ស្វែងយល់ពីសក្ដានុពលនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ1

បន្ទាប់​ពី​ផ្លូវ​ជាតិ​លេខ​1 បាន​ធ្វើ​ការ​អភិវឌ្ឍ​រួច​​មកគេ​សង្កេត​ឃើញ​មាន​អ្នក​វិនិយោគ​ជា​ច្រើន​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​​ទីនោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថានភាព​តម្លៃ​អចលន​ទ្រព្យ​នៅ​ទីនោះ​ចាប់​ផ្ដើម​ប្រែប្រួល​ខុស​ប្លែក​ពី​មុន។

តើ​បច្ចុប្បន្ន​តំបន់​នោះ​មាន​ការ​ប្រែប្រួល​បែប​ណា? នៅ​ក្នុង​សប្តាហ៍​នេះ​អ្នក​យក​ព័ត៌មាន​នៃ​កាសែត ឡារ៉ែន ពាណិជ្ជ បាន​ជួប​ជាមួយ លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន Key Real Estate ដើម្បី​ជជែក​ពី​សក្ដានុពល ក៏​ដូច​ជា​ស្ថានភាព​តម្លៃ​ដី​នៅ​តំបន់​នោះ។

លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន Key Real Estate

តើ​តំបន់​មួយ​មាន​សក្ដានុពល​លើ​វិស័យ​អចលនទ្រព្យ​ត្រូវ​ផ្អែក​លើ​កត្តា​អ្វី​ខ្លះ?

សក្ដានុពល​អចលន​ទ្រព្យ​នៅ​ក្នុង​តំបន់​មួយ​កើត​ឡើង​បាន​ត្រូវ​ផ្អែក​លើ​តម្រូវការ​ជា​ចម្បង ​ដែល​មាន​ដូច​ជា តំបន់​នោះ​ត្រូវ​មាន​ភាព​ទាក់​ទាញ​ធ្វើ​ឱ្យ​មនុស្ស​ចង់​ទៅ​រស់​នៅ ឬ​ទៅ​ប្រកប​មុខរបរ​អ្វី​មួយ ពិសេស​អាច​ធ្វើ​ពាណិជ្ជ​កម្ម​បាន។ ដើម្បី​មាន​ភាព​ទាក់ទាញ​ តំបន់​នោះ​ត្រូវ​តែ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ល្អ មាន​សាលារៀន មន្ទីរ​ពេទ្យ ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ដ ដែល​ជា​សេវាកម្ម​ប្រើ​ប្រាស់​ជា​ប្រចាំ​របស់​អ្នក​រស់​នៅ​ក្នុង​តំបន់​។

តើ​បច្ចុប្បន្ន​ភាព​នៃ​តំបន់​ផ្លូវជាតិ​លេខ1 មាន​លក្ខណៈ​ដូចម្ដេច​?

បើ​យើង​មើល​ទៅ​ផ្លូវជាតិ​លេខ1​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ផ្លូវ​នេះ​មាន​ទំហំ​តូច និង​មិនទាន់​មាន​កំពង់ផែ​ថ្មី​ដំណើរ​ការ​ដូច​សព្វ​ថ្ងៃ​ទេ ពិសេស​មិន​ទាន់​មាន​គម្រោងអភិវឌ្ឍន៍​​លំនៅឋាន ឬ​បុរី​ធំៗ​ចាប់​អារម្មណ៍​ទៅ​អភិវឌ្ឍ​ឡើយ​​។ បច្ចុប្បន្ន​ផ្លូវ​ជាតិ​លេខ1 គឺ​ជា​ផ្លូវ​ដ៏​សំខាន់​ដែល​អភិវឌ្ឍ​ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ធ្វើ​ការ​ដឹក​ជញ្ជូន​ទំនិញ ដែល​ជា​ចលករយ៉ាង​សំខាន់​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ ផ្លូវ​ដែល​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ1 ដូច​ជាផ្លូវ​នៅ​មុខ​រោងចក្រ​ស្រាបៀរ Tiger តភ្ជាប់​ទៅ​ស្ពាន​ព្រែក​សំរោង​(ក្រុង​តាខ្មៅ)​សុទ្ធ​តែ​បាន​រួម​ចំណែកយ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​ទីនោះ។

តើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ1 មាន​លក្ខណៈ​ដូចម្ដេច​ដែរ?

