ការចាប់អារម្មណ៍ផ្សេងៗធ្លា​ក់លើ Griezmann នៅពេល Chelsea ប៉ះ Atletico រាត្រី​នេះ

ស្រប​ពេលដែល​តារា​ឆ្នើម Antoine Griezmann សង្ឃឹមថា អាច​រក្សា​វត្តមាន​រប​ស់​ក្រុម Atletico Madrid ក្នុង​ក្របខ័ណ្ឌ Champions League នា​កីឡដ្ឋាន Stamford Bridge នា​រាត្រី​នេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ ក៏​ត្រូវតែ​បង្ហាញ​ពី​ទេពកោសល្យ​របស់គេ​ផងដែរ ដើម្បី​បង្ហាញ​ដល់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League ដែល​ចង់​ទិញ​រូបគេ។

Atletico ត្រូវតែ​ផ្តួល​ក្រុម Chelsea ក្នុងការ​ប្រកួត​នៅ​ទីក្រុង​ឡុង​ដ៍ នា​រាត្រី​នេះ និង​សង្ឃឹមថា ក្រុម Roma មិនអាច​ផ្តួល​ក្រុម Qarabag ក្នុង​រដ្ឋធានី​របស់​អ៊ីតាលី ប្រសិនបើ​ពួកគេ​ចង់​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​សម្រាប់រ​យៈ​ពេល5រដូវ​កាលជាប់ៗគ្នា។ ការធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល នឹង​ផ្តល់​ការខកចិត្ត​ដ៏​ធំ​មួយ​ដល់​ក្រុម Atletico ខណៈដែល​ការធ្លាក់​ចេញ​នេះ​អាច​នឹងធ្វើ​ឲ្យ Griezmann សម្រេចចិត្ត​ក្នុងការ​ចាកចេញ​ពីរ​ដ្ឋ​ធានី​របស់​អេ​ស្ប៉ា​ញ។ ក្រុម Atletico បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Real Sociedad ក្នុង​លទ្ធផល 2-1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ក្រុម Chelsea បាន​លត់​ក្រុម Newcastle 3-1 កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា បច្ចុប្បន្ន​ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3នៃ​ពូ​ល C ដោយមាន6ពិន្ទុ ពី​ការប្រកួត5លើក ខណៈដែល​ក្រុម Chelsea កំពុងតែ​នាំមុខ​នៅលើ​តារាង ដោយមាន10ពិន្ទុ និង​ឈ្នះ​កៅអី​ទៅ​វគ្គ16ក្រុម​ចុងក្រោយ​រួចជាស្រេច ហើយ Roma ឈរ​លេខ2 ដោយមាន8ពិន្ទុ។

ក្រុម Chelsea ក៏​ធ្លាប់បាន​ផ្តួល​ក្រុម Atletico ក្នុង​លទ្ធផល 2-1 ផងដែរ ក្នុងពេល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ កាលពី​ការប្រកួត​ជុំ​មុន​នៃ​ពូ​ល​នេះ។ ប៉ុន្តែ ក្រុម Atletico មានកំណត់​ត្រា​យ៉ាង​ល្អ​នៅលើ​កីឡដ្ឋាន Stamford Bridge តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ2លើក​ពី​ការធ្វើដំណើរ​ទៅ​ប្រកួត​ទាំង2លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Daily Stars

Advertisement