ការធ្វើឱ្យប្រភពទុននៅក្នុងវិស័យកសិកម្មមានចលនាឡើងវិញគឺជារឿងចាំបាច់

ការ​ធ្វើ​ឱ្យ​មាន​ចលនា​រស់​រវើក​ក្នុង​វិស័យ​ផលិតកម្ម​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ និង​ធានា​និរន្តរ​ភាព​​នៃ​ការ​អភិវឌ្ឍ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្តួច​ផ្តើម​បង្កើត​ឱ្យ​មាន​គម្រោង​ធានា​ឥណទាន Credit Guarantee Schemes ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរ​យៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​ដាក់​ទិស​ដៅ​រួច​ហើយ​សម្រាប់​វិស័យ​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​ស្រូវ​អង្ករ ត្រូវគេ​ដឹង​ថា​ទទួល​បាន​​ការ​ចូលរួម​ទុន​វិនិយោគ​យ៉ាង​ច្រើន​គំហុក បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្រូវ​អង្ករ​ កាលពី​ចុងឆ្នាំ2010 ពោល​គឺ​ក្រោយ​​រយៈ​ពេល​2​ឆ្នាំ​បន្ទាប់​ពី​បរិមាណនៃ​ការ​​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ទទួល​បាន​ជោគជ័យ ដោយ​បរិមាណ​នៃ​ការ​នាំ​ចេញ​បាន​កើន​ឡើង​ពី​6,000​តោន​ក្នុង​ឆ្នាំ2008 រហូតដល់​រាប់ម៉ឺន​តោន​នៅ​ឆ្នាំ​បន្ត​បន្ទាប់។

ដោយ​មើល​ឃើញ​ពី​សក្តានុពល​ក្នុង​ការ​នាំ​ចេញ និង​ការ​​បង្កើត​ការងារ​តាម​រយៈ​ការដាំដុះ​ស្រូវ កែច្នៃ​អង្ករ និង​បង្កើត​តម្លៃ​បន្ថែម​ពី​ផលិតផល​អង្ករ រាជ​រដ្ឋាភិបាល​បានសម្រេច​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្រូវ​អង្ករ​ដ៏​ទាក់​​ទាញ​មួយ ដែល​នៅ​ពេល​នោះ​ហើយ​វិស័យ​ហិរញ្ញវត្ថុ​ឯកជន និង​ប្រតិបត្តិករ​ឯកជន​ខ្លួន​ឯង​មាន​រោង​ម៉ាស៊ីន​ជាដើម បាន​ចូល​រួម​អភិវឌ្ឍន៍​វិស័យនេះ​យ៉ាងស​ស្រោក​សស្រាំ។

ទោះ​​ជាយ៉ាង​​ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ទីផ្សារ​ខាងក្រៅ និង​ទំហំ​ទីផ្សារ​កម្ពុជា​នៅ​មាន​កម្រិតនោះ​ បាន​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​អង្ករមាន​ការ​​ធ្លាក់ចុះខ្លះ និង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​​​។ លក្ខ​ខណ្ឌ​ផ្តល់​កម្ចី​ងាយៗ​​ពី​វិស័យ​ហិរញ្ញវត្ថុ​ឯកជន ត្រូវ​បាន​រឹត​បន្តឹង និង​ចរន្ត​នៃ​ការ​ដួល​រលំ​​​រោង​ម៉ាស៊ីន និង​ក្រុម​ហ៊ុន​​នាំ​ចេញ​ធំៗ​ខ្លះ​បាន​បន្ថែម​ការ​លំបាក​ដល់​ការ​ទទួល​បាន​ទុន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិកម្ម​មួយ​នេះ។

ដោយ​មើលឃើញ​ពី​ភាពយឺតយ៉ាវ ឬ​ដើរ​ថយ​ក្រោយ​នេះ រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន​ផ្តួច​ផ្តើម​បង្កើត​គម្រោង​ធានា​ឥណទាន​ថ្មី​មួយ​ដោយ​រំពឹង​ទៅ​លើ​ការ​បង្កើត​ទំនុក​ចិត្ត​ពី​អ្នកផ្តល់​ប្រាក់​​កម្ចី​សម្រាប់​វិស័យមួយ​នេះ។

ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម ​ហិរញ្ញវត្ថុ នៃ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា វិស័យ​កសិកម្ម​​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច និង​បង្កើត​ការ​ងារ​​សំខាន់ៗ​​មួយចំនួន​ ប៉ុន្តែ​វិស័យ​នេះ​​បាន​ប្រឈមនឹង​​ការ​លំបាក​ដោយសារ​លទ្ធភាព​ដាក់​ទ្រព្យ​ដំកល់​ទទួល​បាន​កម្ចី​ត្រូវ​អស់។ ឯកឧត្តម បាន​អះអាងថា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ គេ​មិន​អាច​ទុក​ចោល​ឱ្យ​វិស័យហិរញ្ញ​វត្ថុ​ឯកជន​មិន​ធ្វើ​ចលនា​​នោះទេ។

ឯកឧត្តម​បាន​បញ្ជាក់​ថា៖“ធនាគារ​មាន​នៅ​សល់​ទុន​ច្រើន​ណាស់ គាត់​ចង់​​ផ្តល់​ទុន​ទៅ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ ប៉ុន្តែ​គាត់​គ្មាន​ប្រភព​នៃ​ការ​ធានាថា​តើ​សហគ្រាស​ទាំង​នោះ​យក​ទុន​ទៅ​ហើយ​សង​ត្រឡប់​មក​វិញ​ម្តេច​​បាន? ដូច​នេះ​ទើប​គាត់​ត្រូវ​ការ​រដ្ឋាភិបាល​គាំទ្រ​រឿង​នេះ”។ ឯកឧត្តមបាន​បន្ថែម​ថា៖​“យើង​បាន​កំណត់​គោល​ដៅ​​គឺ​វិស័យ​កសិកម្ម។ កសិកម្ម​ គឺ​ជា​វិស័យ​មួយ​ដែល​អាច​បង្កើត​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​វិស័យ​​នេះ​ក៏​យើង​ជ្រើស​រើសយក​ប្រភេទ​កសិកម្ម​ដែរ ដោយ​យើង​យក​ស្រូវ និង​ផ្នែក​កសិកម្ម​ផ្សេងៗ​មួយ​ចំនួន​ទៀត​​ដែល​អាច​បង្កើត​ការងារ​បាន​ច្រើន ដូចជា ដំណាំ​​កៅស៊ូ អំពៅ ពោត និង​ផ្នែកមួយ​ចំនួន​​​ទៀត​ដែល​ប្រជាជន​ខ្មែរ​​ធ្វើជា​រៀង​រាល់​ឆ្នាំ និង​ជា​រៀងរាល់​រដូវ”។

ថ្មីៗ​នេះ​ក្រសួង​ពាណិជ្ជកម្ម​ ក៏​បាន​បង្ហាញ​ពី​​ចេតនា​ក្នុង​ការ​បង្កើត​គោល​នយោបាយ​ដំឡូង​មីដោយ​​យក​គំរូ​តាម​​គោល​នយោបាយ​ស្រូវ​អង្ករ ដែល​ទាក់​ទាញ​បាន​ទុន​វិនិយោគ​យ៉ាង​ច្រើន​ក្រោយ​ការ​បង្កើត​គោល​នយោ​បាយ​​ជា​ផ្លូវការ។ អ្នក​ជំនាញ​​ធ្លាប់​បាន​លើក​ឡើង​ថា ដំឡូង​មី​របស់​កម្ពុជា​កំពុង​តែ​ពឹង​ផ្អែក​លើ​​​ទីផ្សារ​នៃ​ប្រទេស​ជិតខាង​ប៉ុណ្ណោះ។

នៅ​ឆ្នាំនេះ​វិស័យ​កសិកម្ម​ហាក់​មាន​សញ្ញាណ​វិជ្ជមាន​ឡើង​វិញ ទាំង​តួលេខ​នៃ​ការ​នាំចេញ និង​តម្លៃ​ទិញ​ពី​កសិករ៕

Advertisement