Coman និង Mueller ផ្តល់​ការជឿជាក់​ដល់ Bayern មុនពេល​ប៉ះ PSG រាត្រី​នេះ

លោក Jupp Heynckes គ្រូបង្វឹក​របស់​ក្រុម Bayern Munich បាន​និយាយថា មាន​ហេតុផល​នៃ​ការ​មាន​សុទិដ្ឋិនិយម​នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​ជាមួយនឹង​ក្រុម​ខ្លាំង Paris Saint-Germain ខណៈដែល​ខ្សែប្រយុទ្ធ Thomas Mueller និង​ខ្សែបម្រើ Kingsley Coman នឹង​វិល​ចូល​ប្រកួត​វិញ បន្ទាប់ពី​ជួប​បញ្ហា​របួស។

តារា​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់ Mueller បាន​វិល​ចូល​ប្រកួត​វិញ​ក្រោយពី​អវត្តមាន5សប្តាហ៍​ដោយសារតែ​របួស​ជើង តាមរយៈ​ការបង្កើត​គ្រាប់​បាល់​ឲ្យ​ខ្សែបម្រើ Arturo Vidal និង Coman ខណៈដែល​ក្រុម Bayern ដែល​កំពុងតែ​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Bundesliga ដោយបាន​ផ្តួល​ក្រុម Hanover ក្នុង​លទ្ធផល 3-1 ក្នុង​ទីក្រុង Munich កាលពី​ថ្ងៃ​សៅរ៍។ ក្រុម Bayern បាន​ចាញ់​ក្រុម PSG ក្នុង​លទ្ធផល 3-០ កាលពី​ខែកញ្ញា ដែល​បានធ្វើ​ឲ្យ​លោក Carlo Ancelotti បាន​បាត់បង់​ការងារ​របស់​លោក ហេតុនេះ ក្រុម Bayern ត្រូវតែ​ផ្តួល​ក្រុម​យក្ស​របស់​បារាំង​មួយ​នេះ ក្នុង​លទ្ធផល 4-០ ក្នុង​ទីក្រុង Munich ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​លេខ1ក្នុង​ពូ​ល។ ក្រុម​ទាំងពីរ មាន​សុវត្ថិភាព​ក្នុងការ​ឈ្នះ​កៅអី​ទៅ​វគ្គ16ក្រុម​ចុងក្រោយ​រួចជាស្រេច​ហើយ​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​លោក Heynckes បានទទួល​នូវ​ការជឿជាក់​ដ៏​ធំ​មួយ ខណៈដែល​ក្រុម Bayern បានធ្វើ​ការស្តារ​មុខមាត់​ឡើងវិញ​ក្រោយពី​ការរង​បរាជ័យ​ដ៏​មិន​នឹកស្មាន​ដល់​នៅលើ​ទឹកដី​ក្រុម Borussia Moenchengladbach កាលពី​ថ្ងៃ​សៅរ៍​មុន។ គ្រូបង្វឹក​វ័យ72ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម​ចំពោះ​ការប្រកួត​របស់​យើង។ យើង​មានឱកាស​ជាច្រើន​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី តែ​យើង​មិនអាច​រកបាន​គ្រាប់​បាល់។ ប៉ុន្តែ ខ្ញុំ​គិតថា ជ័យជម្នះ​របស់​យើង​ពិតជា​ស័ក្តិសម​ក្នុង​កម្រិត​នេះ»។

ក្តីសង្ឃឹម​របស់​ក្រុម Bayern បានទទួល​នូវ​ការជឿជាក់​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល PSG បាន​រង​បរាជ័យ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី1របស់​ពួកគេ ក្នុង​រដូវ​កាល​នេះ តាមរយៈ​ការ​ចាញ់​ក្រុម Racing Strasbourg 2-1 ស្រប​ពេលដែល Bayern បាន​ផ្តួល​ក្រុម Hanover 3-1 ក្នុង​ទីក្រុង Munich។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement