​ទឹកចិត្ត ឬ​បញ្ឈប់​កណ្ដាល​ទី​ទេនោះ ឱកាស​នៅតែមាន តែបើ​លើក​ទង់ជ័យ​ស​ចុះចាញ់​វិញ​នោះ គឺជា​ក្ដី​បរាជ័យ​យ៉ាង​ធំ​បំផុត។ ក្ដី​ឧស្សាហ៍ ក្ដី​មានះ​ព្យាយាម​ពុះពារ​គឺជា​រឿង​ចាំបាច់ ថ្ងៃនេះ​ថា​ពិបាក​ហើយ ថ្ងៃស្អែក​នឹង​ពិបាក​ខ្លាំង​ជាង​ទៅទៀត តែបើ​ឆ្លង​វា​ទៅបាន បន្ទាប់ពីនោះ​ទៅ នឹង​មានតែ​រឿងល្អៗប៉ុណ្ណោះ”

រៀបរៀង​ដោយ តា​វ៉ែនតា

ចែករំលែក