បើ​តាម​ខ្ញុំ​គិត ល្បឿន​នៃ​ការ​អភិវឌ្ឍ​គឺ​វា​មាន​លក្ខណៈ​សន្សឹមៗ​ដោយ​សារ​មាន​តំបន់​ជា​ច្រើន​ផ្សេងទៀត​​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ត្រូវ​ការ​ពង្រីក​ទៅ​មុខ​ដូច​គ្នា​ដែរ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ដក​ចំណាប់​អារម្មណ៍​ខ្លះ​ទៅកន្លែង​ផ្សេង​ដោយ​មិនផ្ដោត​តែ​ទៅ​លើ​ផ្លូវ​ជាតិ​លេខ1 ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​យល់​ថា ​ការ​រីក​សាយ​ភាយ​នៃ​ការ​អភិវឌ្ឍ​សន្សឹមៗ​បែប​នេះ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​រីក​ដោយ​គំហុក ព្រោះ​ការ​រីក​ដោយ​គំហុក អាច​មាន​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​ដែល​នាំ​ឱ្យ​មាន​ការ​លំបាក​ដល់​ការ​រៀបចំ​ប្លង់​មេ​ពុំ​សូវ​បាន​ល្អ ហើយ​ពេលខ្លះ​ថែមទាំង​ជួប​បញ្ហា​ពិបាក​ដោះស្រាយ​ទៀតផង។

តើ​តម្លៃ​អចលន​ទ្រព្យ​នៅ​ផ្លូវ​ជាតិ​លេខ​1 មាន​ស្ថាន​ភាព​បែប​ណា?

បើ​ពិនិត្យ​លើ​ស្ថានភាព​តម្លៃ​ដី​នា​ពេល​បច្ចុប្បន្ន​យើង​ឃើញ​ថា ដី​នៅ​ម្ដុំ​គៀនស្វាយ​អាច​មាន​តម្លៃ​ក្នុង​រង្វង់​100​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ចំណែក​​ម្ដុំ​វត្ត​និរោធរង្សី តម្លៃ​អាច​លោត​ដល់​1,000​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​និង​ចាប់ពី​វត្ដ​និរោធរង្សី​​ទៅ​ដល់​គល់​ស្ពាន​ព្រះ​មុនីវង្ស​ អាច​មាន​តម្លៃ​ចន្លោះ​ពី​1,000​ដល់​4,000​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

តើ​តំបន់​នៅ​មាត់​ទន្លេ​ក្បែរ​ផ្លូវ​ជាតិ​លេខ​1 ​មាន​សក្ដានុពល​បែប​ណា​ដែរ?

ចំពោះ​ខ្ញុំ ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ជាប់មាត់​​ទន្លេ ឬ​បឹងបួ នៅ​តែ​ល្អ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ការ​នាំ​មក​នូវ​ផាសុកភាព ព្រោះ​តំបន់​នោះ​មាន​អាកាសធាតុ​បរិសុទ្ធ ដែល​មនុស្ស​ទូទៅ​តែង​ប្រាថ្នា​ចង់​បាន។​ ប្រសិន​បើ​ថ្ងៃ​ក្រោយ​ប្រជាជន​ខ្មែរ​មាន​ការ​យល់​ដឹង​ពី​​បញ្ហា​នេះ​កាន់​តែ​ច្រើន វា​នឹង​ជំរុញ​ឱ្យ​មាន​តម្រូវការ​កាន់​តែ​ច្រើន​បន្ថែម​ទៀត៕

Advertisement